BREAKING NEWS
Search

ចោរស្រីវ័យក្មេងដៃរហ័សប៉ះស្ត្រីវ័យចំណាស់ចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ

បាត់ដំបង៖  ចោរប្រុសស្រី ០២ នាក់ដែលគេស្គាល់ថា ជាមុខសញ្ញាតែងឌុបគ្នាដើរចូលនៅតាមផ្សារដើម្បីធ្វើសកម្មភាពលូកយកលុយក្នុងកាបូបរបស់អ្នកដើរទិញទំនិញក្នុងផ្សារ ប៉ុន្តែពេលនេះចោរប្រុសស្រីទាំងពីរត្រូវអស់ល័ក្ខជាមួយស្ត្រីវ័យចំណាស់ម្នាក់បានចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០  វេលា ម៉ោង ០៧ និង ១០ នាទី នៅចំណុចក្នុងផ្សារបឹងព្រីង ស្ថិតក្រុមទី ៤៣ ក្នុងភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីលួចបន្លំនេះ បង្កឡើងដោយជនសង្ស័យប្រុសស្រីចំនួន ០២ នាក់ ដែលមាន ឈ្មោះ ÷១/ ឈ្មោះ ភី សុភ័ ក្រ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិ តាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២/ ឈ្មោះ ខន ខួច ភេទ ស្រី អាយុ ៣០ ឆ្នាំ រស់នៅភូមិអន្លង់ល្វា ឃុំតាម៉ឹម ស្រុកសង្កែ ខេត្តបាត់ដំបង ( ជនដៃដល់ ) បានធ្វើសកម្មភាពចូលក្នុងផ្សារបឹងព្រីង ហើយបានលួចយកប្រាក់ក្នុងកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ហឿន ច្រិ ប ភេទស្រី អាយុ ៥៣ ឆ្នាំ រស់នៅ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ច បន្តថា ក្នុងពេលជនសង្ស័យម្នាក់ជាស្ត្រីកំពុងធ្វើសកម្មភាព ភ្លាមៗនោះត្រូវជនរងគ្រោះជាស្ត្រីវ័យចំណាស់ខាងលើដឹង និងឃើញទាន់ ហើយក៏ចាប់ឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ខ្លួនឱ្យសមត្ថកិច្ចនគរបាលឃុំបឹងព្រីងចាត់ការតាមច្បាប់តែម្តង ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ប្រាក់រៀល ចំនួន ១៦៦,០០០ រៀល ( ដប់ប្រាំមួយម៉ឺនប្រាំមួយពាន់រៀល ) ជារបស់ជនរងគ្រោះ និងម៉ូតូចំនួន ០១ គ្រឿង ម៉ាក C125 ទ្រីម ពណ៌ខ្មៅ សេរី ២០០៦ ពាក់ ស្លាកលេខ បាត់ដំបង 1D.3204 ជារបស់ជនសង្ស័យជិះទៅធ្វើសកម្មភាព  ទូរសព្ទ ០២ គ្រឿង  និងកាបូបស្ពាយចំនួន ០២ ។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកថ្មគោលកំពុងធ្វើការស្រាវជ្រាវ និងរៀបចំបញ្ជូនជនសង្ស័យទាំងពីរ រួមនិងវត្ថុតាងមកការិយាល័យជំនាញនៃស្នងការខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​មុខសញ្ញា​ជនសង្ស័យ​៣នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

សូមចុចអាន៖ ទីបំផុត លោក រ៉ុង ឈុន តុលាការ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​