រក​ឃើញ​ប្តី​ប្រពន្ធ​​ជន​ជាតិ​ខ្មែរ​​ឆ្លង Covid-19 ពី​ជនជាតិ​ចិន​ថ្ងៃ​នេះ​ ដោយ​​សារ​បុរសចិន​​ឆ្លង​ពី​​មិត្ត​ស្រី​​​ជនជាតិ​វៀតណាម​​

កម្ពុជា​បាន​ប្រកាស​រក​ឃើញ​អ្នក​ផ្ទុក​​ Covid-19 ២ នាក់​បន្ថែម​​ទៀត​​ ​គិត​​ត្រឹម​​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ​២០២០​ ខណៈ​អ្នក​​ជា​សះស្បើយ​​មាន​​ចំនួន​ ៥ នាក់​។ អ្នក​​ឆ្លង​ Covid-19​ពីរ​​នាក់​ប្តី​ប្រពន្ធ​មាន​មិត្តភ័ក្ដិ​ជា​ជនជាតិ​ចិន​​ ខណៈ​ប្តី​មាន​​អាយុ​ ៤៧ ឆ្នាំ​ ប្រពន្ធ​មាន​​អាយុ​ ៤៥ ឆ្នាំ​ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែក្រោម​ រាជធានី​ភ្នំពេញ​​។

ពីរ​នាក់​ប្តី​ប្រពន្ធ​រស់​នៅ​សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​ មាន​មិត្តភ័ក្ដិ​​​ជា​បុរស​ជនជាតិ​ចិន ដែល​ចូល​មក​កម្ពុជា​កាល​​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២០​ ។​ បុរស​ជនជាតិ​​ចិន​រូប​នេះ​ឧស្សាហ៍​ធ្វើ​ដំណើរ​​ឡើង​ចុះ​ និង​ក្រោយ​មក​បាន​ចាក​ចេញ​​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី៣ ខែ​មេសា​ ឆ្នាំ​២០២០​ ក៏​បាន​រក​​ឃើញ​មាន​​ផ្ទុក​​ Covid-19 ដោយ​អាជ្ញាធរ​សុខាភិបាល​​​នៅ​ប្រទេស​ចិន​។

បុរស​ជនជាតិ​ចិន​រូប​នេះ​ ជា​មិត្ត​ប្រុស​របស់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ ដែល​អាជ្ញាធរ​កម្ពុជា​បាន​រក​ឃើញ​មាន​ផ្ទុក​ Covid-19 តាម​រយៈ​ការ​យក​វត្ថុ​សំណាក​របស់​​ស្ត្រី​រូប​នោះ​ទៅ​​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរសូវៀត​ ហើយ​បច្ចុប្បន្ន​កំពុង​​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម​ រាជធានី​ភ្នំពេញ​ ក្រោយ​ពី​បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​​នា​ព្រឹក​ថ្ងៃ​ទី​ ៧ ខែ​មេសា ឆ្នាំ​២០២០​។

ក្រុម​ការងារ​ក្រសួង​សុខាភិបាល កំពុង​តែ​ធ្វើ​កិច្ច​ការ​ស្រាវជ្រាវ​ករណី​ថ្មី​​ជា​បន្ត​ទៀត ហើយ​នឹង​បន្ត​​ជូនដំណឹង​ជា​បន្ត​បន្ទាប់​ករណី​រក​ឃើញ​មាន​វីរុស​ Covid-19 ថ្មី​ណា​​ផ្សេង​ទៀត។​

​​បន្ទាប់​​ពី​បាន​រក​ឃើញ​​​ពីរ​នាក់​ប្តី​ប្រពន្ធ​​ថ្ងៃ​នេះ​​ធ្វើ​ឱ្យ​អ្នក​​ផ្ទុក​​កើន​ឡើង ១១៧​នាក់​ ខណៈ​អ្នក​ជា​សះស្បើយ​មាន​ចំនួន​ ៦៣នាក់៕