BREAKING NEWS
Search

ទីបំផុត លោក រ៉ុង ឈុន តុលាការ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​

ភ្នំពេញ ​៖ លោក រ៉ុង ឈុន ត្រូវ​បាន​បញ្ជូន​ចេញពី​តុលាការ​ហើយ នៅ​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ថ្ងៃទី​០១ ខែសីហា បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩និង៣០នាទី​យប់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០ ទាក់ទង​នឹង​ការ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន ដែល​ជា​បទល្មើស​ជាក់ស្តែង គឺ​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

លោក សំ សុ​គង់ ដែល​ជា​មេធាវី​ការពារ​ក្តី ឲ្យ​លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅខាងមុខ​តុលាការ​នា​ល្ងាច ថ្ងៃទី​០១ ខែសីហា ក្រោយ​បញ្ចប់​ការសាកសួរ​ថា ការ​ប្រកាន់​ពីបទ​ញុះញង់​នេះ មិនអាច​ទទួល​យក​បាន​ទេ ពីព្រោះ​វា​ជា​ការ​ធ្វើ​ការងារ​សង្គម​របស់​គាត់ ហើយ​ការ​លើកឡើង​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គឺជា​ការ​បញ្ចេញមតិ​របស់​គាត់​តែប៉ុណ្ណោះ​។

បើ​តាម​លោក សំ សុ​គង់ ការ​សួរ​នា​ថ្ងៃនេះ គឺ​ទាក់ទង​ទៅនឹង​អង្គ​ហេតុដែល​លោក​រ៉ុង ឈុន បាន​ចុះទៅ​ខេត្ត​ត្បូងឃ្មុំ និង​សេចក្តី​ថ្លែងការណ៍​របស់​គាត់ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែកក្កដា​។ លោក​បញ្ជា​ថា តុលាការ​បានសម្រេច​ចោទប្រកាន់​លោក រ៉ុង ឈុន ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ហើយ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។

លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវបាន​បញ្ជូន​មកដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​ប្រមាណ​១១ និង​០៥ នាទី ព្រឹក​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​។

លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និង​៣០ នាទី​យប់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០ ទាក់ទង​នឹង​ការ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន ដែល​ជា​បទល្មើស​ជាក់ស្តែង គឺ​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

សូម​បញ្ជាក់​ថា លោក រ៉ុង​ឈុន ត្រូវ​បាន​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​ហើយ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕
កោះ​កែវ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114