BREAKING NEWS
Search

មនុស្សចំនួន ៤៤ នាក់ទៀតហើយត្រូវបានធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណានៅលើនាវាកម្សាន្ត Diamond Princess ប្រទេសជប៉ុន

រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថាមនុស្ស ៤៤ នាក់ផ្សេងទៀតបានធ្វើតេស្តិ៍រកឃើញវីរុសកូរ៉ូណានៅលើនាវាទេសចរណ៍ Diamond Princess ដែលបានចូលចតនៅក្រុងយូកូហាម៉ា ប្រទេសជប៉ុន។

ចំនួននេះនាំឱ្យមានករណីសរុបនៅលើកប៉ាល់ខាងលើឡើងដល់ ២១៩ នាក់ក្នុងនោះមានមន្ដ្រីម្នាក់របស់ជប៉ុន ដែលនេះជាករណីឆ្លងខាងក្រៅទឹកដីចិនធំបំផុតនាពេលបច្ចុប្បន្ន។

លោក Kato មិនបានផ្តល់ព័ត៌មានលំអិតពីសញ្ជាតិអ្នកឆ្លងថ្មីៗទាំងនេះទេ។

នាវា Diamond Princess ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចាប់តាំងពីបានទៅដល់ឆ្នេរសមុទ្រជប៉ុនកាលពីដើមសប្តាហ៍មុនបន្ទាប់ពីគេបានរកឃើញថាអតីតអ្នកដំណើរម្នាក់ដែលបានចុះពីកប៉ាល់នេះមានផ្ទុកវីរុសកូរ៉ូណាកាលពីខែមុន។

នៅពេលមកដល់ប្រទេសជប៉ុនដំបូងអាជ្ញាធរបានធ្វើតេស្តិ៍មនុស្សជិត ៣០០ នាក់នៃមនុស្សសរុប ៣៧១១ នាក់នៅលើនាវានោះ និងបានជម្លៀសមនុស្សរាប់សិបនាក់ដែលបានឆ្លងទៅមន្ទីរពេទ្យក្នុងតំបន់។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះការធ្វើតេស្តបានធ្វើឡើងបន្ថែមចំពោះអ្នកដែលមានរោគសញ្ញាថ្មីៗ ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដំណើរ ឬនាវិកឆ្លងផ្សេងទៀត។

អ្នកដែលនៅលើកប៉ាល់ត្រូវបានគេស្នើសុំឱ្យស្នាក់នៅក្នុងកាប៊ីនរបស់ពួកគេហើយត្រូវពាក់ម៉ាសនិងរក្សាគម្លាតចម្ងាយឆ្ងាយពីគ្នានៅពេលដែលនៅខាងក្រៅ ហើយផ្តល់ឱ្យទែម៉ូម៉ែត្រត្រួតពិនិត្យសីតុណ្ហភាពរបស់ពួកគេឱ្យបានទៀងទាត់។
នាវានេះត្រូវបានគេរំពឹងថានឹងត្រូវស្ថិតនៅដាច់ដោយឡែករហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ពោលគឺ ១៤ ថ្ងៃបន្ទាប់ពីការចាប់ផ្តើមពិនិត្យ ៕

ប្រែសម្រួល៖ វ៉ាន់ថន