BREAKING NEWS
Search

គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ នឹង​បណ្ដុះបណ្ដាល​ឲ្យ​អត្ត​ព​លិ​ក​ជន​ពិការ​ជំនាញ​ ដល់​៣៥០ នាក់ នា​ឆ្នាំ​២០២៣

គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា ​តាមរយៈ​CADA​ និង​នាយកដ្ឋាន​អប់រំ​កាយ ​និង​កីឡា បាន​រៀបចំ​សិក្ខាសាលា ប្រឆាំង​ដូ​ប៉ា​/​ដូ​ពិ​ង រយៈពេល​២​ថ្ងៃ ពី​ថ្ងៃ​ទី​២៩ ​ដល់​៣០ ខែ​កក្កដា ឆ្នាំ​២០២០ មាន​សិក្ខាកាម​៥០​នាក់ ជា​មន្ត្រី​វេជ្ជបណ្ឌិត គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា គ្រូ​បង្វឹក និង​អត្ត​ពលិកម​ក​ពី​៩​ប្រភេទ​កីឡា​ នៅ​មជ្ឈមណ្ឌល​ជាតិ​ជន​ពិការ​តេ​ជោ​សែន។

លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ បាន​មានប្រសាសន៍ថា ឆ្ពោះ​ទៅ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ សម្រាប់​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុ ជា ដោយ​យើង​ត្រូវ​បណ្ដុះបណ្ដាល​ធនធាន​ក្នុងស្រុក​រួមមាន​ អាជ្ញាកណ្ដាល គ្រូបង្វឹក ក្រុមគ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា ដើម្បី​ជួយ​ដល់​ក្រុម​អត្ត​ព​លិ​ក​ជនពិការ​ឲ្យ​ទទួល​បាន​ជោគជ័យ​។​

លោក​បាន​បន្តថា លោក​បាន​ជួប​ជាមួយ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ី និង​សហព័ន្ធ​កីឡា​ជនពិការ​ពិភពលោក​តាម​អន​ឡាញ ដើម្បី​ជួយ​បង្ហាត់បង្រៀន​រក​ធនធាន​បច្ចេកទេស​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការចំណាយ​ថវិកាជាតិ។ ដូច្នេះ​យើង​នឹង​កាត់​បន្ថយ​អាជ្ញាកណ្ដាល​អន្តរជាតិ​បាន​មួយ​ចំនួន​ថែមទៀត​។ ​សព្វថ្ងៃនេះ​ គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា មាន​កីឡាករ​-​កីឡា​ការិនី​ជន​ពិការ​ជំនាញ​ចំនួន​១២៥​នាក់ ​ត្រៀម​ដណ្ដើម​មេដាយ​ជូន​ជាតិ​។​

លោក​អគ្គលេខាធិការ បាន​បន្ថែម​ទៀត​ថា ​ក្នុងនាម​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ លើក​ទី​១២ ឆ្នាំ​២០២៣​ ត្រូវ​បណ្ដុះបណ្ដាល​ឲ្យ​កីឡាករ​-​កីឡាការិនី​ជន​ពិការ​ជំនាញ​ចំនួន​៣៥០​នាក់ ឲ្យ​ដូច​បណ្តា​ប្រទេស​ដទៃ​ដូចជា​ ម៉ាឡេស៊ី ថៃ និង​វៀតណាម​ មាន​កីឡាករ​-​កីឡាការិនី​ជន​ពិការ​ជំនាញ​ចំនួន​ពី​៤០០​ ទៅ​៥០០​នាក់​ឯណោះ៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ ក្រសួង​អប់រំ ​ចំណាយ​ថវិកា​លើ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​ ១ ៨០០ ​លាន​រៀល ​ក្នុង​មួយ​ខែ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114