BREAKING NEWS
Search

ក្រុម​ភ្នំពេញ​ក្រោ​ន អនុ​ញ្ញាត​ឲ្យ​ក្លិប​ផ្សេងៗ ខ្ចី​កីឡាករ​ក្មេងៗ ៤​រូប​ក្នុង​រដូវ​កាល​២០១៧

ក្រុម​ភ្នំពេញ​ក្រោ​ន ជើងឯក​៦​សម័យកាល​ក្នុង​លី​គ​កំពូល​កម្ពុជា បានអនុ​ញ្ញាតឱ្យ​កីឡាករ​វ័យក្មេង​ចំនួន​៤​រូប ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​ផ្សេងៗ នៅ​រដូវ​កាល​ឆ្នាំ​២០១៧ នេះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ទាំងអស់​នោះ​។

កីឡាករ​ដែល​មាន​ឈ្មោះ​ខ្ចី​ជើង​នៅ​ក្លិប​ផ្សេង​មានដូច​ជា កីឡាករ ម៉ែន ពិភព ទៅ​ចូលរួម​ជាមួយ​ក្រុម អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត កីឡាករ ស្រាំង ទិ​ត្យ​ឈី ទៅ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ កីឡាករ សុខ បញ្ញា ទៅ វេ​ស្ទើ​ន​ភ្នំពេញ និង ស៊ាន ពិសារ ទៅកាន់​ក្រសួងការពារជាតិ​។ កីឡាករ​ទាំង​៤​មិនសូវ​បានបង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ប៉ុន្មាន​នោះ​ទេ ហើយ​នេះ​ជា​ឱកាស​ថ្មី​មួយ​ជាមួយ​ក្រុម​ថ្មី ដើម្បី​បង្កើន​សមត្ថភាព​។ កីឡាករ​ទាំង​៤​រូប​ចេញពី​យុវជន​ថ្នាល​របស់​ក្លិប​ទាំងអស់​ដែល​បណ្តុះ​ចេញ​គិត​ពី​ឆ្នាំ​២០១១ មក​។

ចំពោះ​ក្រុម​ភ្នំពេញ​ក្រោ​ន វិញ​ក្រៅពី​ត្រៀមខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2017) និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup 2017) ក្រុម​មួយ​នេះ ត្រូវ​បន្ថែម​កាតព្វកិច្ច​មួយទៀត​គឺ​ចូលរួម​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2017​។ ក្រុម​ភ្នំពេញ​ក្រោ​ន ជាមួយ​ក្រុម Home United របស់​ប្រទេស​សិង្ហ​បុរី ខណៈ​ជើង​ទី​១ ប្រកួត​នៅ​កីឡដ្ឋាន RSN Stadium ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៧ ហើយ​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ប្តូរ​ទៅលេង​នៅ​សិង្ហ​បុរី វិញ​ម្ដង​។

ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​នឹង​ទទួល​កៅអី​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​ក្នុង​ពូ​ល H ជាមួយ​ក្រុម Yadanaborn FC ឬ Yangon United ក្លិប Than Quang Ninh FC របស់​វៀតណាម និង​ក្រុម Lenexang United របស់​ឡាវ​។

ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ប្រកួត​កម្ដៅ​សាច់ដុំ​ក្នុងស្រុក​ជាមួយ​ក្រុម​ជា​សមាជិក​លី​កកំពូល​កម្ពុជា ក៏ដូចជា​ក្រុម UiTM ក្រុម Melaka United និង​ក្រុម​Negeri Sembilan FA របស់​ម៉ាឡេស៊ី ខណៈ​ប្រកួត​ចុងក្រោយ​បាន​ប្រកួត​ចាញ់​ក្រុម Buriram United របស់​ថៃ ដោយ​លទ្ធផល ៦​ទល់​០ កាល​ពី​ពេល​ថ្មីៗ​ក្នុង​ជំ​នួន​មិត្តភាព​សប្ប​រសធម៌​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

​ក្រុម​ភ្នំពេញ​ក្រោ​ន កាល​ពី​ពេល​ថ្មី​បាន​ចុះបញ្ជី​កីឡាករ​បរទេស​ពេញ​លេង ខណៈ​តែងតាំង​លោក Noriaki Ikeda អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114