BREAKING NEWS
Search

មន្ត្រីជាន់​ខ្ពស់​ធនាគារជាតិ គាំទ្រផ្សារទំនើប អ៊ីអន(AEON) ក្នុងការប្រកាសផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារប្រភេទតូចៗ ១-៥-១០ដុល្លារ

​លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា បានគាំទ្រផ្សារទំនើប អ៊ីអន (AEON) ក្នុងការប្រកាសផ្អាកការផ្គត់ផ្គង់ប្រាក់ដុល្លារប្រភេទតូចៗ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ ហើយការអាប់ត្រឡប់ទៅអតិថិជនវិញនឹងប្រើប្រាស់ប្រាក់រៀល និងគាំទ្រការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ។ នេះបើតាមការ​ចេញ​ផ្សាយ​​លើ​ទំព័រហ្វេសបុក​​ផ្លូវ​ការ​របស់​លោ​កជំទាវមុន​នេះ។
លោកជំទាវ​ឱ្យ​ដឹង​ថា​ ចំពោះការប្រកាសរបស់ផ្សារទំនើបអ៊ីអន គាត់នៅតែទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច ប៉ុន្តែប្រសិនបើគាត់មិនមានក្រដាសដុល្លារទាំងនេះសម្រាប់អាប់ ក៏យើងមិនអាចបង្ខំគាត់អោយអាប់នូវក្រដាសទាំងនោះបានដែរ។ សំខាន់ គាត់អាចអាប់ក្រដាសប្រាក់ណាដែលគាត់មាន។ យើងទាំងអស់គ្នាគួរបន្តគាំទ្រការប្រើប្រាស់រៀលឱ្យបានទូលំទូលាយ។ នៅក្នុងមាត្រា៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជាចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ ចែងថា “ជនណាពុំព្រមទូទាត់រូបិយវត្ថុដែលមានតម្លៃនិត្យានុកូលនិងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ ដង នៃទឹកប្រាក់ដែលពុំទូទាត់នោះ”។
លោកជំទាវបន្ថែម​​ថា ជាទូទៅជប៉ុនគាត់តែងតែគាំទ្រប្រាក់រៀល តាមរយៈ ការជួយសិក្សាស្រាវជ្រាវពីការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាតាមរយៈ JICA ការទទួលយកតែប្រាក់រៀលសម្រាប់ទូទាត់ ទិដ្ឋាការ នៅស្ថានទូតជប៉ុន ការចេញមុនគេឧបករណ៍ទូទាត់តែប្រាក់រៀលតែ១គត់ របស់ធនាគារឯកទេស Aeon និងសូម្បីតែការដាក់តម្លៃជាប្រាក់រៀលក្នុងផ្សារទំនើបមុនគេក្នុងចំណោមផ្សារទំនើបទាំងអស់នៅកម្ពុជា។
ការគាំទ្រនេះ បានធ្វើឡើងបន្ទាប់ពីផ្សារទំនើប អ៊ីអន បានចេញសេចក្តីជូនដំណឹងដល់អតិថិជនរបស់ខ្លួថា ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ តទៅ ផ្សារទំនើប អ៊ីអន នឹងផ្អាកការផ្គត់ផ្គង់ក្រដាសប្រាក់ដុល្លារអាមេរិកតូចៗ ១ដុល្លារ ៥ដុល្លារ និង១០ដុល្លារ សម្រាប់ការអាប់ត្រឡប់ រាល់ប្រាក់អាប់នឹងប្រើប្រាស់ជាប្រាក់រៀលវិញ។ ប៉ុន្តែនៅបន្តទទួលប្រាក់ដុល្លារពីអតិថិជនសម្រាប់ការជាវទំនិញនៅផ្សារទំនើប អ៊ីអន រហូតដល់មានការជូនដំណឹងជាថ្មី។
អត្ថបទ៖ ជលសា