BREAKING NEWS
Search

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់​សមាជ​លើកដំបូង​របស់​គណបក្ស “​កម្លាំង ប្រជាធិបតេយ្យ​”

​ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ នេះ បាន​ប្រកាស​ទទួលស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស “​កម្លាំង​ប្រជាធិបតេយ្យ​” ដែលមាន​លោក អ៊ុន វិ​សិទ្ធ​គុន ជា​ប្រធាន នេះ​បើ​យោងតាម​លិខិត ដែល​ផ្ញើជូន​ប្រធាន​នេះ​។

យោង​តាម​លិខិត​ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ដែល​សម្ដេច​ក្រឡាហោម ស ខេង ផ្ញើ​ទៅកាន់​លោក អ៊ុន វិ​សិទ្ធ​គុន សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ថា ក្រសួងមហាផ្ទៃ​ទទួលស្គាល់​លទ្ធផល​សមាជ​លើកដំបូង​របស់​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ ដោយ​បាន​បោះឆ្នោត​អនុម័ត​ជ្រើសរើស ទី​១, លោក អ៊ុន វិ​សិទ្ធ​គុន ជា​ប្រធាន​គណបក្ស ទី​២, លោក នួន ថា ជា​អនុប្រធាន​គណបក្ស ទី​៣, លោក អឿង គ​ន្ធា ជា​អគ្គហិរញ្ញិក​គណបក្ស និង​ទី​៤, លោក ហេង សុធា ជា​អគ្គលេខាធិការ​គណបក្ស ព្រមទាំង​បានសម្រេច​ធ្វើការ​ផ្លាស់ប្ដូរ​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស មកពី​ទីតាំង​ផ្ទះ​លេខ​៥១១ ផ្លូវលំ ភូមិ​ថ្មគោល​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ​បានសម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ក្នុង​បញ្ជី​គណបក្សនយោបាយ កល​ពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាពជា​ផ្លូវការ ដោយមាន​ឈ្មោះ​សរសេរ ជា​អក្សរ​កាត់ “​គ​.​ក​.​ប​” និង​មាន​អាស័យ​ដ្ឋាន នៃ​ទីស្នាក់ការ​កណ្ដាល​តាំង នៅផ្ទះ​លេខ​៦៦៧E ផ្លូវលំ ភូមិ​៧ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លោក អ៊ុន វិ​សិទ្ធ​គុន ធ្លាប់​បាន​និយាយ​ថា ការបង្កើត​គណបក្ស​ក​ម្លាំ​ង​ប្រជាធិបតេយ្យ​នេះ គឺ​ដើម្បី​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង​នូវ​របប​មួយ​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ជាក់ស្តែង មិនមែន​និយាយ​គ្រាន់តែ​ជា​ពាក្យស្លោក​ប៉ុណ្ណោះ​ទេ​។ លោក​បន្តថា មាន​គណបក្ស​មិនតិច​ទេ បាន​យក​ប្រជាធិបតេយ្យ​ទៅ​និយាយ​លើ​វេទិកា​។ តែ​គណបក្ស​ទាំងនោះ នៅតែ​បរាជ័យ​។ ដេក​ស្តាយ​លុយ ស្តាយ​កម្លាំង​ដែល​ប្រឹង​កន្លងមក​។​
​លោក អ៊ុន វិ​សិទ្ធ​គុណ លើកឡើង​ទៀតថា លោក​មិន​ចង់​ឲ្យ​មាន​របប​មួយ​បំបិទ​សិទ្ធិ​បញ្ចេញមតិ​ជា​សាធារណៈ ហើយ​បែរជា​និយាយថា សេរីភាព​ប្រជាធិបតេយ្យ​មាន​គ្រប់បែបយ៉ាង​។ គណបក្ស​ខ្លះ​គិតតែ​បញ្ឆេះ​ឲ្យ​ពលរដ្ឋ​ស្អប់​គ្នា ហើយ​មិនដែល​គិតពី​រក​គន្លឹះ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ពលរដ្ឋ​មានចំណេះដឹង​ខាង​លើកកម្ពស់​ប្រាក់ចំណូល​រស់នៅ​បាន​ប្រសើរ​នោះទេ​។

លោ​កថា ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ដែល​ព្រួយបារម្ភ និង​ខ្វល់ខ្វាយ​ជាងគេ គឺ​ខ្វះ​មុខរបរ​បង្កើន​ប្រាក់ចំណូល​ជូន​យុវជន និង​ពលរដ្ឋ ហើយ​ត្រូវតែ​រក​មធ្យោបាយ​កាត់បន្ថយ​ការចំណាយ​ច្រើន​កុំ​ឲ្យ​ពលរដ្ឋ​ជំពាក់​បំណុល​ច្រើន​។ ជាមួយគ្នា​នោះ លោក​ក៏​ចង់​ផ្តល់​ឱកាស​ឲ្យ​យុវជន​ណា ដែល​ចង់​ចេះ​មុខ​ជំនួញ​ខ្នាតតូច​ធ្វើជា​ទុន​បង្កើត​មុខរបរ​ផង​ដែរ​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114