ទម្លាប់ចាត់ចែងហិរញ្ញវត្ថុដ៏អស្ចារ្សរបស់សហគ្រិនកំពូលៗក្នុងលោក
BREAKING NEWS
Search

ទម្លាប់ចាត់ចែងហិរញ្ញវត្ថុដ៏អស្ចារ្សរបស់សហគ្រិនកំពូលៗក្នុងលោក

ការបង្កើតទ្រព្យឲ្យចូលអាជីរកម្មឲ្យធំធាត់ ផ្តើមចេញពីទម្លាប់ប្រើហិរញ្ញវត្ថុដ៏វៃឆ្លាតរបស់សហគ្រិនម្នាក់ៗ។ ក្នុងការចាប់ផ្តើមដំបូង សហគ្រិនគ្រប់គ្នាពិជាមិនអាចក្លាយទៅជាអ្នកជំនួញប្រាក់វាល់ពាន់លានដុល្លារភ្លាមៗឡើយ ប៉ុន្តែអ្នកអាចសម្រេចគោលដៅជោគជ័យបាន។

តាមរយៈការអនុវត្តតាមការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលត្រូវបានប្រើដោយសហគ្រិនជោគជ័យជាច្រើនរូប អ្នកអាចកែប្រែស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឲ្យប្រសើរឡើងដូចគ្នា។

ចាប់ផ្តើមជាមួយគន្លឹះ ៥ យ៉ាងនេះ៖

១. បង្កើតបញ្ជីចាយប្រាក់ឲ្យចំគោលដៅ

អ្នកមានៗមិននិយមចាយលុយផ្ដេសផ្ដាសឡើយ ដោយការចំណាយនីមួយៗពួកគេមានគោលដៅច្បាស់លាស់ណាស់។ ជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកអាចយកលំនាំតាមសហគ្រិនជោគជ័យមួយចំនួន ដោយសរសេរបញ្ជីគោលដៅហិរញ្ញវត្ថុឲ្យជាក់លាក់ និងពិនិត្យឡើងវិញរាល់ថ្ងៃនូវលំហូរសាច់ប្រាក់ចេញ ដើម្បីកុំឲ្យចាយគ្មានដឹងមុខ និងអាចរកផលចំណេញចូលក្នុងការរកស៊ី។

២. បង្កើតផែនការចំណាយនិងសន្សំ

គ្មានផែនការសម្រាប់ទម្លាប់ចំណាយនិងសន្សំគឺជាបញ្ហាដ៏ធំបំផុតមួយដែលធ្វើឱ្យសហគ្រិនមិនអាចសម្រេចបាននូវគោលដៅរកស៊ីបានឡើយ។ លោក Spencer Barclay ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Savology មានប្រសាសន៍ មនុស្សដែលមិនបានតាមដានពីការចាយវាយ អាចបំផ្លាញហិរញ្ញវត្ថុរបស់ខ្លួនយ៉ាងធំ។ ដូច្នេះ ត្រូវតាមដានរាល់ការចំណាយ និងត្រូវចេះសន្សំប្រាក់ដោយកាត់បន្ថយការប្រើអ៊ិនធរណេត កាត់ចោលដំណើរកម្សាន្តប្រចាំថ្ងៃខ្លះ និងកាត់ចោលការចូលហាងប្រេនៗញឹកញាប់ជាដើម។

៣. បង្កើតចរន្តចំណូលថ្មី

យោងតាមសៀវភៅរបស់លោក Tom Corley បាននិយាយថា ៦៥% នៃមហាសេដ្ឋីដែលជោគជ័យ តែងតែបង្កើតឲ្យមានប្រភពចំណូលដោយមិនឲ្យទ្រព្យងាប់មួយកន្លែងឡើយ។ បុគ្គលទាំងនោះ បានបង្កើតលំហូរប្រាក់ចំណូលជាច្រើននៅក្នុងអាជីវកម្មដូចជា តាមរយៈការលក់ផលិតផលថ្មី ឬបន្ថែមសេវាកម្មថ្មីឲ្យកាន់តែសម្បូរបែបសម្រាប់អតិថិជន។សកម្មភាពទាំងនេះ ជួយឲ្យជំនួញកាន់តែរីកធំឡើង ក៏ដូចជាមានចំណូលចូលមិនឈប់ ទោះបីផ្នែកខ្លះនៃអាជីវកម្មមិនដើរក៏ដោយ។

៤. វិនិយោគបង្កើតប្រាក់ចំណូល

វិធីវិនិយោគប្រាក់ចំណូលចូលកន្លែងរកស៊ី គឺជាគន្លឹះដើម្បីជំរុញឲ្យមានកំណើនផលចំណេញបន្ថែមទៀត។

អ្នកជំនាញវិនិយោគជាច្រើនណែនាំឱ្យអនុវត្តយុទ្ធសាស្ត្រ “ ទិញនិងទុក” ព្រោះជាមធ្យោបាយមួយដើម្បីបង្កើតប្រាក់ចំណូលអកម្ម។ ការបន្ថែមប្រាក់ជាប្រចាំទៅក្នុងការវិនិយោគនឹងជួយឲ្យជំនួញមានការរីកចម្រើនទៅតាមពេលវេលា។

៥. តាមដានទីផ្សារ

ការយល់ដឹងបានច្បាស់ពីការផ្លាស់ប្តូរទីផ្សារ ធ្វើឲ្យអ្នកអាចតាមទាន់និន្នាការឬព្រឹត្តិការណ៍ដែលប៉ះពាល់ដល់អាជីវកម្មនិងការវិនិយោគផ្សេងទៀត ហើយអាចនឹងជួយឱ្យអ្នកចាត់វិធានការទាន់ពេលវេលាក្នុងការការពារទ្រព្យរបស់ខ្លួន ជៀសវាងការខាតបង់ធំ។

ចំពោះអ្នកយកប្រាក់កម្ចី សូម្បីតែការផ្លាស់ប្តូរអត្រាការប្រាក់ក៏អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការចំណាយរយៈពេលវែងបានដែរ។ ដូច្នេះតាមដានទីផ្សារសេដ្ឋកិច្ច អាចការពារអាជីវកម្មមិនឲ្យរលំដោយមិនដឹងខ្លួន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ បណ្ដាក់ទុនរកស៊ី គួរស្វែងយល់ប៉ុន្មានចំណុចនេះជាមុនសិន

ចុចអាន៖ ស្គាល់ពី​ការកំណត់អត្ថន័យ​ជីវិតក្នុងចំណោមក្រុម​អ្នកមាន​ពិតប្រាកដ​