BREAKING NEWS
Search

ស្ថានទូត​កម្ពុជា ​៖ រដ្ឋាភិបាល​ថៃ ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​ទៀត​

​ភ្នំពេញ ​៖ ស្ថានទូត ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​មួយខែ​បន្ថែមទៀត ដោយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បន្ត​ទប់ស្កាត់ និង​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ការពារ​ការ​ឆ្លង​ជំងឺ​នេះ​ក្នុង​រលក​ទី​២ ដែល​អាច​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច និង​សង្គម​ជាតិ​របស់​ថៃ។ នេះ​បើ​យោង​តាម​លិខិត​របស់​ស្ថានទូត​កម្ពុជា ដែល​បាន​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងស្នាក់នៅ សិក្សា និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។​

សេចក្ដីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ប្រទេស​ថៃ​ទាំងអស់​បន្ត​ចូលរួម​សហការ និង​អនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ​ឲ្យ​បាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ថែរក្សា​សុខភាព អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។ ក្នុងករណី​មាន​បញ្ហា​ប្រឈម​ត្រូវ​ទាក់ទង​ទៅ​ស្ថានទូត​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ឬ​លេខ​ទូរសព្ទ​។​

សូមបញ្ជាក់ថា មកដល់​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​នេះ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៣៣១២​នាក់ ស្លាប់​ចំនួន​៥៨​នាក់​។ ដោយឡែក​នៅតាម​ព្រំដែន​ជាមួយ​កម្ពុជា ភាគី​ថៃ​នៅតែ​បន្ត​បិទ​ដដែល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​នានា ក្នុង​មូលហេតុ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ប៉ុន្តែ​ភាគី​ថៃ បាន​លើកលែង​ទំនិញ ដែល​ទទួលបាន​ការអនុញ្ញាត ព្រមទាំង​បានការ​ឆ្លងកាត់​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ទាំងពីរ​ភាគី​ត្រឹមត្រូវ​៕
អត្ថបទ ៖ កោះ​កែវ​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114