BREAKING NEWS
Search

ករណីលិចទូកនេសាទនៅកោះរ៉ុងមានជនរងគ្រោះ ១៣ នាក់បានចេញពីមន្ទីរពេទ្យ និង ៣ នាក់ទៀតបន្តព្យាបាលជំងឺ

ភ្នំពេញ៖ លោកស្រី ឱសថការី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានឲ្យដឹងថា ករណីលិចទូកនេសាទនៅកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជនរងគ្រោះមិនមានភាពធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែមានសភាពរងារនិងភិតភ័យប៉ុណ្ណោះ។
លោកស្រីបានបន្តថា ជនរងគ្រោះដោយសារលិចទូក ១៦ នាក់នោះមានអ្នកជំងឺចំនួន ១៣ នាក់បានធូរស្រាលក្រោយពីសំរាកនៅមន្ទីរពេទ្យរយៈពេលខ្លី ពេលអន់រងារ ស្ងប់អារម្មណ៍បន្តិចត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅសំរាកនៅផ្ទះវិញបាននៅយប់ថ្ងៃទី ០១ សីហា ។
លោកស្រីបានបន្ថែមថា ចំណែកជនរងគ្រោះ ៣ នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារពួកគាត់អស់កម្លាំងពេលមានអាការៈល្អប្រសើរឡើងវិញហើយអាចចេញពីមន្ទីរពេទ្យបានហើយ។
លោកស្រីបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទាំង១៦នាក់នោះមានប្រុស ៧ នាក់ ស្រី ៩ នាក់ ក្នុងនោះមានកុមាររី ២ នាក់ និងស្ត្រីវ័យចំណាស់អាយុ ៨០ ឆ្នាំដែលមានរាយឈ្មោះដូចតទៅ ១. ស្ងួន ស្រីពេជ្រ ១៧ ឆ្នាំ ភេទស្រី ២. រិទ្ធី ស្រីវួចនីត ១៥ ឆ្នាំ ភេទស្រី ៣. វ៉េង សារ៉ន ៤៧ ឆ្នាំ ភេទស្រី ៤. កង ចរិយា ២៤ ឆ្នាំ ភេទស្រី ៥. កាន់ លឹមហៀង ៣០ ឆ្នាំ ភេទស្រី ៦. ផល សំណាង ៣ ឆ្នាំ ភេទស្រី ៧. អ៊ិន ធា ២៦ ឆ្នាំ ភេទប្រុស ៨. ហែម ស៊ីនួន ៣៦ ឆ្នាំ ភេទប្រុស ៩. ឃឹម ស្រីអន ២៩ ឆ្នាំ ភេទស្រី ១០. អែល រ៉ូហ្សា ៩ ឆ្នាំ ភេទស្រី ១១. ញ៉ែ អ៊ុយ ៨០ ឆ្នាំ ភេទស្រី ១២. សេង ឬទ្ធី ៥៤ ឆ្នាំ ភេទប្រុស ១៣. រឿង រាប ៥៤ ឆ្នាំ ភេទប្រុស ១៤. ទឹម ទ្រី ៣១ឆ្នាំ ភេទប្រុស ១៥. ផាន ផាត់ ២៦ឆ្នាំ ភេទប្រុស និង១៦. ហួន ដារ៉ា៣០ឆ្នាំ ភេទប្រុស។
គួរបញ្ជាក់ថាកាលពីវេលាម៉ោង ១៤ និង ៥០ នាទី រសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ មានករណីទូកឈើនេសាទ ប្រភេទ បេអឺ ពណ៌ត្រួយចេក មានមនុស្ស ១៦ នាក់បានលិចនៅចំណុចលេខដាវ ខ្សែទទឹង លេខ ១០.៤៣ ខ្សែបណ្តោយលេខ ១០៣.២២ ចន្លោះកោះរ៉ុងសន្លឹម និងកោះតូច ចម្ងាយប្រមាណ៣ម៉ៃ ពីកោះតូច ស្ថិតនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ៕

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ក្នុងថ្ងៃតែមួយ មានករណីលិចទូកចំនួន ០២ គ្រឿង គឺទូកទេសចរណ៍ ០១គ្រឿង និង ទូកអ្នកនេសាទ ០១គ្រឿង នៅខេត្តព្រះសីហនុ