BREAKING NEWS
Search

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ ៖ ករណី​លោក រ៉ុង ឈុន ជា​ករណី​ធ្ងន់ធ្ងរ ដែល​អាច​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ

ភ្នំពេញ​ ៖ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ថា ករណី​លោក រ៉ុង ឈុន ជា​ករណី​ធ្ងន់ធ្ងរ ដែល​អាច​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ដោយសារតែ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក៏ដូចជា​ទំនាក់ទំនង​ការទូត ជាមួយ​បណ្តា​ប្រទេសជិតខាង​។

លោក ជិន ម៉ា​លីន ថ្លែង​យ៉ាងនេះ​ថា “​ករណីនេះ គឺជា​ការអនុវត្ត​ច្បាប់ លើ​បទល្មើស​ជាក់ស្ដែង ទាក់ទង​ទៅនឹង​ការ​ញុះ​ញង់​ការ​បំភ្លៃ បំ​ភ្លើ​ស​ព័ត៌មាន អំពី​បញ្ហា​ព្រំដែន ហើយ​ករណីនេះ គឺជា​ករណី​ធ្ងន់ធ្ងរ អាច​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ ដោយសារតែ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក៏ដូចជា​ទំនាក់ទំនង​ការទូត ជាមួយ​បណ្តា​ប្រទេសជិតខាង ដូច្នេះ​ករណីបែបនេះ​សមត្ថកិច្ច​ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​មួយ​ម៉ឺងម៉ាត់​”​។

លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៩ និ​៣០ នាទី​យប់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ហើយ​តាម​លោក គុជ គឹម​ឡុង លោក រ៉ុង ឈុន ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ការ​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន ដែលជា​បទល្មើស​ជាក់ស្តែង គឺ​បទល្មើស​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ លោក រ៉ុង ឈុន បាន​ទៅកាន់​ព្រំដែន ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ក្នុងនាម​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បានចេញ​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​ចោទ​ប្រកាន់​ថា ការ​បោះបង្គោល​ព្រំដែន​ពី​លេខ​១១៤ ដល់​១១៩ មាន​ភាព​មិនប្រក្រតី​ច្រើន ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​អាស្រ័យ​ផល​ទៅ​ខាង​ភាគី​វៀតណាម​ជាច្រើន​រយ​ហិកតារ ហើយ​បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មកដល់​ការ​បោះបង្គោល​ឡាក់ និង​បង្គោល​រណប​ថ្មី បាន​ចូល​មក​ប្រហែល​៥០០​ម៉ែត្រ​ក្នុង​ទឹកដី​កម្ពុជា​។ ខ្សែបន្ទាត់​ព្រំដែន ចេះតែ​រំកិល​បន្តិច​ម្ដងៗ​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​៣​គីឡូម៉ែត្រ និង​ថា អាជ្ញាធរ​វៀតណាម​បាន​ចូលរួម​បណ្ដេញ និង​រុញច្រាន​ប្រជា​ពល រដ្ឋ​ខ្មែរ ដែល​រងគ្រោះ​ពី​ដីធ្លី ចូល​ប្រមាណ​ជាង​២០០​ម៉ែត្រ​ក្នុង​ទឹកដី​ខ្មែរ ហើយ​អាជ្ញាធរ​ខ្មែរ មិនបាន​ទប់ស្កាត់​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀត​ណា​ម មកលើ​ពលរដ្ឋ​រងគ្រោះ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នោះឡើយ​។

សេចក្តី​ថ្លែង​ការ​ណ៍​នេះ ត្រូវ​បាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​ប្រកាស​ច្រានចោល​ទាំងស្រុង និង​បាន​ចាត់​ទុក​សេចក្តី​ថ្លែងការណ៍​របស់​លោក​រ៉ុង ឈុន និង​គូកន​ថា មាន​ចេតនា​បង្កើត ប្រឌិត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ក្លែងក្លាយ ដោយមាន​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន មក​លើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល អំពី​ការ​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី ក៏ដូចជា​ការ​បណ្ដែតបណ្ដោយ​ឲ្យ​មានការ​រំលោភបំពាន​ទឹកដី​ពី​ប្រទេសជិតខាង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ​ចំការ នៅ​ឃុំ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ថា ការ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម ពុំបាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹកដី​នោះ​ទេ និង​ពុំ​មាន​អាជ្ញាធរ​វៀតណាម​ចូល​មក​រុញច្រាន​ប្រជាពលរដ្ឋ​ខ្មែរ មិន​ឲ្យ​ដាំ​ដុះ​នៅ​លើ​ដី​ខ្មែរ​ប្រមាណ​២០០​ម៉ែត្រ​នោះ​ទេ ហើយ​ចំពោះ​ការ​អះអាង​ថា គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្អាក​បង្កបង្កើនផល​ជា​បណ្ដោះអាសន្ន​នោះ គឺជា​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ ពីព្រោះ​ជា​គោលការណ៍​ក្នុង​ការ​ធ្វើ​ព្រំដែន រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា នឹង​រក្សាទុក​ដី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន និង​កំពុង​គ្រប់គ្រង​អាស្រ័យ​ផល​ទាំងនោះ ហើយ​បន្ត​ការគ្រប់គ្រង និង​កាន់កាប់​បង្កបង្កើនផល​ដដែល ហើយ​រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​សង​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ ក្រោយ​ការ​បោះបង្គោល​ព្រំដែន ដូច​ការលើកឡើង​របស់​ជន​ខិលខូច​នៅឡើយ​។

ជាមួយគ្នា​នោះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ ទាំង​ក្នុង និង​ក្រៅប្រទេស​កុំ​ជឿ​តាម​ការបោកប្រាស់​របស់​ឈ្មោះ រ៉ុង ឈុន និង​ជន​អគតិ​មួយចំនួន ដែល​តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ទុច្ចរិត ដើម្បី​វាយប្រហារ​ដល់​កិច្ចការពារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល ហើយ​ដែល​សកម្មភាព​ទាំងអស់​នេះ អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។ ស្ថាប័ន​កិច្ចការ​ព្រំដែន​មួយ​នេះ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចូលរួម​ថែរក្សា​ចំណែក​ដី​ទាំងនោះ និង​ទប់ស្កាត់ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​លើ​ជន​ទាំងឡាយ​ណា ដែល​មាន​ចេតនា​ចង់​បំពាន​យក​ដី​រដ្ឋ​ទាំងនោះ ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ បន្លំ​ធ្វើ​ឯកសារ​ដោយ​ខុសច្បាប់ ក្នុង​គោលបំណង​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បានបញ្ជាក់​ជាថ្មី​ទៀតថា ក្នុង​កិច្ចការ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រហូតមកដល់​បច្ចុប្បន្ន​នេះ សម្រេចបាន​លទ្ធផល​៨៤​ភាគរយ នៃ​ខ្សែ​ព្រំដែន​រួម ហើយ​បាន​នឹង​កំពុង​បន្តធ្វើ​ឲ្យ​បាន​ចប់​ជា​ស្ថាពរ​១០០​ភាគរយ ដើម្បី​ធានា​បាន​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ជាតិ មិន​ឲ្យ​ជាតិ និង​ប្រជាជន​ខាតបង់​ឡើយ​៕
កោះ​កែវ

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114