BREAKING NEWS
Search

MCL 2020 ៖​ ណា​ហ្គ​វើ​ល ទ័ព ឈ្នះ​ដូចគ្នា​ប្រចាំ​សប្ដាហ៍​ទី​១០ ខណៈ​ភ្នំពេញ​ក្រោ​ន និង​សូល​ទី​ឡូ​អង្គរ​ចែកគ្នា​១​ពិន្ទុ

ក្រុមបាល់ទាត់​ណាហ្គា​វើ​ល និង​ក្រុម​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ (​ទ័ព​) បាន​ប្រកួត​ឈ្នះ​ដូចគ្នា​ប្រចាំ​សប្ដាហ៍​ទី​១០​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​រដូវ​កាល​ឆ្នាំ​២០២០ (Metfone Cambodian League 2020) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០ ខណៈ​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ចែក​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ១​ពិន្ទុ​ម្នាក់​ក្រោយ​ប្រកួត​ស្មើគ្នា​។

​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​សមាគម​បាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ដោយ​លទ្ធផល​១​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​គីរីវង់​សុខ​សែន​ជ័យ ក្នុង​ក្រុង​ដូន​កែវ​។ ៣​ពិន្ទុ​របស់​ក្រុម​ទ័ព​នេះ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ ណា​រ៉ុង កក្កដា នៅ​នាទី​៨៨ ដែល​ហៀបនឹង​ចប់​ការប្រកួត​ទៅហើយ​។ ប្រកួត​នេះដែរ​អ្នកចាំទី គង់ រ៉ា​ហ្វា​ត របស់​ក្រុម​គីរីវង់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ ខែ​ក ខេមរិន្ទ របស់​ក្រុម​ទ័ព​។

ដោយឡែក​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប បាន​ប្រកួត​ចាញ់​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​ល ដោយ​លទ្ធផល​៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ក្នុង​តំបន់​អរិយ​ក្សត្រ​។ គ្រាប់​បាល់​២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប រកបាន​ដោយ​កីឡាករ សុក ចាន់​រស្មី នៅ​នាទី​៤៥+១ និង​កីឡាករ​កា​ម៉េ​រ៉ូ​ន Abbee Ndjoo នៅ​នាទី​៦៦​។ ចំពោះ​គ្រាប់​បាល់​៤​គ្រាប់​របស់​ណាហ្គា​វើ​ល រកបាន​ដោយ​កីឡាករ​ជនជាតិ​ប្រេ​ស៊ី​ល Marques Marcio នៅ​នាទី​ទី​២៦,៤០ និង​៤៥ និង​១​គ្រាប់​ទៀត​រកបាន​ដោយ​កីឡាករ វ៉ា ឃ្វី​នទី​ន​។

ចុងក្រោយ​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ដោយ​លទ្ធផល​២​ទល់​២ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ក្នុង​ខណ្ឌទួលគោក​។ កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Esoh Omogba បា​នរក​គ្រាប់​បាល់​ឲ្យ​ភ្នំពេញ​ក្រោ​ន នាំមុខ​មុន​នៅ​នាទី​៣៧ តែ​កីឡាករ​ប្រេ​ស៊ី​ល Matheus Souza បា​នរក​គ្រាប់​បាល់​ឲ្យ​ក្រុម​សូល​ទី​ឡូ​អង្គរ តាម​ស្មើ​វិញ​នៅ​នាទី ៥៦ ខណៈ​មិត្ត​រួម​ក្រុម​ជនជាតិ​ជប៉ុន​Kogure Fumiya​បាន​បន្ថែម​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី​៧៣ ដោយ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច​។ ៥​នាទី​ក្រោម​មក​កីឡាករ លឹម ពិសុទ្ធ របស់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ ហើយ​លទ្ធផល​នេះ​បាន​រក្សា​ដដែល​រហូតដល់​ចប់​ការប្រកួត​។

​សម្រាប់​ប្រកួត​៣​គូ​ផ្សេងទៀត​ប្រចាំ​សប្ដាហ៍​ទី​១០ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​២០២០ នេះ​បន្ត​ប្រកួត​នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០ ជា​បន្ត​ទៀត​ដោយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលិស​) ត្រូវ​ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ខណៈ​ប្រកួត​នេះ​ផ្សាយ​ផ្ទាល់​ដោយ CNCC ហើយ​មួយគូ​ទៀត​ក្រុម​អគ្គិសនី​កម្ពុជា ទទួល​ក្រុម​បឹង​កេត នៅ​វេលា​ម៉ោង​ដំណាលគ្នា​លើ​ទីលាន​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ម្តុំ​ទួល​សង្កែ ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV និង​គូ​ចុងក្រោយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ខេត្តស្វាយរៀង ទទួល​ក្រុម​វិសាខា នៅវេលា​ម៉ោង​៦​ល្ងាច ព្រមទាំង​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114