BREAKING NEWS
Search

បុរស​កូន​ពីរ​ម្នាក់ ​មក​លោតទឹក​សម្លាប់​ខ្លួន ​ដោយសារ​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​ប្រពន្ធ​

​ភ្នំពេញ ​៖ ​បុរស​កូន​ពីរ​នាក់ ​ម្នាក់​ ដោយ​មាន​បញ្ហា​ជាមួយ​គ្រួសារ បានសម្រេច​ចិត្ត​ជិះ​ម៉ូតូ​មក​លោត​ទឹក​សម្លាប់ខ្លួន​លើ​ស្ពាន​ជ្រោយចង្វារ។ ​ប៉ុន្តែ​ការ​លោតទឹក​នោះ​មិន​ស្លាប់​ដូច​បំណង​នោះ​ទេ ​ដោយ​សារ​តែ​គាត់​ចេះ​ហែល​ ហើយ​ម្យ៉ាងវិញទៀត​ត្រូវបាន​គេ​មក​ជួយ​ទាន់​ពេល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី ​យប់​ថ្ងៃទី​៣១ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ​ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​នោះ​បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ជនរង​គ្រោះ​​ជិះ​ម៉ូតូ​មួយគ្រឿង​ ម៉ាក​អាយ​ខុន​ ពណ៌​ផ្កាឈូក ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AG3747 ​លើ​ស្ពាន​ជ្រោយ​ចង្វារ​ចាស់។ ​ស្រាប់តែ​មកដល់​ពាក់កណ្តាល​ស្ពាន​ ក៏​ឈប់​ម៉ូតូ​ ហើយ​លោត​ចុះចូល​ក្នុង​ទន្លេ​ចៃដន្យ​អី​សំណាងល្អ​ហើយ​ដែល​មាន​បុរស​៣​នាក់​គាត់​បាន​ប្រទះឃើញ​ជនរងគ្រោះ​កំពុង​ហែល​ទឹក​ព្រមទាំង​ស្រែកហៅ​ឲ្យ​ជួយ​ផងៗ​។ ពេលនោះ​បុរស​ក្លាហាន​ទាំង​០៣​នាក់​នោះ​ក៏នាំ​គ្នា​លោត​លើ​ស្ពាន​ទាំងអស់គ្នា​ទៅ​ជួយ​ជនរងគ្រោះ​នាំមក​មាត់ច្រាំង​ខាងលិច​ឡើងគោក​តែម្ដង​។​

​ពេល​ដែល​រួចផុត​ពី​សេចក្តី​ស្លាប់​ហើយ​នោះ ​ជនរងគ្រោះ​រូបនោះ ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​របស់​គាត់​ឡើយ​ ដោយ​គាត់​គ្រាន់តែ​ពោល​ប្រាប់ថា ​មូលហេតុ​ដែល​គាត់​សម្រេចចិត្ត​គិត​ខ្លី​បែបនេះ ​គឺ​មកពី​គាត់​រស់នៅ​មិន​ចុះសម្រុង​ជាមួយ​ប្រពន្ធ​របស់​គាត់​។ ​សព្វថ្ងៃ​មាន​កូន​ចំនួន​០២​នាក់​ ដែល​កូន​ប្រុស​បង​មាន​អាយុ​២០​ឆ្នាំ​ហើយ ​និង​កូនស្រី​ប្អូន​មាន​អាយុ​១០​ឆ្នាំ​។​ ដោយ​បញ្ហា​នេះ​ហើយ ​បានធ្វើ​ឲ្យ​គាត់​គិត​ច្រើន ​រហូត​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់ខ្លួន​ដូច្នេះ​តែម្ដង​។​

​បន្ទាប់ពី​អ្នកជិតខាង​បាននាំគ្នា​លួងលោម ​ដើម្បី​កុំ​ឲ្យ​បុរស​រូបនោះ​មានបំណង​គិត​ខ្លី​ដូច្នេះ​តទៅទៀត​​ជនរងគ្រោះ​រូបនោះ ​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​សំបែង​រប​ស់​ខ្លួន​វិញ​ផង​ដែរ​៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ គ្រួសារ​ស្ដីបន្ទោស​តិចតួច ​បុរស​ចិត្តខ្លាំង​ម្នាក់ ​មក​លោតទឹក​សម្លាប់​ខ្លួន ទាល់តែ​ហើម​អណ្តែត​ទឹក ​ទើប​រក​ឃើញ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114