៥ គន្លឹះ​ដើម្បី​កែលម្អ​​​យុទ្ធសាស្ត្រ​ទីផ្សារ​អាជីវកម្ម​ជោគជ័យ

រាល់​អាជីវកម្ម​ទាំងអស់​ ​ត្រូវ​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ល្អ​ៗដើម្បី​ទទួល​បាន​អតិថិជន។ ស្ថាប័ន​ជា​ច្រើន​ដំណើរការ​យុទ្ធនាការ​ដូចៗ​គ្នា ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​អតិថិជន​របស់​ពួកគេ​ចាប់ផ្ដើម​ធុញទ្រាន់។

ខាងក្រោម​នេះ​ ជា​គន្លឹះ​មួយ​ចំនួន​ដែល​ជួយ​ឱ្យ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ពី​ទីផ្សារ។

១. រកមើលដៃគូប្រកួតប្រជែង

ព្យាយាម​សម្លឹង​មើល ថា​តើ​បច្ចេកទេស​អ្វីខ្លះ​ដែល​គេ​កំពុង​ប្រើ​ដើម្បី​ទាក់ទាញ​អតិថិជន​ពួកគេ។ យុទ្ធសាស្ត្រ​របស់​ពួកគេ​អាច​នឹង​ដំណើរការ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ផង​ដែរ​ ព្រោះ​ពួកគេ​កំពុង​កំណត់​គោលដៅ​អតិថិជន​ស្រដៀង​គ្នា។​ ប្រសិន​បើ​ពួកគេ​បង់​ប្រាក់​ដើម្បី​ផ្សាយពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ជាក់លាក់​ណា​មួយ​ អ្នក​គួរ​តែ​ពិចារណា​ធ្វើ​ដូចគ្នា។ ឬ​ក៏​អាច​ទាញ​ទម្លាប់​ខ្លះ​របស់​ពួកគេ​សម្រាប់​អាជីវកម្ម​របស់​អ្នក​ផង​ដែរ។

២. ចងចាំថាអតិថិជនរបស់អ្នកតែងប្ដូរផ្លាស់

រាល់​ទីផ្សារ​កំពុង​បន្ត​ផ្លាស់ប្ដូរ​ ហើយ​យុទ្ធសាស្ត្រ​ទីផ្សារ​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព។ នេះ​អាច​មាន​ន័យ​ថា​ប្ដូរ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៅ​ជា​ការ​ស្វែងរក​វិញ។ ការ​រក្សា​អ្វី​គ្រប់យ៉ាង​ឱ្យ​ទាន់សម័យ​ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​ឧស្សាហកម្ម​អាច​ថា​ពិបាក​ ជា​ពិសេស​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ​នោះ​ជា​មូលហេតុ​ដែល​អ្នក​គួរ​តែ​ពិចារណា​ជួល​ក្រុមហ៊ុន​ឯករាជ្យណាមួយ។ ស្វែងរក​គេហទំព័រ​​ដើម្បី​មើល​ពី​ចំណុច​វិជ្ជមាន​ដែល​ភ្នាក់ងារ​ទីផ្សារ​ឌីជីថល​អាច​ធ្វើ​បាន​សម្រាប់​យីហោ​របស់​អ្នក។

៣. មាតិកាទីផ្សារ

មាតិកា​ដែល​ពាណិជ្ជកម្ម​របស់​អ្នក​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត ​មិនគ្រាន់​តែ​មាន​គោលបំណង​លក់​ប៉ុណ្ណោះ​ទេ។ វា​ក៏​អាច​បង្ហាញ​ថា ​ក្រុមហ៊ុន​របស់​អ្នក​គឺ​អាច​ទុកចិត្ត​បាន និងមាន​តម្លាភាព​នៃ​ភាព​ស្មោះត្រង់។ មិនថា​អ្នក​បង្ហោះ​វីដេអូ​ ប្លក់ ​ឬ​សារព័ត៌មាន​ណាមួយ ​វា​អាច​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​មើល ​និង​ទាក់ទាញ​ពួកគេ​បាន។  វត្តមាន​តាម​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ ពឹងផ្អែក​លើ​ខ្លឹមសារ​ដែល​ជា​មូលហេតុ​ដែល​ចាំបាច់​ត្រូវ​រៀបចំ​ផែនការ​បង្កើត​ និង​ចែករំលែក​សារ​តាម​អ៊ីនធឺណិត​ឲ្យ​បាន​ត្រឹមត្រូវ។

៤. បង់​ប្រាក់​ដើម្បី​ចុច​ផ្សាយ​ពាណិជ្ជកម្ម

មនុស្ស​រាប់​លាន​នាក់​ស្វែង​រក​របស់របរ​នៅ​លើ​អ៊ីនធឺណិត​រៀង​រាល់​ថ្ងៃ​នេះ​ជា​មូលហេតុ​នៃ​ការ​បង់​ប្រាក់​ក្នុង​ការផ្សាយពាណិជ្ជកម្ម​ ដែលទទួល​បាន​ប្រជាប្រិយភាព​។ វា​អាច​ធ្វើ​ឱ្យ​ពាណិជ្ជកម្ម​របស់​អ្នក​មើល​ឃើញ​នៅ​លើ​ទំព័រ​សំខាន់ៗ​នៃ​លទ្ធផល​ស្វែងរក​នីមួយៗ។ ផ្នែក​ល្អ​បំផុត​គឺ​ថា​អ្នក​ត្រូវ​បង់​ប្រាក់​ប្រសិនបើ​មាន​នរណា​ម្នាក់​ចុច​លើ​គេហទំព័រ​របស់​អ្នក។

៥. ធ្វើបច្ចុប្បន្នភាពគេហទំព័រ​លើ​អ៊ីនធឺណិត​

មកដល់​ចំណុច​នេះ​អ្នក​អាច​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​យុទ្ធនាការ​ទីផ្សារ​ខ្លះៗ​ហើយ។ មាន​គណនី​តែ​មួយ​គឺ​មិន​គ្រប់គ្រាន់​ទេ ​គួរតែ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ផលិតផល​ឲ្យ​បាន​ទៀងទាត់។ ប្រកាស​ប្រាប់​មុខងារ​ថ្មីៗ​នៃ​អាជីវកម្ម​របស់​អ្នក ​និង​ការ​ផ្លាស់ប្ដូរ​ផ្សេង​ទៀត​ឲ្យ​បាន​ទៀងទាត់។ ត្រូវ​ប្រាកដជា​អតិថិជន​នឹង​ដឹង​ពី​អ្វី​ដែល​កំពុង​កើតឡើង ​ទាំង​អាសយដ្ឋាន ​ពេលវេលា​ វេបសាយ​ទំនាក់ទំនង​នឹង​រូបភាព​បច្ចុប្បន្ន ៕

 

ចុចអាន៖២០២០នេះ​ ជាឆ្នាំល្អសម្រាប់យុវវ័យ​ដែល​ចង់ប្រលូក​រកលុយ

ចុចអាន៖វិធី៧ យ៉ាង​​ធ្វើ​ឱ្យ​​អ្នកមិនសូវពូកែនិយាយក្លាយ​ជា​អ្នក​ពូកែ​លក់ស្ទាត់ជំនាញ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ