BREAKING NEWS
Search

សូម​ស្វែងយល់​អំពី​ជំងឺ​ដុំ​សាច់​នៅ​ភ្នាស​ក្នុង នៃ​ស្បូន

ដុំ​សាច់​នៅ​ភ្នាស​ក្នុងនៃ​ស្បូន គឺជា​ដុំ​សាច់​ដែល​កើតឡើង​នៅក្នុង​ស្រទាប់​សាច់ដុំ​ស្បូន ដែល​ដុះ​ចូល​ទៅ​ក្នុង​ប្រហោង​ស្បូន ដែល​ចែកចេញជា​៣​កម្រិត ​៖
– ទី​១(Grade 0): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Endometrial fibroma pedunculated) មាន​ទង​ច្បាស់លាស់ មាន​ទំហំ​មិន​លើសពី ៣​សង់ទីម៉ែត្រ។​
– ទី​២(Grade 1): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Partial intramural endocavity angle of protrusion < 90o) ដែលមាន​ទង​ធំ ស៊ី​ចូល​ទៅដល់​សាច់ដុំ​ស្បូន។​ – ទី​៣(Grade 2): ដុំ​សាច់​ដែល​ដុះ​នៅ​ភ្នាស​ក្នុងនៃ​ស្បូន (Predominantly intramural endocavity angle of protrusion > 90o) ដែលមាន​ទំហំ​ធំ​ស៊ី​ចូល​ទាំង​ភ្នាស​ក្នុង និង​សាច់ដុំ​នៃ​ស្បូន មិនមាន​ទង​ច្បាស់លាស់​ហើយ​ទំហំ​ធំ​លើសពី​៥​សង់ទីម៉ែត្រ​។​

១) មូលហេតុ​ ៖
– ជំងឺ​នេះ​កើតមាន​តែ​លើ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​
– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែល​លើស​ជាតិ​អ័រម៉ូនអ៊ឺ​ស្ត្រូ​ហ្សែ​ន​
– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែលមាន​វិបត្តិ​អ័រម៉ូន​
– ជំងឺ​នេះ​កើត​លើ​ស្ត្រី​ដែលមាន​វដ្ត​រដូវ​មិន​ទៀងទាត់​
– កត្តា​ចំណីអាហារ បរិយាកាស និង​កត្តា​សង្គម​

* ជំងឺ​នេះ​មិនអាច​កើតមាន​ចំពោះ​ស្ត្រី​មិនទាន់​ពេញវ័យ ហើយ​ជំងឺ​នេះ​នឹង​អាច​បាត់​ទៅវិញ​នៅពេល​ដែល​ស្ត្រី​មាន​វ័យ​ចំណាស់ (​ស្ត្រី​អត់​រដូវ​)​។​

២) រោគសញ្ញា​ ៖
ស្ត្រី​ដែលមាន​ជំងឺ​នេះ​ធ្វើ​ឲ្យ​មាន​រោគសញ្ញា​ដូចតទៅ​
– ធ្លាក់​ឈាមរដូវ​ច្រើន
– រយៈពេល​មាន​រដូវ​អូសបន្លាយ​យូរ​ខុសធម្មតា​
– ធ្លាក់ឈាម​តាម​ទ្វារមាស​ខុសធម្មតា ក្រៅពី​ពេល​មាន​រដូវ​
– មាន​ការឈឺ​ចុកចាប់​ពេល​មាន​រដូវ​
– អាច​បណ្តាល​ឲ្យ​ធ្លាក់ឈាម​ពេល​មាន​ផ្ទៃពោះ​
– អាច​បណ្តាល​ឲ្យ​រលូត​កូន​នៅ​ត្រីមាស​ដំបូង​
– បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន​

៣) ការព្យាបាល​ ៖
ក្នុងករណី​ពុំមាន​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្លាក់ឈាម ឬក៏​មាន​វិបត្តិ​ផ្សេងៗ គេ​ពុំ​ធ្វើការ​វះកាត់​ទេ ដោយ​គ្រាន់តែ​ធ្វើការ​តាមដាន​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​ជាប្រចាំ​។ ប៉ុន្តែ​ក្នុងករណី​មាន​ធ្លាក់ឈាម​ច្រើន​ខុសធម្មតា និង​បង្ក​ឲ្យ​មាន​វិបត្តិ​អត់​កូន យើង​ត្រូវធ្វើ​ការវះកាត់​ដុំ​សាច់​នេះ​ចេញ ដោយ​គ្រូពេទ្យ​ឯកទេស​រោគ​ស្ត្រី​តាមរយៈ​ម៉ាស៊ីន​ឆ្លុះ​ប្រហោង​ក្នុងនៃ​ស្បូន​បច្ចេកវិទ្យា​ចុងក្រោយ (Modern hysteroscopy of diagnosis and operative procedure) នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

សូម​បងប្អូន​ស្ត្រី លោកស្រី មេត្តា​មក​ពិគ្រោះ និង​ពិនិត្យ​រោគ​ស្ត្រី​ឲ្យបាន​ទាន់ពេលវេលា​ក្នុងករណី​មាន​រោគសញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាងលើ​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ ហេតុអ្វី​បានជា​កើត​ជំងឺ​ក្រិន​ថ្លើម​?

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114