BREAKING NEWS
Search

ពលរដ្ឋក្រីក្រ៤៩៤គ្រួសារនៅសង្កាត់ដងទង់ បន្តទទួលយកបណ្ណឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជាអំឡុងពេលជំងឺកូវីដជុំទី២

កោះកុង៖ បន្ទាប់ពីក្រុមការងារមូលដ្ឋាន និងមន្រ្តីជំនាញខេត្ត បានចុះសម្ភាសន៍ និងពិនិត្យមើលរាល់ជីវភាពរបស់ពលរដ្ឋជាក់ស្តែងនៅភូមិចំនួន៤នៅសង្កាត់ដងទង់ ក្រុងខេមរភូមិ្ទ នៅថ្ងៃទី១ ខែសីហា ២០២០នេះ ប្រជាពលរដ្ឋក្រីក្រ៤៩៤គ្រួសារ បានបន្តមកទទួលយកបណ្ណឧបត្ថម្ភជាសាច់ប្រាក់ជុំទី២ពីរាជរដ្ឋាភិបាលកម្ពុជា អំឡុងវិបត្តិជំងឺកូវីដ១៩។

នេះជាជុំទី២ហើយដែលពលរដ្ឋក្រីក្រនៅមូលដ្ឋានក្រុងខេមរភូមិន្ទខេត្តកោះកុង បានទទួលនូវបណ្ណពលរដ្ឋក្រីក្រតាមរយៈការឧបត្ថម្ភជាទឹកប្រាក់ពីរាជរដ្ឋាភិបាលកម្ពុជា ខណៈវិបត្តិជំងឺកូវីដកំពុងបន្តវាយលុក។

លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុងខេមរភូមិន្ទ ថ្លែងឱ្យដឹងថា ការចែកបណ្ណក្រីក្រនេះ ដើម្បីឱ្យពលរដ្ឋផ្ទៀតផ្ទាត់រួមគ្នា មុននឹងទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមភ្នាក់ងារវីងទៅតាមកម្រិតជីវភាពក្រីក្រ១ និងក្រីក្រ២ នៅពេលដែលក្រសួងផែនការបានពិនិត្យ និងវាយតម្លៃផ្តល់ឱ្យពួកគាត់បានជាប់ជាពលរដ្ឋក្រីក្រ។

តាមការណែនាំរបស់ក្រសួងផែនការ ដោយឈរលើគោលការណ៍តម្លាភាព និងមិនអនុញ្ញាតឱ្យមានការក្លែងបន្លំធ្វើជាអ្នកក្រីក្រមក លោកស្រីអភិបាលរងក្រុងខេមរភូមិន្ទអះអាងថា អាជ្ញាធរមូលដ្ឋាន រួមទាំងមន្រ្តីមន្ទីរផែនការ និងមន្ទីរសង្គមកិច្ចបានខិតខំតាមដានស្រាវជ្រាវរកពលរដ្ឋដែលជីវភាពក្រីក្រពិតប្រាកដ ដោយមិនប្រកាន់បក្សពួកអ្វីនោះទេ។ប្រសិន​បើណីពលរដ្ឋណាម្នាក់ជួបប្រទះភាពក្រីក្រហើយ មិនទទួលបានបណ្ណឧបត្ថម្ភនេះ សូមប្រញាប់ផ្តល់ព័ត៌មានមកាន់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីស្វែងដំណោះស្រាយរួមគ្នាមិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់អាហារនោះឡើយ។

អភិបាលរងក្រុងខេមរភូមិន្ទ បន្ថែមថា ស្ថានភាពរស់នៅរបស់ពលរដ្ឋនៅក្នុងសង្កាត់ដងទង់ ភាគច្រើនជួបការលំបាកដោយសារតែនេសាទសមុទ្រមិនបាន គួបជូនរដូវវស្សាមកទល់ដល់ទៀតគឺជីវភាពក៏កាន់តែខ្សត់ខ្សោយ។ លោក សាក់ សំណាង ប្រធានការិយាល័យសុខុមាលភាពសង្គម និងប្រឆាំងការជួញដូរមនុស្សមន្ទីរសង្គមកិច្ចខេត្តកោះកុង បានឱ្យដឹងថា កាលពីជុំទី១នៃការផ្តល់បណ្ណឧបត្ថម្ភថវិការរបស់រដ្ឋាភិបាល ខេត្តកោះកុងមានប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រលំបាកកម្រិត១ និងក្រ២សរុបជាង១.០៣៥គ្រួសារ ដោយស្មើនឹងការចំណាយថវិកា២២៩លានរៀល។

មន្រ្តីមន្ទីរសង្គមកិច្ច ដដែលអះអាងថា ចាប់តាំងពីថ្ងៃអនុវត្តដំបូងកាលពីថ្ងៃទី២៥ ខែមិថុនា មកទល់ម៉ោងនេះ គឺប្រជាពលរដ្ឋដែលទទួលអត្ថប្រយោជន៍ពីការគិតគូររបស់រាជរដ្ឋាភិបាល បានមកពិនិត្យបណ្ណសមធម៌ប្រព្រឹត្តដោយដំណើរការល្អប្រសើរ គ្មានទេការគំរាមកំហែង ឬក៏ការទាមទារពីអាជ្ញាធរមូលដ្ឋានណាមួយឡើយ។ សម្រាប់ជុំទី២ ពលរដ្ឋក្រីក្រដែលមានបណ្ណអាចទៅបើកថវិកាបានរាល់ខែ លុះត្រាតែរដ្ឋាភិបាលមានគោលការណ៍ថ្មី។

លោក អ៊ីវ ហេង និងអ្នកស្រី ទិត្យ រី ជាពលរដ្ឋរស់នៅភូមិ២ សង្កាត់ដងទង់ បានអះអាងថា ជាង២ខែហើយ មុននឹងទទួលបានបណ្ណក្រីក្រនេះ ក្រោយពីមានការចុះសម្ភាសន៍សួរនាំពីជីវភាពរស់នៅរបស់ពួកគេអំឡុងពេលជំងឺកូវីដ១៩។

ពលរដ្ឋ បង្ហាញទៀតថា ក្រុមអាជ្ញាធរពិតជាបានចុះសម្ភាសន៍គ្រប់ខ្នងផ្ទះក្នុងមូលដ្ឋានរបស់ពួកគាត់ ដោយគ្មានការទំនាស់ ឬតវ៉ាណាមួយនោះទេ គិតមកទល់ពេលទទួលបណ្ណថ្ងៃនេះ។ ដូច្នេះពួកគាត់ក៏សម្តែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលដែលគិតគូរពីទុកលំបាករបស់ពួកគាត់ ខណៈជួបជីវភាពខ្សត់ខ្សោយ ហើយថវិកាដែលបានមកជាប្រចាំខែ អាចដោះស្រាយការចំណាយទៅការទិញម្ហូបអាហារជាដើម។

ក្រោយការចែកបណ្ណឧបត្ថម្ភសាច់ប្រាក់ជូនពលរដ្ឋសង្កាត់ដងទង់រួចរាល់ហើយ អាជ្ញាធរក្រុង និងមន្រ្តីជំនាញ លៃពេលវេលាបន្តចែកជូនប្រជាពលរដ្ឋរស់នៅសង្កាត់ស្មាច់មានជ័យ បន្តនាជុំទី២៕

អត្ថបទ៖ ជលសា​