BREAKING NEWS
Search

បាយ័ន ​បើក​សង្វៀន​ថ្មី​១​កម្មវិធី​ទៀតហើយ សម្រាប់​បម្រើ​ទស្សនីយភាព​ និង​អារម្មណ៍​អ្នកគាំទ្រ​ប្រដាល់

ស្ថានីយ​ទូរទស្សន៍​បាយ័ន បើក​សង្វៀន​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ថ្មី​១​កម្មវិធី​ទៀត ហើយ «​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​មិត្តភាព​ជាតិ​ និង​អន្តរជាតិ MATTRID BEER» ដែល​ប្រកួត​រៀងរាល់​ព្រឹក​ថ្ងៃ​សៅរ៍ ចាប់​ពី​វេលា​ម៉ោង​០៨​និង​០០​នាទី​ព្រឹក រហូតដល់​ម៉ោង​១០និង​០០​នាទី​។

លោក នាង ស៊ី​វុត្ថា ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២០​នេះ​ថា សម្រាប់​កម្មវិធី​ប្រដាល់​ថ្មី MATTRID BEER នឹង​បំពេញ​តម្រូវការ​អ្នកគាំទ្រ​កីឡាប្រដាល់​គុន​ខ្មែរ​បន្ថែម​ទៀត ដើម្បី​ជា ការ​កម្សាន្ត​សប្បាយ​ចុង​សប្ដាហ៍​។

​កម្មវិធី នឹង​រៀបចំ​ឲ្យ​មានការ​ប្រកួត​អន្តរជាតិ ទោះបីជា​ពេលនេះ​មិនទាន់​ផ្គូផ្គង​អ្នក​ប្រដាល់​បរទេស​បាន​ក៏ដោយ ក៏​ពេលខាងមុខ ​នឹងមាន​គូ​អន្តរជាតិ​ធ្វើការ​ប្រកួត​ដែរ ហើយ​ជាមួយនេះ នឹង​មាន​កម្មវិធី​ពិសេសៗ​ជា​បន្តបន្ទាប់​នៅពេល​ខាងមុខនេះ​ផង​ដែរ​។​

គិតដល់​ពេលនេះ គឺមាន​៧​កម្មវិធី​ប្រកួត​ហើយ ទី​១-កម្មវិធី​ប្រដាល់ Kubota ទី​២​-កម្មវិធី​ប្រដាល់​ថ្មី MATTRID BEER ទី​៣​-កម្មវិធី​ប្រដាល់​POPEMES ទី​៤​-កម្មវិធី​ប្រដាល់ WURKZ ទី​៥​កម្មវិធី​ប្រដាល់ Cambodia Beer ទី​៦​-កម្មវិធី​ប្រដាល់ Boostrong និង​ ទី​៧​-កម្មវិធី​ប្រដាល់។

លោក​ឧត្ដមសេនីយ៍​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ក្នុង​សន្និសីទ​សារព័ត៌មាន មិន​បាន​ភ្លេច​ក្រើន​រម្លឹក​ដល់​មន្ត្រី​បច្ចេកទេស និង​កីឡាករ​ប្រដាល់​គ្រប់ៗ​រូប​ត្រូវតែ​រៀបចំខ្លួន​ឲ្យ​បានល្អ។

បើជា​មន្ត្រី​បច្ចេកទេស​ត្រូវតែ​ខិតខំ​បំពេញការងារ​ឲ្យ​អស់ពី​សមត្ថភាព ទាំង​អាជ្ញាកណ្ដាល​-​ចៅក្រម ត្រូវតែមាន​ភាព​សុចរិត​ក្នុង​ការងារ។ ចំពោះ​កីឡាករ ក៏​ត្រូវតែ​ព្យាយាម​ហ្វឹកហាត់ និង​ធ្វើខ្លួន​ឲ្យ​សក្ដិសម​ជា​កីឡាករ​ដែលមាន​ក្រមសីលធម៌ ហើយក៏​ត្រូវ​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ផង​ដែរ​។​

ការប្រកួត​ថ្ងៃ​បើកឆាក​សង្វៀន​ថ្មី​MATTRID BEER សម្រាប់​ការប្រកួត​ថ្ងៃ​បើកឆាក​សង្វៀន​ថ្មី នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០១ ខែ​សីហា ឆ្នាំ​២០២០ នោះ រួមមាន​៤​គូ ដែល​សុទ្ធ​ជា​គូ​មិត្តភាព​ជាតិ​ល្បីៗ​។ ​ក្នុង​នោះ ឈឿង ល្វៃ ក្លិប​នាគរាជ​ចតុមុខ ចាញ់​សន្លប់​ធំ​ក្រោម​កណ្តាប់ដៃ​អ្នកលេង ​ឈួន រិទ្ធី សមាគម​កីឡា ប្រដាល់​កងយោធពលខេមរភូមិន្ទ​ក្នុង​ទឹក​ទី​២ ខណៈ​គូ​ខ្លាំង​១​គូ​ទៀត នោះ​ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ចាញ់​កីឡាករ ប៊ុន សុធា សមាគម​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ​។​ចំពោះ​ពីរ​គូ​ទៀត​នោះ ពេជ្រ ប៊ុន​សិទ្ធ ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ចាញ់​ពិន្ទុ រិ​ន ដេវីត ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ហើយ ម៉ិ​ល សារុន ក្លិប​អាណាចក្រ​គុន​ខ្មែរ ឈ្នះ​សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ៕
អត្ថបទ ៖ ​វិ​សិទ្ធ​

សូមចុចអាន ៖ លោក តែម ម៉ឺន​ ៖ ​គ្រូបង្វឹក និង​អត្ត​ព​លិ​ក​ប្រដាល់​គុន​ខ្មែរ​ឆ្នើម​ជាច្រើន​ចូលរួម​ប្រកួត​កីឡា sea games លើក​ទី​៣១ និង​លើក​ទី​៣២



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114