BREAKING NEWS
Search

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់លោក រ៉ុង ឈុន ពីរបទ​ញុះញង់​បង្កឲ្យមានភាពវឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥​

ភ្នំពេញ៖ នៅ​រសៀលថ្ងៃ​ទី​១ ខែ​សីហានេះ​ លោក រ៉ុង ឈុន ត្រូវបានព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ហើយ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់​ធ្ងរ​ដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និង​បាន​​បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី នេះបើតាមការបញ្ជាក់របស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំ​ពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​

មាត្រា ៤៩៥. បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍
– អំពើញុះញង់ដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមធ្យោណាមួយ ក្នុងចំណោមមធ្យោបាយដែលមានចែងក្នុងមាត្រា ៤៩៤ (លក្ខខណ្ឌអត្ថិភាពនៃការញុះញង់) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀលទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើការញុះញង់នេះគ្មានប្រសិទ្ធភាពទេ។

មាត្រា ៤៩៤. លក្ខខណ្ឌអត្ថិភាពនៃការញុះញង់

– ដើម្បីអនុវត្តផ្នែកនេះ ការញុះញង់អាចត្រូវផ្តន្ទាទោសកាលបើអំពើនេះត្រូវបានប្រព្រឹត្ត៖
១. ដោយសំដីតាមប្រភេទណាក៏ដោយ ដែលប្រកាសនៅក្នុងទីសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។
២. ដោយសំណេរ ឬគំនូរ តាមប្រភេទណាក៏ដោយ ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងចំណោមសាធារណជន ឬតាំងឲ្យសាធារណជនមើល។
៣. ដោយគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍សម្រាប់សាធារណជន។

លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយបច្ចុប្បន្នជាប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ​នៅវេលាម៉ោងប្រមាណ១១ និង០៥ នាទី ព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០​។ លោក​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោងប្រមាណ៩ និ៣០ នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០ ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទល្មើសជាក់ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព វិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។​​​​

​លោក គុជ គឹមឡុង ​បានបញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន​ទាក់ទងនឹងការបំភ្លៃការពិតលើបញ្ហាព្រំដែន ដែលជាបទ​ល្មើសជាក់​ស្តែង គឺបទល្មើសញុះញង់បង្កឲ្យមានភាព​វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្ម ទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ថ្មីៗនេះលោក រ៉ុង ឈុន បានធ្វើសេចក្តីថ្លែងការណ៏មួយចោទប្រកាន់ថា ការបោះ​បង្គោលព្រំដែនពីលេខ១១៤ ដល់១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យប្រជាពល​រដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគីវៀតណាមជាច្រើនរយហិកតារ ហើយបើគិតពីបន្ទាត់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មី បានចូលមកប្រហែល៥០០ម៉ែត្រក្នុងទឹកដីកម្ពុជា។ ខ្សែបន្ទាត់ព្រំដែនចេះតែរំកិលបន្តិចម្ដងៗចូលមកក្នុងទឹកដីកម្ពុជាប្រមាណ៣គីឡូម៉ែត្រ និងថា អាជ្ញាធរវៀតណាមបានចូលរួមបណ្ដេញ និងរុញច្រានប្រជាពល រដ្ឋខ្មែរ ដែលរងគ្រោះពីដីធ្លី ចូលប្រមាណជាង​២០០ម៉ែត្រក្នុងទឹកដីខ្មែរ ហើយអាជ្ញាធរខ្មែរ មិនបានទប់ស្កាត់ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម មកលើពលរដ្ឋរងគ្រោះនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នោះឡើយ។

​សេចក្តីថ្លែងការណ៏នេះ ត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនបានប្រកាសច្រានចោលទាំងស្រុង និងបានអះអាងថា ជាសេចក្តីថ្លែងការណ៍មិនពិត មានគំនិតទុច្ចរិត ធ្វើឱ្យមានការយល់ច្រឡំពីសំណាក់សាធារណៈមតិជាតិ និងអន្តរជាតិ៕

អត្ថបទ៖ កោះកែវ

ចុចអាន៖ ​​​រដ្ឋាភិបាល​ថៃ ​ប្រកាស​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រយៈពេល​១​ខែ​ទៀត​