៣ចំណុច​​ដែលអាចបំផ្លាញ​ការនិយាយលើឆាក ទោះអ្នកមាន​ទំនុកចិត្ត​ខ្ពស់យ៉ាងណាក្តី

មនុស្ស​ជាច្រើន​ចង់ឡើងទៅលើឆាក ចង់ក្លាយជាអ្នកនិយាយ​សាធារណៈ ប៉ុន្តែ​គេបំផ្លាញ​រូបភាព​របស់ខ្លួនឯង​ដោយសកម្មភាព​បីយ៉ាងខាងក្រោមនេះ។

ទីមួយ ​ការព្យាយាមធ្វើត្រាប់ដទៃ។
មិនដែលមាន​ទ្រឹស្តីជាក់លាក់ណាមួយ ដែលបង្រៀន​យើង​ឱ្យក្លាយជាអ្នកនិយាយដ៏អស្ចារ្យនោះទេ ប៉ុន្តែ​វាអាចធ្វើឱ្យយើង​ក្លាយ ជាអ្នកនិយាយគួរឱ្យធុញ ពិបាកទ្រាំនឹងស្តាប់ ប្រសិន​បើ​យើង​កំពុង​តែសម្តែង។ សូមគិតថា ការនិយាយ​សាធារណៈជាការចែករំលែកគំនិត ចំណេះដឹង​និងបទពិសោធន៍មិនមែន​សម្តែងល្ខោនឡើយ។ អនុញ្ញាតឱ្យខ្លួនយើង​បង្ហាញ​ថាយើងជាអ្នកណា មាន​សំឡេងបែបណា ភ្ជាប់ជាមួយអ្នក គុណវិបត្តិ គុណសម្បត្តិ ដែលជាមនុស្សម្នាក់ មិនមែនជាតួឯកកុនល្ខោនអ្វីទាំងអស់។ កុំស្វែងរកការយល់ព្រម យល់ស្រប និង​ងក់ក្បាល ។ ផ្តោតលើការចូលរួមចំណែកផ្តល់ការពិត សម្តីពិត និងពិសោធន៍ពិត។​កុំអានសៀវភៅ​យកមកនិយាយ និងកុំទន្ទេញទ្រឹស្តីមកផ្សារភ្ជាប់។

ទីពីរ កុំប៉ប៉ាច់ប៉ប៉ោច

អ្នកមិនមែនកំពុងនិយាយ​លើ Internetទេ ការនិយាយដែលគ្មាន​ទិន្នន័យ​មកយោង ស្មើនឹង​«ប៉បា៉ច់ប៉បោច»គ្រាន់ត្រឹមស្តាប់កម្សាន្ត​មិនមែន​ស្តាប់បានចំណេះ​ទេ ។ ភាពជឿជាក់ វាបាត់បង់ភ្លាម​ៗ ហើយ​អ្នកទស្សនានិងមិនចង់ឃើញយើង ​នៅវេទិកា​លើក្រោយទៀត ​ដោយសារយើងនិយាយមិនមាន​ការស្រាវជ្រាវ និងគ្មាន​តួលេខបង្ហាញ​សង្កត់ទម្ងន់ឱ្យ​ពាក្យ​ដែលយើង​អះអាង។  ឧទាហរណ៍ ប្រសិន​បើយើង​ចង់និយាយថា យុវវ័យឥឡូវនេះ​ដើរលេងច្រើន​ជាងរៀនឯណា តួលេខ?​ខាងណាអ្នករកឃើញ? វាគ្រាន់ជាគំនិតយើងម្នាក់ឯង? បើជាគំនិតយើង​គប្បីនិយាយក្នុងបរិវេណជីវិត​យើង កុំយកទៅម៉ៃស្មាន​វាយប្រហារ​មនុស្ស​មួយក្រុមធំ បើធ្វើបែបនេះ​បង្ហាញ​ថាខ្លួន​យើង​អស្ចារ្ស ចប់ហើយ!​

ទីបី កុំស្រែក 

ពីធីករទូរទស្សន៍ចូលចិត្ត​ស្រែក ​មិនថាស្រីឬប្រុស ហើយច្រលំថា ខ្លួនគេជាអ្នកនិយាយ​សាធារណៈ។​ អ្នកនិយាយ​សាធារណៈមែនទែន ផ្តោតលើមាតិកា​ដែលគេនិយាយប្រាប់អ្នកស្តាប់ ផ្តោត​លើ​អ្វីទៅជាសារ អ្វីទៅជាព័ត៌មាន ​អ្វីទៅដែលអ្នកស្តាប់អាចស្ពាយយកទៅផ្ទះ​វិញបាន។ សាររបស់អ្នកមានសម្រែកខ្លាំងជាសម្លេងគំហកស្រែក ព្រោះថា សំឡេងអ្នកខ្សោយក្តី ទប់ក្តី ស្អកក្តី គ្មាន​អ្នកណាខ្វល់ទេ​ គេខ្វល់ពីអត្ថន័យ​ដែលអ្នកកំពុង​និយាយ។ប្រសិនបើអ្នកចង់កំប្លែងខ្លះ អាចថែមកំប្លែងតែ ប្រសិនបើកម្មវិធីផ្លូវការត្រូវផ្លូវការ។

Mr Tomorrow