BREAKING NEWS
Search

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា​និង​មន្ត្រី​កាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ចំនួន​៥

ភ្នំពេញ​ ៖​ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ណែនាំ​ដល់​ចៅក្រម ព្រះរាជអាជ្ញា​និង​មន្ត្រី​កាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ចំនួន​៥​ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

ការណែនាំ​នេះ​ បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​រដ្ឋមន្ត្រី​ចូលរួម​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ​ដែលមាន​លោក តុ​ប ឈុន​ហេង ប្រធាន​ថ្មី​នៃ​សាលាដំបូង​ខេត្តក្រចេះ​និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ។

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់​នៃ​សាលាដំបូង​ខេត្តក្រចេះ​ព្រមទាំង​មន្ត្រី​តុលាការ​នៅ​ទូទាំង​ប្រទេស​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​អភិក្រម​ការងារ ចំនួន​៥​គឺ​ទី​១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​ទាំង​៥ របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ “​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​” ដើម្បី​ធ្វើជា​គោលការណ៍​ក្នុងការ​អនុវត្ត​មុខងារ និង​ភារកិច្ច​របស់ខ្លួន ក៏ដូចជា​ក្នុងការ​ដឹកនាំ​អង្គភាព​សាលាជម្រះក្តី​។

ទី​២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាព​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​ការ​កាត់​ក្តី​មួយ​ប្រកបដោយ​អនាគត ក្នុង​ការធានា​ឱ្យបាន​នូវ​ភាព យុ​តិ្ត​ធម៌ ត្រឹមត្រូវ ជូន​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ការ​វៀរចាក​នូវ​អ​គិត​ធម៌​ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន នៅមុន​ពេល​ខ្លួន​ចូលកាន់​តំណែង​។

ទី​៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ទាំង​ក្នុង​ពេល​បំពេញការងារ ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ “​ការ​ប្រកាន់​ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ខ្លួន គឺជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុងការ​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គចៅក្រម​ខ្លួនឯង ហើយ​វា​ជា​កត្តារួម​ចំណែក​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​”​។

ទី​៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ​ទាំងអស់ ត្រូវ​ចូលរួម​ប្រកបដោយ​ឆន្ទៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​អនុវត្ត​នូវ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​១៨ ខែឧសភា កន្លងទៅនេះ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាម​អភិក្រម «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​»​។

ទី​៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជា​មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ ដោយ​ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ពង្រឹង​កិច្ច​សហ​ប្រតិបតិ្តការ​ល្អ​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​នូវ​ដំណើរ​ការ​ល្អ​នៃ​ស្ថាប័ន​តុលាការ ក៏ដូចជា​ប្រសិទ្ធភាព​នៃ​ការបម្រើ​សេវា​យុ​តិ្ត​ធម៌​ឲ្យ​បាន​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះដែរ​ លោករ​ដ្ឋ​មន្ត្រី បាន​គូស​បញ្ជាក់​ថា ​« ក្នុង​ការបន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​វិស័យ យុត្តិធម៌​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម នឹង​បន្ត​ពង្រឹង​វិធានការ​វិន័យ ក្រមសីលធម៌ និង​ភាព​ស្អាតស្អំ​របស់​អង្គចៅក្រម ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​»៕
សំអឿន

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114