BREAKING NEWS
Search

ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង ណែនាំមន្ត្រី​អាវុធហត្ថ​ទាំងអស់​ ត្រូវធ្វើ​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ជាប្រចាំ​ថ្ងៃ​ក្នុងនាម​ជា​អ្នកបំរើ​រាស្ត្រ

​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​០២ សីហា បាន​ណែរ​នាំ​ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ហើយ​ត្រូវ​ត្រៀមលក្ខណៈ​រួចជាស្រេច​ទាំង​កម្លាំង​ប្រតិបត្តិការ មធ្យោបាយ សម្ភារៈ ដើម្បី​ទុក​ប្រើប្រាស់​ពេល​មាន​ហេតុ​ការចាំបាច់​ជាយថាហេតុ​ផ្សេងៗ ក៏ដូចជា​ចេញ​បំពេញបេសកកម្ម​តាម​បទបញ្ជា​ថ្នាក់លើ​ក្នុងនាម​ជា​អ្នកបំរើ​រាស្ត្រ​។ នេះ​ជា​ការ​លើ​ឡើង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ណែរ​នាំ​និង​ចាត់​ផែនការ​ជាច្រើន​ដល់​មន្ត្រី​អាវុធហត្ថ​ទាំងអស់​ទាំង​បណ្តា​ខ័​ណ្ឌ​និង​ការិយាល័យ​ដើម្បី​ត្រៀម​ចេញ​ប្រតិបត្តិការ​ជា​ប្រចាំ​ថ្ងៃ​។

ទន្ទឹម​នឹង​នេះ​ដែរ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​បាន​ជំរុញ​ឲ្យ​មន្ត្រី​អាវុធហត្ថ​កុំ​ភ្លេច​កូ​វីដ​១៩​ឲ្យ​សោះ​ព្រោះ​កូ​វីដ​មិន​ភ្លេច​យើង​ទេ​។ មន្ត្រី​អាវុធហត្ថ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​គ្រប់​នាទី​ចំពោះ​រលក​ទី​២​នៃ​ជំងឺ​រាតត្បាត​កូ​វីដ១៩ ​ដ៏​កាច​សាហាវ​នេះ ខណៈ​ដែល​ប្រទេស​ជាង​២០០​លើ​ពិភពលោក​កំពុង​ត្រូវបាន​វាយលុក​យ៉ាងធ្ងន់ធ្ងរ​នៃ​ជម្ងឺ​ដ៍​កាច​សាហាវ​មួយ​នេះ​ដែល​ឆក់​យក​ជីវិត​មនុស្ស​ជិត​មួយ​លាន​នាក់ ​ឆ្លង​ជាង​១៧​លាន​នាក់​ទៅហើយនោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ ក៏​បាន​បន្ត​ណែនាំ​ឲ្យ​មន្ត្រី​អាវុធហត្ថ​ទាំងអស់​អនុវត្តន៍​នូវ​គំលាត ពី​គ្នា គ្រប់ពេល​វេលា ​និង ​កុំ​ភ្លេច​ធ្វើ​អនាម័យ​ជាប្រចាំ​នាំមក​នូវ​សុខភាព​មាំមួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​រលក​ទី​២​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ក្រៅពី​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ហើយ​នោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ថ្លែង​បន្ត​ថា គ្រប់​ទីបញ្ជាការ​អាវុធ​ហត្ថ​ទាំងអស់​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​ដោយ​ពិនិត្យ​កំដៅ លាយដៃ​នឹង​សាប៊ូ និង​អាកុល ពាក់​ម៉ាស់​ជាប្រចាំ​ហើយ​ត្រូវ​ប្រើប្រាស់​ឧបករណ៍​បាញ់សម្លាប់​មេរោគ​ដែល​មន្ត្រី​អាវុធហត្ថ​ស្រាវជ្រាវ រក​ឃើញ​បង្កើត​ដោយ​ខ្លួនឯង​រាប់ពាន់​គ្រឿង​នោះ​តែម្តង​។

ក្រៅ​ពី​នេះ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​ហាត់ប្រាណ រួសរាន់​ងូតទឹក ស្លៀកពាក់ រួច​រង់ចាំ​បទបញ្ជា​ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់​គណៈប្រតិភូ​ជាតិ អន្តរជាតិ ជួយ​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឆ្លងផ្លូវ តាម​ភូមិសាស្ត្រ​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ពុំ​ខ្លាច​ភាព​នឿយហត់​ឡើយ ក្នុងនាម​ជា​អ្នក​បម្រើ​រាស្ត្រ​ក្នុង​ទឹកចិត្ត​ស្មោះត្រង់​បំផុត​ដោយ​មិន​គិត​យប់​ថ្ងៃ​ឡើយ​៕
វិមាន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114