BREAKING NEWS
Search

លោក ម៉ិញ សុធីវណ្ណ អហោសិកម្មចំពោះជនអនាមិក ដែលផ្សាយព័ត៌មានបំភ្លើសការពិតករណីឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងការចោទប្រកាន់ថា តារាចម្រៀងជើងចាស់លោក ម៉ិញ សុធីវណ្ណ បានឆ្លងជំងឺកូវីដ-១៩ នោះកាលពីថ្មីនេះលោកបានចេញមុខច្រានចោល និងសម្តែងការហួសចិត្តខ្លាំងចំពោះដំណឹងបំភ្លៃការពិតមួយនេះ។ មិនតែប៉ុណ្ណោះដោយការមិនអស់ចិត្តលោក ម៉ិញ សុធីវណ្ណ ក៏បានទៅធ្វើតេស្តរកជំងឺនេះចំនួន២ដងរួចមកហើយ ខណៈលទ្ធផលគឺអវិជ្ជមាន។

ថ្លែងប្រាប់អង្គភាពសារព័ត៌មានកម្ពុជាថ្មី លោក ម៉ិញ សុធីវណ្ណ បានប្រាប់ដោយលម្អិតថា ក្រោយពេលមានការសង្ស័យនៃការឆ្លងជំងឺកូវីដ-១៩ លោកបានទៅធ្វើតេស្តចំនួន២លើករួចមកហើយប៉ុន្តែជាលទ្ធផលគឺឃើញថា អវិជ្ជមានពុំមានការឆ្លងជំងឺកូវីដ-១៩ដូចពាក្យចរចាមអារ៉ាមនោះទេ។ លោក ម៉ិញ សុធីវណ្ណ បានប្រាប់​ថា ភរិយារបស់លោកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិកពិតជាបានឆ្លងជំងឺកូវីដ-១៩ពិតមែនបន្ទាប់ពីក្រសួងសុខាភិបាលបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមាន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ។ លោកបញ្ជាក់ថា បច្ចុប្បន្នភរិយារបស់លោក កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យតាមវិធានការក្រសួងសុខាភិបាលដែលបានណែនាំ។

តារាចម្រៀងចាស់សម្តីផ្អែមលោក ម៉ិញ សុធីវណ្ណ បានបន្តថា ដោយសារហេតុផលនេះទើបគេគិតថា លោកបានឆ្លងជំងឺកូវីដ-១៩ពីភរិយាអំឡុងពេលដែលទៅទទួលនៅឯព្រលានយន្តប៉ុន្តែគ្រានោះលោកពុំបាននៅ​ជិតភរិយានោះទេ ពោលគឺអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយរក្សាគម្លាតនៅឆ្ងាយពីគ្នា និងការពាក់ម៉ាស់រួមទាំងប្រើអាកុលលាងដៃផងដែរ។

បន្ថែមពីនេះលោក ម៉ិញ សុធីវណ្ណ បានលើកឡើងថា ចំពោះជនអគតិដែលបានធ្វើការបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមបំភ្លៃព័ត៌មានថា លោកបានឆ្លងជំងឺកូវីដ-១៩នោះគឺលោកនឹងអហោសសិកម្ម​ឲ្យ ព្រោះពេលខ្លះជននោះដើម្បីតែចង់បានផ្តល់ប្រយោជន៍ផ្ទាល់ខ្លួន ឬការLive Pageច្រើនទើបប្រព្រឹត្តរឿងខុសឆ្គងបែបនេះ។ ដូច្នេះលោកក៏បានស្នើឲ្យប្រព័ទ្ធផ្សព្វផ្សាយមួយចំនួនមុននឹងធ្វើការចុះផ្សាយឬចែករំលែកអ្វីមួយត្រូវដឹងពីប្រភពច្បាស់លាស់ចៀសវាងធ្វើឲ្យខូចកិត្តិយសបុគ្គលដែលស្អាតស្អំ៕

អត្ថបទ៖ ចាន់រ៉ា