BREAKING NEWS
Search

ប្រមុខ​អាជ្ញាធរ​កីឡា អំពាវនាវ​ឲ្យ​សហព័ន្ធ​ប្រដាល់ ​យកចិត្តទុកដាក់​ពង្រឹង​ក្លឹប ​ដើម្បី​អភិវឌ្ឍ​សហព័ន្ធ

​ប្រមុខ​អាជ្ញាធរ​កីឡា បាន​អំពាវនាវ​ឲ្យ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​សុំ​ឲ្យ​សហព័ន្ធ​ពង្រឹង​សមាគម​ក្លឹប​ដែល​មាន​សព្វថ្ងៃ ព្រោះថា​សមាគម​ក្លឹប​រួមគ្នា​បង្កើត​បាន​ជា​សហព័ន្ធ ហើយ​សហព័ន្ធ​ត្រូវ​ការពារ​ផលប្រយោជន៍​របស់​ក្លឹប បើ​គ្មាន​ក្លឹប​និង​ក្លឹប​មិន​រីកចម្រើន គឺ​សហព័ន្ធ​មិន​ដើរ​ទៅមុខ​ឡើយ​។

​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​លើក​ឡើង​បែបនេះ​នៅ​ក្នុង​ឪ​កាស​អញ្ជើញ​ចូលរួម​បិទ​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​បច្ចេកទេស​ និង​គ្រូ​បង្វឹក​កម្រិត​បឋម ដល់​គ្រូ​ប្រដាល់​គុន​ខ្មែរ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២០។​ លោក​បាន​មានប្រសាសន៍ថា ក្លឹប​ទាំងអស់​ត្រូវតែ​ចុះបញ្ជី និង​ត្រូវ​គោរព​តាម​លក្ខខ័ណ្ឌ​ ដែល​បាន​កំណត់​របស់​សហព័ន្ធ ទើបបាន​ក្លាយ​ជា​ក្លឹប​ស្របច្បាប់ មាន​សិទ្ធិ​បោះឆ្នោត​និង​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ទាំង​ នៅ​ក្នុង​ប្រទេស​ក៏ដូចជា​នៅ​អន្តរជាតិ​ដែរ។

​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឧបត្ថម្ភ​ថវិកា​នេះ​សម្រាប់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៤២​ក្នុង​គោលបំណង​ចូល​រួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​នីមួយៗ ដូច្នេះ​សហព័ន្ធ​បង្កើត​គណនី​ធនាគារ​របស់​សហព័ន្ធ​ផ្ទាល់ ព្រោះ​ក្រសួង​មិនបាន​ឧបត្ថម្ភ​បុគ្គល​ឡើយ ប្រសិនបើ​ប្រធាន​សហព័ន្ធ​បង្កើត​គណនី​ធនាគារ​របស់​ខ្លួន​ផ្ទាល់ នាយកដ្ឋាន​មិន​អនុញ្ញាត​ផ្តល់​ជូន​បាន​ឡើយ​។​ លោក​អ៊ុក សិទ្ធិ​ ជាតិ​បន្ថែម​ទៀត​ថា កីឡាប្រដាល់​គឺជា​ប្រភេទ​កីឡា​មួយ​ ដែល​មាន​សក្ដានុពល​ហើយ​ដែល​ត្រូវ​ដាក់បញ្ចូល​ នៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ដូច្នេះ​ការ​បណ្ដុះបណ្ដាល​លើក​គ្រូ​បង្វឹក​នេះ ​យើង​មិនមែន​សំដៅ​តែ​បរិមាណ​ទេ​ គឺ​ផ្ដោត​ទៅ​លើ​គុណភាព ពោល​គ្រូ​បង្វឹក​ម្នាក់ គឺ​មិនមែន​មានតែ​សមត្ថភាព​បច្ចេកទេស​ប៉ុណ្ណោះ​ទេ គឺ​ទាមទារ​ត្រូវ​ឲ្យ​ចេះ​ភាសាបរទេស​ថែមទៀត។

​គ្រូ​បង្វឹក​ ដែល​បង្ហាត់​សិស្ស​មិនមែន​ពាក់ព័ន្ធ​តែ ​នៅ​លើ​បច្ចេកទេស​ទេ គឺ​មាន​ទាក់ទង​ទៅលើ​បញ្ហា​គុណភាព​សុខភាព ព្រោះថា​មាន​កម្លាំង​ទើប​ទៅ​ហាត់​យក​បច្ចេកទេស​ហើយ​បន្ទាប់ពី​មាន​បច្ចេកទេស និង​ទៅ​ធ្វើ​ការប្រកួត ដើម្បី​លេចចេញ​ជា​ចំណាត់ថ្នាក់​និង​វាយតម្លៃ​បាន​។​លោក​បន្ត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ការ​បណ្ដុះបណ្ដាល​នេះ គឺ​ក្រសួង​បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​សហព័ន្ធ​កីឡា​ជាតិ​ដោយ​ក្រសួង​បាន​ចំណាយ​ថវិកា​ប្រមាណ ​៣.១០០​លាន​រៀល​ក្នុង​១​ឆ្នាំ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៤២ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​សហព័ន្ធ​នីមួយៗ។ ​ក្នុង​នោះ ការ​ចំណាយ​លើ​ផ្នែក​រដ្ឋបាល​ចំនួន​២០% លើ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ចំនួន​៣៥% និង​ការរៀបចំ​ការប្រកួត​៤៥% ហើយ​ការ​ផ្ដល់​ថវិកា​ជូន​ប្រព័ន្ធ​នេះ គឺ​ផ្ទេរ​តាមរយៈ​ប្រព័ន្ធ​ធនាគារ មិន​ផ្តល់​ជា​សាច់​ប្រាក់សុទ្ធ​នោះ​ទេ ដោយសារ​ខ្លាច​ធ្លុះធ្លាយ​ជ្រុះ​បាត់​តាម​ផ្លូវ។

​​សូម​បញ្ជាក់​ថា តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ថា លទ្ធផល​នៃ​ការសិក្សា​វគ្គ​នេះ តាម​ការពិនិត្យ​វាយតម្លៃ​ឃើញ​ថា​ គ្រូ​បង្វឹក​ទាំង​២៦​នាក់​ដែល​ចូលរួម​រៀន​វគ្គ​នេះ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់ ហើយ​លទ្ធផល​ ដែល​ទទួល​យក​បាន​នោះ ផ្អែក​ទៅតាម​សមត្ថភាព ដែល​ធ្លាប់​ឆ្លងកាត់​ជា​គ្រូ​បង្វឹក​ផង និង​តាម​កម្រិតវប្បធម៌​ផង​ដែរ ពោល​គឺ​អាច​ទទួលយក​បាន ក្នុង​នោះ​សិក្ខាកាម​ទទួល​បាន​លទ្ធផល ល្អ​មាន​ចំនួន ១០ នាក់ ល្អ​បង្គរ​មាន​ចំនួន ១១ នាក់ និង មធ្យម មាន​ចំនួន ០៥ នាក់។ ​លោក​ប្រធាន​សហព័ន្ធ​បាន​លើកឡើងថា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ មាន​ជំនឿ​ជឿជាក់​ថា ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ យើង​អាច​មាន​គ្រូ​បង្វឹក កីឡាករ កីឡាការិនី ល្អ​ឆ្នើម​ជាច្រើន​ចូលរួម​ប្រកួត​កីឡា​ទាំង​ជាតិ​អន្តរជាតិ ជា​មួយ​និង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន និង​ទទួល​បាន​លទ្ធផល​ល្អ​ទៀត​ផង៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖