BREAKING NEWS
Search

រឿងរំលោភ​យក​ដីប្រជាពលរដ្ឋ​​១៣​គ្រួសារ​ ក្នុងខេត្តសៀមរាប អជ្ញាធរ​ហៅភាគី​ជម្លោះមកជួបនៅថ្ងៃច័ន្ទ

សៀមរាប ៖ បន្ទាប់ពី​ពួកគាត់​ត្រូវ​អ្នកមាន​លុយ​ រំលោភ​យក​ដី​លំនៅឋាន ​ប្រជាពលរដ្ឋ​ចំនួន​ ១៣​គ្រួសារ រស់​នៅ​ក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​អះអាង​ថា ពួកគាត់​កំពុង​មាន​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​ឈ្មោះ​ព្រំ ឡាង ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា ឃុបឃិត​ជាមួយ​អ្នក​មាន​អំណាច​ មក​រំលោភ​យក​ដី​លំនៅឋាន​ស្របច្បាប់​របស់​ពួកគាត់ ហើយ​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែមទៀត។

ប្រជាពលរដ្ឋ​បាន​រៀបរាប់​ថា កាលពី​ឆ្នាំ​១៩៩៥ ពួកគាត់​ទាំង​១៣​គ្រួសារ​បាន​មក​ទិញ​ដី​ឡូត៍​ ស្ថិតនៅ​ក្នុង​ភូមិ​ភ្នំ​ក្រោម​នេះ ដោយមាន​ការ​ទទួល​ដឹង​លឺ​ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​។ លុះ​មកដល់​ឆ្នាំ​១៩៩៩ មានឈ្មោះ​ ព្រំ​ ឡាង ក៏បាន​មក​ទិញ​ដី​ជាប់​គ្នា​នោះ​ដែរ ប៉ុន្តែ​ដី​ដែល​ឈ្មោះ ព្រំ ​ឡាង ​ទិញ​បាន​បោះ​បង្គោល​ព្រំ​ត្រឹមត្រូវ​នោះ​គឺ ​ស្ថិត​ក្នុង​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប​ដែរ ពោលគឺ​ដី​ជាប់​គ្នា ប៉ុន្តែ​ស្ថិត​ភូមិ​ផ្សេងគ្នា​។

ប្រជាពលរដ្ឋ​បាន​បន្ត​ឲ្យ​ដឹង​ថា លុះដល់​ឆ្នាំ​២០០៥ ស្រាប់តែ​ឈ្មោះ​ ព្រំ ឡាង នេះ បាន​ប្តឹង​ពួកគាត់​ទៅ​តុលាការ​ថែម​ទៀត។បន្ទាប់ពី​មានការ​ប្តឹង​ផ្តល់​គ្នា​នេះ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០០៥ ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​ភូមិបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​រក​ឃើញ​ថា ដី​របស់​លោក​ព្រំ ឡាង និង​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ មិនបាន​ជាន់គ្នា​ឡើយ។

ប្រជាពលរដ្ឋ​បន្ត​ថា បើ​ទោះបី​ជា​មានការ​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្តី ក៏​លោក​ព្រំ ឡាង មិន​បញ្ចប់​រឿងរ៉ាវ​ត្រឹមហ្នឹង​ទេ គឺ​គាត់​នៅតែ​បន្ត​គំនិត​បង្ក​ទំនាស់​ ជាមួយ​ប្រជាពលរដ្ឋ​រហូតមកដល់​បច្ចុប្បន្ន​នេះ។ ដូច្នេះ​ទើប​ពួកគាត់​សម្រេច​ដាក់​លិខិត​មួយ ​ទៅ​សាលាក្រុង​សៀមរាប ​ដើម្បី​ឲ្យ​សាលាក្រុង​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​។ ជា​មួយ​គ្នា​នេះ​ក្រុម​ប្រជាពលរដ្ឋ​ក៏បាន​ទទូច ​សុំ​ការ​ជួយ​ផ្តល់​យុត្តិធម៌​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​បណ្ឌិត​ផងដែរ។

ចំពោះ​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ ភាគី​លោក ព្រំ​ ឡាង​ មិន​អាច​សុំ​ការ​ទំនាក់ទំនង ដើម្បី​បំភ្លឺ​បានទេ​។ ចំ​ណែ​លោក​ សូ​ប្លា​តុ​ង ​អភិបាលក្រុង​សៀមរាប បាន​ប្រាប់​កម្ពុ​ជាថ្មី​តាម​ទូរស័ព្ទដៃ​រ ​នៅ​រសៀល​ក្នុង​ថ្ងៃ​ទី​១២​ខែមករា ឆ្នាំ​២០១៧​នេះ​ថា ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទាំង​ ១៣​គ្រួសារ បាន​ធ្វើ​ការ​តវ៉ា ហើយ​នឹង​ដាក់​ពាក្យ​បណ្តឹង​ចូល​មក ​សាលាក្រុង​សៀមរាប​ពី​បញ្ហា​ដីធ្លី ដែល​ស្ថិត​ក្នុង​ភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប នោះ លោក​បាន​ទទួល​ហើយ ហើយ​លោក​និង​អញ្ជើញ​ភាគី​ជម្លោះ​ លោក ​ព្រំ ​ទ្បា​ង ​និង​ប្រជាពលរដ្ឋ​ទាំង​១៣​គ្រួសារ ​មក​ដោះស្រាយ​គ្នា​នៅ​សាលាក្រុង​សៀមរាប​ នៅ​ថ្ងៃ​ច័​ន្ទ​សប្តា​ហ៍​ក្រោយនេះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114