ឆ្នាំ​២០១៩​ មាន​កម្មករ​និយោជិត​ជាង​៨០០​នាក់​ដួលសន្លប់ ​មានការ​ថយ​ចុះ​ជាង​៦០​ភាគរយ​

​ភ្នំពេញ​ ៖ ​លោក​ហេង សុផាន់​ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​គោលនយោបាយ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម បានឲ្យ​ដឹងថា ​កាលពី​ឆ្នាំ​២០១៩​កន្លងទៅ​ថ្មីៗ​នេះ​ មាន​កម្មករ​និយោជិត​សន្លប់​មាន​ចំនួន​៨៣១​នាក់ ក្នុងនោះ​ស្រី​៨២២​នាក់ នៅ​តាម​រោងចក្រ​សហគ្រាស​ចំនួន​១១​។​

លោក​បាន​បន្តថា​ ចំនួន​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៨​ ឃើញថា ​មានការ​ថយ​ចុះ​ចំនួន​៦​រោង​ចក្រ ស្មើនឹង​៣៥​ភាគរយ​ និង​កម្មករ​និយោជិត​សន្លប់​ថយ​ចុះ​ចំនួន ១ ២៧៨​នាក់ ស្មើនឹង​៦១​ភាគរយ​ដែល​ភាគច្រើន​កម្មករ​និយោជិត​ដែល​រងគ្រោះ គឺ​បាន​ផ្តើមចេញពី​កម្មករ​និយោជិត​សន្លប់​តែ​ពី​ម្នាក់ ឬ​ពីរ​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​គឺ​បាន​ឆ្លង​នូវ​ជំងឺ​ស្នេហ៍​ហ្វូង​(​ឃើញ​អ្នក​ដួលសន្លប់​ក៏​សន្លប់​តាម​គ្នា​)។​
​ ​
ថ្លែង​នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​សម្រេចបាន​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​គាំពារ​កម្មករនិយោជិត (​ស​.​ផ​.​ក​) និង​ក្រុម​ការងារ​ទប់ស្កាត់​ករ​ណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ (​ទ​.​ស​.​ប​.​ក​) កាលពី​ថ្ងៃទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ លោក​បានឲ្យ​ដឹង​បន្ថែមថា ​មាន​កត្តា​ជាច្រើន​ដែល​បណ្តាលឲ្យ​មាន​ករណី​សន្លប់​កើតមាន​ឡើង រួមមាន​ដូចជា បញ្ហា​ចិត្តសាស្ត្រ​សង្គម​៣៩​ភាគរយ បញ្ហា​គីមី​១៨​ភាគរយ ​បញ្ហា​រូបសាស្ត្រ​១៨​ភាគរយ​បញ្ហា​មេកានិច ៧​ភាគរយ បញ្ហា​ជីវសាស្ត្រ​៧​ភាគរយ បញ្ហា​វិទ្យាសាស្ត្រ​រៀបចំ​ការងារ ៧​ភាគរយ​ និង​បញ្ហា​ការងារ​បន្ថែម​ម៉ោង​៤​ភាគរយ។​

លោក​បាន​បញ្ជាក់ថា​ ដោយឡែក​សម្រាប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​កម្មករ​និយោជិត ក្នុង​ឆ្នាំ​២០១៩ កន្លងទៅនេះ បាន​កើតឡើង​ចំនួន ១ ៥៥៤​ករណី (​គ្រោះថ្នាក់​ដោយ​រថយន្ត​ចំនួន ៤៣​ករណី​, ដោយសារ​ម៉ូតូ​ចំនួន ១ ៤៣៧​ករណី​, រ៉ឺម៉ក​ចំនួន ៩​ករណី​, កង់​ចំនួន ១២​ករណី​, និង​ អ្នក​ថ្មើរជើង​ចំនួន ៥៣​ករណី​) ដែលមាន​ជនរងគ្រោះ​ចំនួន ២ ០០៦​នាក់ បណ្ដាលឲ្យ​ស្លាប់​ចំនួន​៥០​នាក់ របួសធ្ងន់​ចំនួន ៣៤១​នាក់ និង​របួសស្រាល​ចំនួន ១ ៦១៥​នាក់​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៩ ជា​លទ្ធផល​ក្នុង​ឆ្នាំ​២០១៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ចំនួន​១៥៦​ករណី ស្មើនឹង​១០​ភាគរយ ចំណែក​ជនរងគ្រោះ​មានការ​កើនឡើង​ចំនួន ១៤៣​នាក់ ស្មើនឹង ៧​ភាគរយ។

លោក​បាន​បញ្ជាក់ថា ​មូល​ហេតុដែល​បង្កឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នេះ គឺ​បណ្តាល​មកពី​មូលហេតុ​ចម្បងៗ​មួយចំនួន​ដូចជា បើកបរ​លើស​ល្បឿន​កំណត់​៣៧​ភាគរយ , និង​កត្តា​មិន​គោរព​សិទ្ធ​អាទិភាព​២៣​ភាគរយ​, ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ១៨​ភាគរយ , បត់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ៩.២​ភាគ , មិន​ប្រកាន់​ស្ដាំ​៨​ភាគរយ , លក្ខណៈ​បច្ចេកទេស​យានយន្ត​៤​ភាគរយ ​និង​កត្តា​ផ្លូវ ០.៨​ភាគរយ។​

ទាក់ទង​ទៅនឹង​បញ្ហា​ខាងលើនេះ លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជានា​យក បេ ឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ឲ្យ​ក្រុមការងារ ទ​.​ស​.​ប​.​ក​. និង​ក្រុមការងារ ស​.​ផ​.​ក​. បន្ត​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំ​បន្ថែម​ទៀត ដល់​កម្មករ​និយោជិត​នៅតាម​បណ្តា​សហគ្រាស គ្រឹះស្ថាន​នានា ឲ្យ​មាន​ការ​យល់ដឹង​ខ្ពស់​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ប្រឈម​នេះ ដើម្បី​កម្មករនិយោជិត​ទទួលបាន​នូវ​សុខភាព​ដ៏​ល្អប្រសើរ​គ្រប់​ពេល​វេលា ក្នុងការ​ជំរុញ​ដល់​ការលើក​កម្ពស់​ជីវភាព​រស់នៅ​ដោយផ្ទាល់ ​ក៏ដូចជា​រួមចំណែក​លើក​កម្ពស់​វិស័យ​សេដ្ឋកិច្ចកម្ពុជាឲ្យ​កាន់តែ​មានកា​រីកចម្រើន​៕​


អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114