BREAKING NEWS
Search

លោកជំទាវ​ម៉ែន សំអន ៖ ពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​ បង្កើន​ធ្វើ​អនាម័យ​ការប្រុងប្រយ័ត្ន​ពិសេស​អនុវត្ត​គម្លាត​សង្គម​ប្រឆាំង​កូ​វីដ​១៩

ស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ក្រុមការងារ​គណៈកម្មាធិការ​កណ្តាល​ចុះជួយ​ខេត្តស្វាយរៀង​ក្នុងនាម​អ្នក តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទាំងអស់​បង្កើន​ធ្វើ​អនាម័យ​ការប្រុងប្រយ័ត្ន​ពិសេស​អនុវត្ត​គម្លាត​បុគ្គល គម្លាត​សង្គម​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ដែល​កំពុង​ឆក់​យក​អាយុជីវិត​មនុស្ស​លើ​ពិភពលោក​ជាង​៦០​នាក់​ហើយ​ឆ្លង​ជាង​១៧​លាន​នាក់​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បែបនា​រសៀល​ថ្ងៃ​សៅរ៍ ១២​កើត ខែស្រាពរណ៍ ឆ្នាំជូត ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០​ខណៈ​អ​ញ្ជើញ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៣០​គ្រួសារ នៅក្នុង​សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តស្វាយរៀង ដោយ​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​។

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង​ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការបង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។

ថ្វីត្បិតតែ​ប្រទេស​កម្ពុជា​យើង​មិនទាន់​មាន​ការ​ឆ្លង​រាលដាល​តាម​សហគមន៍ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​កំរិត​ហានិភ័យ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ថា​ ប្រទេស​កម្ពុជា​អាច​មាន​លទ្ធភាព​ឆ្លង​ក្នុង​សហគមន៍​បើ​សិន​ជា​យើង​ទាំងអស់គ្នា​មិន​ប្រុងប្រយ័ត្ន និង​មិន​អនុវត្ត​តាម​វិធានការ​សុខាភិបាល។ ជា​ឧទាហរណ៍​ស្រាប់ ថ្មីៗ​នេះ​នៅ​ទីក្រុង​ដា​ណាំង ប្រទេស​វៀតណាម មានការ​ឆ្លង​រាលដាល​តាម​សហគមន៍ ក្នុង​ភូមិភាគ​កណ្តាល បន្តទៅ​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ហាណូយ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ផ្តល់​អនុសាសន៍​សំ​ខាន់ៗ​ដូចជា ទី​១ បន្ត​ពង្រឹង​ត្រួតពិនិត្យ​សុខភាព​អ្នក​ដំណើរ​គ្រប់រូប​ដែល​ចូល​មក​តាម​មាត់ច្រក​ព្រំដែន ដោយ​មិន​ត្រូវ​មានការ​លើក​លែង​ឡើយ។ ទី​២​បន្ត​ពង្រឹង​ការពិនិត្យ​តាមដាន​អ្នក​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ​ដែនដី រយៈ​ពេល​១៤​ថ្ងៃ។ ទី​៣ ពង្រឹង​អប់រំ​ប្រជាពលរដ្ឋ​ក្នុង​ការ​អនុវត្តន៍ អនាម័យ គម្លាត​សង្គម គម្លាត​បុគ្គល។

ទី​៤​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​ក្នុងស្រុក​និង​ក្រុម​ឆ្លើយ​តប​បន្ទាន់។ ទី​៥ ត្រូវមាន​កំលាំង​សមត្ថកិច្ច​តាមដាន​ត្រួតពិនិត្យ​ការ​ជួបជុំ ជាពិសេស​ក្នុង​កំឡុង​ពេល​ឈប់​សំរាក​សង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​។

នា​ឱកាស​នោះ​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំ​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន មុង ១ កន្ទេល ១ សារុង ១ ក្រ​ម៉ា ១ ស្ករស ១​គីឡូ ទឹកដោះគោ​ខាប់ ២​កំប៉ុង អង្ករ ២៥​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ មី ១​កេស ម៉ាស់​១០ អាល់កុល​លាងដៃ ១​ដប សាប៊ូ​ប្រូ​ធិ​ច ២​ដុំ និង​ថវិកា ៥០.០០០​រៀល៕
វិមាន

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114