BREAKING NEWS
Search

ធនាគារ​ជាតិ​អនុញ្ញាត​ឲ្យ​អិ​ល​អូ​អិ​ល​ស៊ី ​ផ្តល់​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​ដល់​សាធារណជន

ភ្នំពេញ ​៖ ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​បាន​អនុញ្ញាត​ផ្តល់​សិទ្ធិ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​លំដាប់​ទី​៤​និង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផ្តល់​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​ដល់​សាធារណជន។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មករា​បាន​ឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​០៩ ខែមករា​ ឆ្នាំ​២០១៧​កន្លងទៅ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បានអនុញ្ញាត​ផ្តល់​សិទ្ធិ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី​ផ្តល់​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​ដល់​សាធារណជន ​បាន​ធ្វើ​ឲ្យ​អិ​ល​អូ​អិ​ល​ស៊ី​ក្លាយ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ទីមួយ​នៅ​កម្ពុជា ដែល​ទទួលបាន​ការអនុញ្ញាត ក្នុងការ​ផ្តល់​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ ដែល​នេះ​ជាការ​ផ្តល់ ឱកាស​ដល់​អិ​ល​អូ​អិ​ល​ស៊ីក្នុង​ការចាប់យក​ចំណែក​ទីផ្សារ ដែល​កន្លងមក​ផលិតផល​នេះ​ត្រូវ​បានផ្តល់​ដោយ​ក្រុមហ៊ុន ភតិសន្យា​តែប៉ុណ្ណោះ​។

ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​គឺជា​ផលិតផល​ដែល​ទើបតែ​បង្កើត​ថ្មី ហើយ​អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី មើលឃើញ​ពី​សក្តានុពល​នៃ​កំណើន​ដ៏​ខ្លាំងក្លា​របស់​ផលិតផល​នេះ ក៏ដូចជា​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​។ ជា​ជម្រើស​ថ្មី​មួយ​ក្រៅពី​ផលិតផល​ឥណទាន ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​មិន​តម្រូវឲ្យ​អតិថិជន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ជា​ទ្រព្យ​ដាក់​ធានា ឬ​មិនចាំបាច់​ប្រើប្រាស់​សាច់ប្រាក់​ដុល​ដើម្បី​ទិញ​ចលនទ្រព្យ​ឡើយ​។

ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​របស់​អិ​ល​អូ​អិ​ល​ស៊ី ផ្តល់នូវ​លទ្ធភាព​ថ្មី​មួយទៀត​ដល់​អតិថិជន​ក្នុងការ​ទទួលបាន​មធ្យោបាយ​ធ្វើដំណើរ​ដូចជា​រថយន្ត និង​សម្ភារ​ប្រើប្រាស់ ដើម្បី​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម ក៏ដូចជា​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​អតិថិជន​។

បើតាម​លោក សុខ វឿន​ប្រធាន​នាយក​ប្រតិបត្តិ អិ​ល​អូ​អិ​ល​ស៊ី​បាន​មានប្រសាសន៍​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នោះ​ថា​ «​យើង​មាន​មោទនភាព​ដែល​បាន​ក្លាយជា​គ្រឹះស្ថាន​មួយ ក្នុងចំណោម​គ្រឹះស្ថាន​ដែល​នាំមុខគេ​ក្នុងការ​ពង្រីក​ទីផ្សារ​ភតិសន្យា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​»​។​ លោក​បាន​បន្តថា អិ​ល​អូ​អិ​ល​ស៊ី នឹង​ចាប់ផ្តើម​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ ដល់​អតិថិជន​នៅ​ខែមីនា ឆ្នាំ​២០១៧ សម្រាប់​ចលនទ្រព្យ​ដូចជា​សម្ភារៈ​ប្រើប្រាស់ គ្រឿងយន្ត ម៉ូតូ និង​យានយន្ត​ផ្សេងៗ​ទៀត​ដល់​ប្រជាជន​កម្ពុជា​។
លោក​សុខ​វឿន​បាន​បន្តថា​ តាមរយៈ​បណ្តាញ​សាខា​នៅ​ទូទាំងប្រទេស និង​មាន​អតិថិជន​បច្ចុប្បន្ន​ជាង ២០០.០០០ នាក់ រួម​ជាមួយនឹង​បទពិសោធន៍​ជាច្រើន​ឆ្នាំ​របស់​ក្រុមហ៊ុន​អិ​ល​អូ​អិ​ល​ស៊ី​គ្រុប នៅក្នុង​ប្រទេស​ស្រីលង្កា អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​នាំយក​នូវ​អត្ថប្រយោជន៍​របស់​ផលិតផល​ភតិសន្យា​ហិរញ្ញវត្ថុ​ផ្តល់ជូន​ប្រជាជន​កម្ពុជា ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅក្នុង​គ្រួសារ ក៏ដូចជា​ការពង្រីក​អាជីវកម្ម​។ ការចាប់ផ្តើម​អាជីវកម្ម​ភតិសន្យា​ហិរញ្ញវត្ថុ​ក៏បានផ្តល់​នូវ​ទីផ្សារ​ថ្មី​មួយទៀត​សម្រាប់​អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី ដូច្នេះ​ផលិតផល​នេះ​គឺជា​សសរស្តម្ភ​ដ៏​សំខាន់​នៅក្នុង​យុទ្ធ សាស្ត្រ​កំណើន​នាពេល​អនាគត​របស់​គ្រឹះស្ថាន។

អិ​ល​អូ​អិ​ល​ស៊ី (​ខេ​ម​បូ​ឌា​) ភីអិលស៊ី គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដែល​ធំជាងគេ​លំដាប់​ទី​៤ គិត​លើ​ចំនួន​អតិថិជន និង​ផលប័ត្រ​ឥណទាន​។ អិ​ល​អូ​អិ​ល​ស៊ី បាន​ក្លាយ​ជា​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ ដែល​ទទួលបាន​ការជឿ​ទុកចិត្ត​បំផុត​ពី​សំណាក់​ប្រជាជន​កម្ពុជា ដោយសារ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការផ្តល់​សេវាកម្ម​ប្រកបដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ជូន​ដល់​អតិថិជន ដូចជា​ការផ្តោត​ទៅលើ​សេវា​អតិថិជន ការកែលម្អ​ផលិតផល​ថ្មីៗ ព្រម​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​សមរម្យ និង​មាន​តម្លាភាព៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114