BREAKING NEWS
Search

អ្នកនាំពាក្យ​ ៖​ ​ភូមិ​ចំនួន​២៥០​ទៀត​ មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ

ភ្នំពេញ ៖ លោក វិចទ័រ ហ្សូ​ណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​មានប្រសាសន៍ថា​ រហូតមក​ដល់​ពេល​នេះ ​មាន​ភូមិ​ចំនួន​២៥០​ភូមិ​ទៀត​ ក្នុងចំណោម​ភូមិ​សរុប​ ១៤ ៨៦៨ ​ភូមិ ​នៅ​ទូទាំង​ប្រទេស​​មិន​ទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅឡើយ​ទេ​។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល ​បាន​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ដល់​ភូមិ​ប្រជាពលរដ្ឋ​ប្រមាណ ​១៤ ៦១៨​ ភូមិ​ ស្មើនឹង​៩៧​ភាគរយ ​ក្នុងចំណោម​ភូមិ​សរុប​ ១៤ ៨៦៨ ​ភូមិ ​នៅ​ទូទាំង​ប្រទេស​ នៅសល់​៣​ភាគរយ​ ស្មើនឹង​២៥០​ភូមិ​ទៀត​ នៅ​មិនទាន់​ភ្ជាប់ ​ដោយសារ​ភូមិ​ខ្លះ​​ឆ្ងាយ​ដាច់​ស្រយាល​ និង​ខ្លះ​ទៀត​ ជា​ភូមិ​ទើប​បង្កើត​ថ្មី​។

លោក វិចទ័រ ហ្សួ​ណា បាន​បន្ត​ថា ​យ៉ាងណាក៏ដោយ​ រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ខិតខំ​ស្វែងរក​ប្រទេស​ជា​មិត្ត ​និង​ក្រុមហ៊ុន​ដៃគូ​ផ្សេងៗ​ ដើម្បី​ធ្វើយ៉ាងណា​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន​គ្រប់​ភូមិ​នា​ពេល​ខាងមុខនេះ​។​

លោក​បន្ត​ទៀត​ថា​ ជាក់ស្ដែង​នៅ​ចុង​ឆ្នាំនេះ​ ឬ​ដើម​ឆ្នាំក្រោយ​ នៅពេល​ទទួលបាន​ប្រាក់កម្ចី​ពី​រដ្ឋា​ភិបាល​ចិន​ប្រមាណ​៨២​លាន​ដុល្លារ​អាមេរិក ​រដ្ឋាភិបាល ​នឹង​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​រង​អគ្គិសនី​តង់ស្យុង​ចំនួន​២២​គីឡូវ៉ុល ​និង​៣៥​គីឡូវ៉ុល ​ដែលមាន​ប្រវែង​ប្រមាណ​២៩៧០​គីឡូម៉ែត្រ​ ព្រមទាំង​ដំឡើង​ត្រង់​ស្វ័​រ​ម៉ា​ទ័​រ​គ្រប់​ប្រភេទ គ្របដណ្ដប់​ដល់​ភូមិ​ចំនួន​១៣៣​ភូមិ ​នៅ​តំបន់​ជនបទ ​ក្នុង​ខេត្ត​ចំនួន១៤។

លោក​បាន​បន្ថែម​ទៀត​ថា​ ប្រាក់កម្ចី​នេះ ​នឹង​ចុះហត្ថលេខា​ជាមួយ​ភាគី​ចិន​នៅ​ពេល ​សម្ដេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នា​ប្រទេស​ចិន​ នៅ​ពាក់កណ្ដាល​ខែ​សីហា ​ឆ្នាំ​២០២០​ខាងមុខនេះ​។​
​ ​
លោក​បាន​បន្តទៀតថា​ ខេត្ត​ចំនួន​១៤​ ដែល​គ្រោង​នឹង​សាងសង់​ខ្សែ​បណ្តាញ​បញ្ជូន​រង​អគ្គិសនី រួម​មាន ៖ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន ខេត្ត​ពោធិ៍សាត់ ខេត្ត​ក្រចេះ ខេត្ត​ព្រៃវែង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង ខេត្ត​តាកែវ និង​ខេត្ត​កំពត​ នេះ ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៨២​លាន​ដុល្លារ​ ដែល​ជា​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ចិន​៩៥​ភាគរយ​ និង​ប្រាក់​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​៥​ភាគរយ​។​

តាម​ផែនការ​នៅ​ឆ្នាំ​២០២០​នេះ ​គ្រប់​ភូមិ​ទាំងអស់​ នៅ​ទូទាំងប្រទេស ​នឹង​មាន​បណ្ដាញ​អគ្គិសនី​ប្រើ​ប្រាស់​ លើកលែងតែ​ភូមិ​ថ្មីៗ​ ដែល​ប្រជាពលរដ្ឋ​ទើប​បង្កើត​ដែល​មិន​មាន​នៅ​ក្នុង​បញ្ជី​។​

​លោក ស៊ុយ សែម ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល ​ធ្លាប់​បាន​មានប្រសាសន៍ថា ​នៅ​ឆ្នាំ​២០២០​នេះ​ គឺ​ជា​ឆ្នាំ​ចុងក្រោយ​ នៃ​ផែន​ការដែល​ត្រូវ​ចែកចាយ​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ឲ្យ​បាន​ដល់​គ្រប់​ភូមិ ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត​៕​
អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114