BREAKING NEWS
Search

ព្យុះទី​៣ ឈ្មោះ ស៊ិ​ម ឡា​គូ​ មាន​ឥទ្ធិពល​មក​លើ​កម្ពុជា ​ធ្វើ​ឲ្យ​ខ្យល់​មូ​ស្យុ​ង និរតី បង្កើន​ល្បឿន​បក​បោក​ម​កលើ​កម្ពុជា

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ធ្វើ​ការ​តាមដាន និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា នៅ​ព្រឹក​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ សម្ពាធ​ទាប​សកម្ម​មួយ ( Active Low ) បាន​កើត​ឡើង​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្តន៍​ទៅជា​វិ​សម្ពាធ​ទាប ( Tropical Depression )។

យោង​តាម​ការ​ព្យាករ វិ​សម្ពាធ​ទាប​នេះ នឹង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ ( SINLAKU ) ដោយ​នឹង​ធ្វើដំណើរ​ឆ្លងកាត់​កោះ​ហៃណាំ មុននឹង​ចូល​ដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០។ ឥទ្ធិពល​របស់​ព្យុះ ធ្វើ​ឲ្យ​ខ្យល់មូសុង​និរតី​បង្កើន​ល្បឿន​បក់​បោក​ខ្លាំង​មកលើ​កម្ពុជា។

លក្ខណៈ​បែបនេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី០១ ដល់​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ មាន​ស្ថានភាព ដូចជា ១- បណ្តា​ខេត្ត​នៅ​តំបន់​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​កើន​ឡើងជា​បន្តបន្ទាប់ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ( Flash Flood ) ។

២- តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ។
៣- តំបន់​ផ្សេងៗ​ទៀត អាច​នឹងមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​មធ្យម ។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​ចាំបាច់៕
ឌួងរិរះជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114