BREAKING NEWS
Search

ខែ​កញ្ញា​ខាងមុខនេះ​ កីឡាករ​ប្រណាំង​កង់​៣​រូប​ នឹង​ទៅ​ហាត់​នៅ​ប្រទេស​បារាំង

សហព័ន្ធ​កីឡា​ប្រណាំង​កង់​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ខែ​កញ្ញា​ខាងមុខនេះ​ សហព័ន្ធ​នឹង​បញ្ជូន​កីឡា​ករ​ប្រណាំង​កង់​ឈុត​ធំ​ទៅ​ហ្វឹកហាត់​រយៈពេល​៣​ខែ​ នៅ​ប្រទេស​បារាំង។​

ការ​ចេញទៅ​ហ្វឹកហាត់​នេះ គឺ​ដោយសារ​មានការ​ជួយ​ជ្រោមជ្រែង​ពី​សមាគម​កីឡា​ប្រណាំង​ទោចក្រ​យាន​នៅ​ប្រទេស​បារាំង​(Cambodia Cycling Academy)​។ កីឡាករ​ទាំង​៣​រូប​ដែល​ត្រូវ​ចេញទៅ​ហ្វឹក ហាត់​នោះ​មាន​កីឡាករ ​យឿន ភី​យុទ្ធ កីឡាករ​ហួត លយ​រស្មី​និង កីឡាករ​គឹម ចាន់ធូ។ តាម​ការ​ឲ្យ​ដឹង​ពួកគេ​បាន​ចូល​ខ្លួន​សម្ភាសន៍ និង​រៀបចំ​សំណុំ​បែបបទ​រួចរាល់​អស់​ហើយៗ​ ពួកគេ​នឹង​ចេញ​ដំណើរ​ទៅ​ហ្វឹកហាត់​នា​ខែ​កញ្ញា​ខាងមុខ នេះ។

ការ​ចេញទៅ​ហ្វឹកហាត់​នេះ​ គឺ​ខាង​សមាគម​ទោចក្រយាន​នៅ​ប្រទេស​បា​រាំងជា​អ្នករ៉ាប់រង​ក្នុង​ការ​ជួយ​រៀបចំ​លិខិតស្នាម​នានា រ៉ាប់រង​ការ​ស្នាក់នៅ ហូបចុក និង​ថ្លៃ​សំបុត្រ​យន្តហោះ​សម្រាប់​ធ្វើ​ដំណើរ​ទាង​ទៅ​ទាំង​មក។ កីឡាករ​ប្រណាំង​កង់​កម្ពុជា​ទាំង​៣​រូប​នេះ នឹង​ហ្វឹកហាត់​រួម​ជា​មួយ​កីឡាករ​បរទេស​ដែល​មាន​គ្រូ​ជនជាតិ​បារាំង​ជា​អ្នក​បង្ហាត់។

ការ​ហ្វឹកហាត់​នេះ សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា​ កីឡាករ​កម្ពុជា​ នឹង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ បទ​ពិសោ​ធន៍​កាន់តែ​ល្អ កម្លាំង​ក៏​កាន់តែ​រឹងមាំ​។​ ការហ្វឹកហាត់​នេះ ​ជា​ផ្នែក​មួយ​ នៃ​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣១ ​ឆ្នាំ​២០២១​ នៅ​ប្រទេស​វៀតណាម និង ជាពិសេស​ក៏​ជា​ការ​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

សហព័ន្ធ​មិនបាន​ដឹង​ជាមុន​ឡើយ​ថា តើ​កំលុងពេល​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​នេះ ពួកគេ​មានការ​ប្រកួត​ដែរ​អត់​នោះ​ឡើយ៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ បាយ័ន ​បើក​សង្វៀន​ថ្មី​១​កម្មវិធី​ទៀតហើយ សម្រាប់​បម្រើ​ទស្សនីយភាព​ និង​អារម្មណ៍​អ្នកគាំទ្រ​ប្រដាល់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114