BREAKING NEWS
Search

ធុំក្លិន​ស្អុយ​ ទើប​ដឹង​ថា​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ចង.ក​ សម្លាប់​ខ្លួន​ ក្នុង​បន្ទប់​ជួល​

ភ្នំពេញ ៖ នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ទើប​តែ​មក​ជួល​ផ្ទះ​ស្នាក់​នៅ​បាន​ជិត​១​ខែ​ ក៏​ស្រាប់តែ​ឃើញ​ចង.ក​ សម្លាប់​ខ្លួន ​ដោយ​មិនដឹង​មូលហេតុ​។

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​៣១ ​ខែ​កក្កដា ឆ្នាំ​២០២០​នៅ​ក្នុង​បន្ទប់​ជួល​លេខ C២៧ ទីតាំង​ផ្ទះ​លេខ ៦១៩ ផ្លូវ​លេខ ៩៩A ភូមិ​ទួល​សង្កែ សង្កាត់ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ។ សព​នារី​ខាង​លើ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ និង​ទីលំនៅ នោះ​ទេ​។

​តាម​ការ​ឲ្យ​ដឹង​ពី ​ឈ្មោះ រ៉ា​យ វីន ភេទ​ស្រី ​អាយុ​៣២ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ដែល​ជួល​បន្ទប់​ក្បែរ​ជនរងគ្រោះ​ បានឲ្យ​សមត្ថកិច្ច​ដឹង​ថា​ កាលពី​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០២០​ ជនរងគ្រោះ​បាន​មក​ជួល​បន្ទប់​កើតហេតុ​ខាងលើ​ស្នាក់នៅ​តែ​ម្នាក់​ឯង។ លុះដល់​ថ្ងៃ​ទី​២៦ ខែ​កក្កដា​ ឆ្នាំ​២០២០ វេលា​ម៉ោង១១​ព្រឹក ជន​រង​គ្រោះ​បាន​ចេញមក​ហាល​ខោអាវ​ខាងក្រៅ​បន្ទប់ ហើយ​ម៉ោង​៥​ល្ងាច ​មេឃ​ភ្លៀង​នាង​ឈ្មោះ​រ៉ា​យ វីន​ ក៏​ចេញ​មក​សារ​ខោអាវ​ទុក តែ​ពុំ​ឃើញ​ជនរងគ្រោះ​ចេញ​មក​សារ​ខោអាវ​ទេ។

​រហូតដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង៥​ល្ងាច​ ស្រាប់តែ​ធុំក្លិន​ស្អុយ​ចេញពី​បន្ទប់​ជនរង​គ្រោះ នាង​ក៏​ទៅ​ប្រាប់​អ្នកមើល​ខុសត្រូវ​ផ្ទះ​ជួល រួច​ក៏​នាំគ្នា​ឡើង​មក​មើល​ទាំងអស់គ្នា ​ដោយ​ទ្វារ​បន្ទប់​ជាប់​គន្លឹះ​ពី​ខាងក្នុង ក៏​ទាញ​បង្អួច​កញ្ចក់​មើល ឃើញ​នារី​រងគ្រោះ​ចង.ក ​ជាប់​នឹង​ចម្រឹង​ដែក​បង្អួច​ឡើង​ហើម​ស្អុយ​បាត់​ទៅ​ហើយ​។

ក្រោយពី​ចុះ​ពិនិត្យ​ជាក់ស្ដែង ​សមត្ថកិច្ច​ សន្និដ្ឋាន​ថា​ ជនរងគ្រោះ​ស្លាប់​ដោយ​ចង.ក ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​។

សព ​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ​រង់ចាំ​សាច់ញាតិ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕
អត្ថបទ ៖​ ឌី​រៀ​

សូមចុចអាន ៖ ប្រទះឃើញសពស្ត្រីបម្រើ​ស្រា​បៀ​ម្នាក់ដេកស្លាប់​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114