ស្រលាញ់៤យ៉ាង ដែលមនុស្ស​ច្រើនតែបង្កើតខុស

ការមានស្នេហាមិនមែនជារឿងអាក្រក់នោះទេ វាគ្រាន់តែថា មនុស្ស​ភាគច្រើនបានបង្កើតវា​ខុស​ហើយ​ពេលមិនមានលទ្ធផល​ក៏​ស្អប់ជីវិត​ខ្លួនឯង។

ទីមួយ បង្កើត​ពេលនៅវ័យក្មេងជំទង់ពេកមិនមានអាយុសមស្របនឹងស្នេហា។

ក្មេងជំទង់មិនគួរត្រូវបានគេអនុញ្ញាតឱ្យណាត់ជួបស្នេហា​ទេមុនអាយុ១៨ឆ្នាំ ព្រោះវាមានគុណវិបត្តិច្រើននៅក្នុងទំនាក់ទំនងស្នេហាបែបនេះ ជាជាងគុណសម្បត្តិ។  ក្មេងជំទង់ភាគច្រើនមិនធ្វើសកម្មភាពដោយវាងវៃនៅឡើយទោះបីជាពួកគេយល់ថាខ្លួនដឹងរឿងក្នុងលោកនេះគ្រប់យ៉ាង តែតាមពិត គេមិនដឹងអ្វីទំាងអស់ជុំវិញ​ស្នេហា​និងការឈឺចាប់។ ពួកគេមាន​ចិត្ត​ឆេវឆាវហើយងាយធ្លាក់ក្នុងទុក្ខ​ជ្រៅ​រកដំណោះស្រាយមិនចេញ។

ទីពីរ ស្រលាញ់មនុស្ស​ដែល​មាន​ស្ថានភាពខុសពីខ្លួនពេក

មនុស្ស​ជាច្រើន​ត្អូញ​ថាខ្លួនក្រ​ទើបគ្មានស្រីស្រលាញ់ ដែលតាមពិត​មកពីខ្លួនមិនយកភ្នែកមើលនារីដែលមកពីមជ្ឈដ្ឋាន​ប្រហែលគ្នា។ ស្នេហា​គ្មានថានៈទេ​វាជាការយល់ចិត្ត​នៃមនុស្សពីរនាក់តែ​វាត្រូវតែទាក់ទាញដែរ​។​គ្មាន​នារីណាមកស្រលាញ់ប្រុសម្នាក់ដែល​ដេកតែចុច​ទូរសព្ទញ៉ែនាងនោះទេ។ នាងមានក្តីក្រក្តី នាងស្រលាញ់មនុស្ស​ប្រុសដែល​មាន​អ្វីមួយ​ដែលនាង​រំភើប។ ឧទាហរណ៍ នាង​មានទ្រព្យគេមានចំណេះ។ នាងមានសម្ភស្សគេមាន​ចរិតល្អ​ចេះទូន្មាន​នាង​ទៅរក​ផ្លូវល្អ។ យើងគ្មានទំាងលុយ​គ្មាន​ចំណុចល្អ​ដែលនាង​ចង់បានក្នុងអត្តចរិក គ្មានការងារ មិនខំរកជំនាញ​សម្រាប់ជីវិត​ដេកបន្ទោស​វាសនា​ថាមកពីក្រ????

ទីបី ការស្រលាញ់មនុស្ស​មានគូហើយ

វាជា​ការចាប់ផ្តើម​នៃ​សោកនាដកម្ម។ គេនោះមិនដែល​ គិតគូរឿងអនាគតជាមួយយើងទេ ក្នុងកាលៈទេសៈណាក្តី។ មនុស្ស​ដែលរៀបការរួច ទោះ​គេ​សប្បាយឬមិនសប្បាយចិត្តនឹងគ្រួសារ​គេ គេនៅតែ​ជាមេបញ្ហាក្នុងជីវិត​អ្នក។ ការលួចបន្លំធ្វើជាអ្នកទីបី​មិនសមនឹង​អ្នកណាទំាងអស់ គ្រប់គ្នាមាន​សិទ្ធិមាន​ស្នេហា​ដោយបើកចំហរ ហើយ​បញ្ហាទំនាក់ទំនងលាក់កំបាំង​គឺជាការ​មិនគោរពខ្លួនឯង ។

ទីបួន ស្រលាញ់មេកោយ

ចៅហ្វាយនាយដែលល្អ គេគោរពយើង អភិវឌ្ឍជំនាញយើង ហើយជួយយើងអោយសំរេចគោលដៅទំាងខាងគេ​នឹងខាងយើងលូតលាស់ទៅជាមួយគ្នា។ តែ​បើឃើញ​គេល្អ ហើយ​លង់ចិត្ត​ស្មានថាជាស្នេហា ច្រើនតែខុស ព្រោះថា ទំនាក់ទំនងប្រភេទនេះច្រើនតែត្រូវបានគេចោទប្រកាន់ថាយកអារម្មណ៍មកគ្របលើអាជីព អនុញ្ញាតឱ្យគាត់និង​យើង​ធ្វើកំហុសឆោតល្ងង់ទំាង២សងខាង នឹង​ក្លាយជាមនុស្សវង្វេងស្មារតីហើយផ្ចង់អារម្មណ៍តែអំពីផ្ទាល់ខ្លួនជាមួយ​ស្នេហា​ដែល​មិនមានសុវត្ថិភាព។ មួយវិញ​ទៀត មេដឹកនាំល្អម្នាក់​គួរ​តែ​ត្រូវបានតបស្នង​ដោយ​ការគោរពមិនមែន​នាំគាត់ឱ្យធ្វើកំហុសទេ។​វាបំផ្លាញ​អនាគតការងារ​អ្នកទំាងពីរ។

ចម្រើន​តារា