BREAKING NEWS
Search

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ប្រតិកម្ម​ក្រោយ​លោក រ៉ុង ឈុន ចោទថា ការ​បោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​១១៩ មាន​ភាព​មិន​ប្រក្រតី

ភ្នំពេញ ៖ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​សេចក្តី​ថ្លែងការណ៍​របស់​លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ដែល​បាន​ចោទប្រកាន់​អំពី​ភាព​មិនប្រក្រតី នៃ​ការបោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​១១៩​។

ប្រតិកម្ម​របស់​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ធ្វើឡើង​បន្ទាប់ពី​លោក រ៉ុង ឈុន បានធ្វើ​សេចក្ដីថ្លែងការណ៍​មួយ​ចោទប្រកាន់​ថា ការ​បោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​១១៩ មាន​ភាព​មិន​ប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅ​ខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិកតារ ហើយ​បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មកដល់​ការ​បោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូល​មក​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា​។ ខ្សែបន្ទាត់​ព្រំដែន​ចេះតែ​រំកិល​បន្តិច​ម្ដងៗ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​៣​គីឡូម៉ែត្រ និង​ថា​អាជ្ញាធរ​វៀតណាម​បាន​ចូលរួម​បណ្ដេញ និង​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ពី​ដីធ្លី ចូល​ប្រមាណ​ជាង ២០០​ម៉ែត្រ​ក្នុង​ទឹកដី​ខ្មែរ ហើយ​អាជ្ញាធរ​ខ្មែរ មិនបាន​ទប់ស្កាត់​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​មក​លើ​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នោះឡើយ​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​លោក​រ៉ុង ឈុន និង​គូកន​ថា មាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ដោយមាន​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភាន់​សាធារណមតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចំការ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ជាមួយគ្នា​នោះ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​វៀតណាម​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ការ​បង្កបង្កើនផល​លើដី​នោះ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​រង់ចាំ​ការ​បោះបង្គោល​រួចរាល់​ទើប​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចម្ការ​លើ​ដី​នោះ​វិញ​។

គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ថា ការ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះទេ និង​ពុំមាន​អាជ្ញាធរ​វៀតណាម​ចូល​មក​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ដាំ​ដុះ​នៅ​លើដី​ខ្មែរ​ប្រមាណ​២០០​ម៉ែត្រ​នោះទេ​។ ចំពោះ​ការ​អះអាង​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បានស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្អាក​បង្កបង្កើនផល​ជា​បណ្ដោះអាសន្ន​នោះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​អះអាងថា គឺជា​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ ពីព្រោះ​ជាគោលការណ៍​ក្នុង​ការធ្វើ​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា នឹង​រក្សាទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន និង​កំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំងនោះ ហើយ​បន្ត​ការគ្រប់គ្រង និង​កាន់កាប់​បង្កបង្កើនផល​ដដែល ហើយ​រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​សង​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ ក្រោយ​ការ​បោះបង្គោល​ព្រំដែន ដូច​ការ​លើក​ឡើង​របស់​ជន​ខិលខូច​នៅឡើយ​។

បើ​តាម​គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​កិច្ចការ​ព្រំដែន បច្ចុប្បន្ន​ទោះបី​ការ​បោះបង្គោល និង​ខណ្ឌសីមា​ព្រំដែន បាន​រួចរាល់​ហើយ​នៅ​តំបន់​នោះ​ក្តី ទោះជា​ដី​នៅ​តំបន់​នោះ​ស្ថិតនៅក្នុង​អធិបតេយ្យភាព​កម្ពុជា​ក្តី ភាគី​ទាំងពីរ​ត្រូវ​រង់ចាំ និង​គោរព​តាម​ស្មារតី​នៃ​សេចក្តីប្រកាស​ព័ត៌មាន​រួម​ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​១៩៩៥ ស្តីពី​ការ​រក្សា​ស្ថានភាព​ដដែល រហូតដល់​ភាគី​ទាំងពីរ ធ្វើការ​ផ្លាស់ប្ដូរ​លិខិតុបករណ៍​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០១៩ និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា នា​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ រួចរាល់​សិន​។ ទើប​មាន​សិទ្ធិ​អនុវត្ត​កាន់កាប់​ស្របតាម​លក្ខខណ្ឌ ដែល​បាន​ព្រមព្រៀងគ្នា ហើយ​ដែល​ការងារ​នេះ នឹង​ធ្វើ​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។

ជាមួយគ្នា​នោះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ ទាំង​ក្នុង និង​ក្រៅប្រទេស​កុំ​ជឿ​តាម​ការបោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការពារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់​នេះ អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចូលរួម​ថែរក្សា​ចំណែក​ដី​ទាំងនោះ និង​ទប់ស្កាត់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ជន​ទាំងឡាយ​ណា ដែលមាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បន្លំ​ធ្វើឯកសារ​ដោយ​ខុសច្បាប់ ក្នុង​គោលបំណង​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា ក្នុង​កិច្ចការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​លទ្ធផល ៨៤​ភាគរយ នៃ​ខ្សែ​ព្រំដែន​រួម និង​កំពុង​បន្តធ្វើ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​១០០​ភាគរយ ដើម្បី​ធានាបាន​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ មិន​ឲ្យ​ជាតិ និង​ប្រជាជន​ខាតបង់​ឡើយ​៕
កោះ​កែវ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114