BREAKING NEWS
Search

ស្លាប់១០នាក់ក្នុងហេតុការណ៍លិចទូកនៅប្រទេស តង់ហ្សានី

មនុស្សយ៉ាងតិច១០នាក់បានស្លាប់និង៨៧នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះបន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិចនៅក្នុងបឹង Tanganyika នៃប្រទេសតង់ហ្សានីកាលពីថ្ងៃព្រហស្បតិ៍។

លោក Martin Otieno មេបញ្ជាការប៉ូលិសប្រចាំតំបន់ Kigoma បានប្រាប់ Xinhua តាមទូរស័ព្ទថា ទូកនេះបានលិចនៅប្រហែលថ្ងៃត្រង់បន្ទាប់ពីវាត្រូវបានវាយប្រហារដោយព្យុះដ៏ខ្លាំងមួយ។

លោកបាននិយាយថា “ប៉ូលិសនិងភ្នាក់ងារសន្តិសុខផ្សេងទៀតនៅតែកំពុងស្វែងរកដើម្បីកំណត់ថាតើអាចមានជនរងគ្រោះបន្ថែមទៀតដែរឬទេពីព្រោះទូកនេះមិនបានកត់ត្រាចំនួនអ្នកដំណើរឡើយ”។

កាលពីថ្ងៃទី១៦ខែកក្កដា ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសតង់ហ្សានីបានព្រមានពីខ្យល់បក់ខ្លាំងនិងរលកខ្ពស់ៗនៅបឹង Tanganyika។ ការព្យាករណ៍អាកាសធាតុបាននិយាយថា ខ្យល់បក់ខ្លាំងនិងរលកខ្ពស់ទំនងជានឹងរំខានដល់សកម្មភាពនេសាទនិងការដឹកជញ្ជូនតាមសមុទ្រ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ខែមិថុនា មនុស្សយ៉ាងតិច៩នាក់បានស្លាប់និង៥១នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីទូកមួយគ្រឿងបានលិចនៅបឹង Tanganyika នេះ៕

ប្រែសម្រួលដោយ៖ វណ្ណវណ្ណ

ប្រភព៖  Xinhua