BREAKING NEWS
Search

លោកជំទាវ ម៉ែន សំអន ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់មូលដ្ឋាន​ បន្ត​សហកា​រ​គ្នា​បន្ថែម​ទៀត ​ដើម្បី​ភូមិ/ឃុំ​មាន​សុវត្ថិភាព

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ផ្ដាំផ្ញើ​ឲ្យ​អាជ្ញាធរ​ និង​កង​កម្លាំង​នគរបាល​គ្រប់​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ បន្ត​សហការ​គ្នា​បន្ថែម​ទៀត​ ដើម្បី​ភូមិ/ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​កក់ក្ដៅ​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ​​បាន​ថ្លែង​នូវ​ការ​ផ្ដាំផ្ញើ​បែបនេះ ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា ​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ខែ​សីហា​ នៅ​មន្ទីរ​បក្ស​ខេត្ត​ស្វាយរៀង កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០២០​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ក៏បាន​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ ពី​សំណាក់​ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង ​អាជ្ញាធរ​ សមត្ថកិច្ច​ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ដោយ​ សម្ដេច ​ទាំង​ទ្វេ ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ​។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​បន្ត​ទៀត​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ បាន​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព និង​បាន​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន ក្នុង​ន័យ​ពង្រឹង និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភូមិ/ ឃុំ មាន​សុវត្ថិភាព ក៏ដូចជា គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង។ ជាពិសេស ការ​ដាក់​ឲ្យ​អនុវត្ត​នូវ​ការ​ផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១ និង ក្រ​២ អំឡុង​ពេល​ដែល​មេរោគ​កូ​វីដ​-១៩ បាន​និង​កំពុង​រាតត្បា​ត​នៅ​លើ​ពិភព​លោក។ អាជ្ញាធរ​សមត្ថកិច្ច​ ជា​កម្លាំង​ដ៏​សំខាន់​បំផុត ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ​ ជូន​ប្រជាពលរដ្ឋ​ភូមិ/ឃុំ របស់​យើង ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ដែល​កើតមានឡើង​ក្នុង​មូលដ្ឋាន​។ ជាពិសេស ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ពេល​មាន​ករណី​បទល្មើស​ផ្សេងៗ​កើតមានឡើង ត្រូវ​នៅ​ជាប់ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាប្រចាំ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ត្រូវ​បន្ត​រក្សា​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​បង្ការ និង​ការពារ​ នូវ​ការ​ឆ្លង​រីក​រាលដាល​ នៃ​ជំងឺ​កូ​វីដ​-១៩ នៃ​រលក​ទី​២ ដោយ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ​ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ ជាដើម។​ ចំណែក​ឯ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវតែ​បន្ត​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា៕
អត្ថបទ ៖ វិមាន​

 

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114