BREAKING NEWS
Search

ប៉ូលិស​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បុរស​ស្បែក​ខ្មៅ​ម្នាក់ ​​វាយ​ជនរងគ្រោះ​​យក​ទូរសព្ទ​

​ភ្នំពេញ​ ៖​ ជនបរទេស​ស្បែក​ខ្មៅ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ដោយ​ប្រព្រឹត្តិ​អំពើ​ហិង្សា​វាយ​ជនរងគ្រោះ​២​នាក់​ឲ្យ​របួសធ្ងន់​ដើម្បី​ដណ្តើមយក​ទូរសព្ទ​ពី​ដៃ។

ហេតុ​ការណ៍​នេះ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​១០​នាទី​ព្រលប់​ ថ្ងៃទី​០១ ខែសីហា ឆ្នាំ២០២០​ ចំណុច​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​៥១ ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ WALKERSMITH MARLONPAULANTHONY ភេទប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​អង់គ្លេស ទីលំនៅ​និង មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន)។ ​ចំណែក​ជនរងគ្រោះ​ទី​១​ឈ្មោះ ឃុន សុផល ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះជួល ផ្លូវ​២៤២ ភូមិ​៤​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​និង​ជនរងគ្រោះ​ទី​២ ឈ្មោះ ឆុង យ៉ុង ភេទប្រុស អាយុ​៤៥​ឆ្នាំ​ទីលំនៅ​មិន​ពិតប្រាកដ។ ចំណែក​វត្ថុ​តាង​ចាប់​យក​មាន​កៅអី​ដែក​ពណ៌​ក្រហម​១​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដំណើរ​ដើមហេតុ​នោះ​គឺ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨ និង​១០​នាទី មុន​ពេល​កើតហេតុ ជនរងគ្រោះ​ទី​១ ឈ្មោះ​ឃុន សុផល ភេទ​ប្រុស អាយុ​៥២ ឆ្នាំ កំពុងតែ​អង្គុយ​នៅ​លើ​ម៉ូតូ​និយាយ​ទូរស័ព្ទ នៅ​ចំណុច​ផ្លូវ​ព្រះសីហនុ​កែង​ផ្លូវ​៥១ ភូមិ​៤​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ស្រាប់តែ​ជនសង្ស័យ​ជា​ជនជាតិ​អង់គ្លេស​ស្បែក​ខ្មៅ ដើរ​សំដៅ​មក​រក ដោយមាន​ការ​ភ័យក្លាច​ជន​រង​បាន​យក​ទូរ​សព្ទ​កំពុងនិយាយ​ដាក់ចូល​ខោ​បៅ​វិញ ហើយ​ពេលនោះ​ជនសង្ស័យ​ឃើញ​ក៏បាន​វាយ​ទៅលើ​ជនរងគ្រោះ​មួយ​ដៃ​ចំ​ដើមទ្រូង​ខាង​ធ្វើ​ដួល​ទៅលើ​ដី រួច​មក​ជនសង្ស័យ​បាន​ដើរ​សំដៅ​មក​រក​ជនរងគ្រោះ​ទី​២​ឈ្មោះ ឆឹង យ៉ុ​ន ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ​ ដែល​កំពុង​អង្គុយ​លើ​កៅអី​ចុច​ទូរ​សព្ទ​លេង​នៅមុខ​ហាង​លក់​គ្រឿងសំអាង​ក៏​លូកដៃ​យក​ទូរសព្ទ​ពី​ដៃ​ជនរងគ្រោះ តែ​ជនរងគ្រោះ​មិន​ព្រម​ឲ្យ ជនសង្ស័យ​ក៏បាន​ប្រើ​អំពើ​ហិង្សា​សង្កត់​នឹង ច្របាច់ក ជនរងគ្រោះ​រួច​កន្ត្រាក់​យក​ទូរសព្ទ​ពី​ដៃ​ហើយ​ដើរ​ចេញទៅ ​ឃើញ​ដូចនេះ​ជនរងគ្រោះ​បាន​យក​កៅអី​ដែក​បំ​រ៉ុង​និង​វាយ​ទៅលើ​ជនសង្ស័យ​តែ​ត្រូវបាន​ជនសង្ស័យ​ធាក់​និង​ចាប់​កៅអី​នោះបាន រួច​យក​កៅអី​មក​វាយ​ទៅលើ​ជនរងគ្រោះ​វិញ​បណ្ដាល​ឲ្យ​បាក់ដៃ​ខាងឆ្វេង​ហើយ​ជនសង្ស័យ​បាន​រត់គេចខ្លួន។

ក្រោយ​ទទួល​បាន​ព័ត៌មាន​សភាព​ការណ៍​នេះ​ភ្លាម ​កម្លាំង​សមត្ថ​ដែល​កំពុង​ល្បាត​នៅ​ជិត​គោលដៅ​កើតហេតុ​ខាងលើ ក៏បាន​ធ្វើការ​អន្តរាគមន៍​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ទូរសព្ទដៃ​០១​គ្រឿង​ម៉ាក OPPO ពណ៌​ខៀវ បានតែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ប៉ុស្តិ៍ កំពុងធ្វើការ​សាកសួរ​នឹង​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ច្បាប់​៕
រស្មី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114