BREAKING NEWS
Search

រាជរដ្ឋាភិបាល ​ត្រៀម​ថវិកា​២០០​លាន​ដុល្លារ ​សម្រាប់​សងបំណុល​ឲ្យ​SME ​ពេល​គ្មាន​លទ្ធភាព​សង​

ភ្នំពេញ​ ៖ ​រាជរដ្ឋាភិបាល​ បាន​ត្រៀម​ថវិកា​ប្រមាណ​២០០​លាន​ដុល្លារ​អាមេរិក ​សម្រាប់​ជួយ​ដោះ​បំណុល​ឲ្យ​ SME​ ពេល​គ្មាន​លទ្ធភាព​សង​។​

គម្រោង​នេះ ​នឹង​អាច​ចេញ​រូបរាង​យ៉ាង​យូរ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ ដើម្បី​ជួយ​ជំ​រុញ​ឲ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម ​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ពង្រឹង​អាជីវកម្ម​របស់ខ្លួន​ក្រោយ​កូ​វីដ​-១៩។ នេះ​បើ យោង​តាម ​លោក រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​« ដំណើរការ និង នីតិវិធី​ នៃ​គម្រោង​ហិរញ្ញប្បទាន​ទ្រទ្រង់​សហ​គ្រាស​ធុន​តូច​ និង ​មធ្យម ​SME » ដែល​រៀបចំ​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​កក្កដា​នេះ។

លោក រស់ ស៊ី​ល​វ៉ា បាន​លើកឡើងថា ​ការផ្តល់​ហិរញ្ញប្បទាន​ដល់ SME គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ​នៃ​វិធានការ​ឆ្លើយតប​ទៅ​នឹង​ផល​ប៉ះពាល់ ​នៃ​កូ​វីដ-​១៩។

លោក រស់ ស៊ី​ល​វ៉ា បន្ត​ថា ​ជំហាន​ទី​២ ក្នុង​ការ​គាំទ្រ​ដល់​វិស័យ SME នេះ​ គឺ​រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ជា​៥០០​លាន​ដុល្លារ​ទៀត ​ក្នុង​នោះ​២០០​លាន​ដុល្លារ​ សម្រាប់​ធានា​ឥណទាន​ដល់ SME ខណៈ​ពួកគេ​បាន​ខ្ចី​ឥណទាន​ដោយ​ពុំ​មាន​ទ្រព្យ​បញ្ចាំ​ និង​៣០០​លាន​ដុល្លារ​ទៀត​ជា​ឥណ​ទាន​បន្ថែម។

លោក​រដ្ឋលេខាធិការ​សង្ឃឹម​ថា ​គម្រោង​ថវិកា​ឥណទាន​របស់​រដ្ឋ​ដ៏​ធំធេង​នេះ​ នឹង​ធានាបាន​នូវ​ការ​រស់​រាន ​នៃ​សេដ្ឋកិច្ច​កម្ពុជា ​និង​ត្រៀមលក្ខណៈ​ងើប​ឡើងវិញ​ក្រោយពេល​វិបត្តិ​កូ​វីដ​-១៩៕
អត្ថបទ ៖ ​ណា​រី​

សូមចុចអាន ៖ អង្គភាពអ្នកនាំពាក្យ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការ និងនីតិវិធីគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូច និងមធ្យម




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114