BREAKING NEWS
Search

ឡុង សុ​ភី ជួប Dan Sayam ឯ​ យុគ យក្ស​ផ្លែ ជួប​ Yorth Phlay Ngam

​ឡុង សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Dan Sayam នៅលើ​សង្វៀន​ SEA-TV នា​ថ្ងៃ​សុក្រ​ ទី​២៤​ ខែមីនា ឆ្នាំ​២០១៧​នេះ​។​

នេះ​ជា​ជំនួប​លើកដំបូង របស់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ។ ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ សម្រាប់​ជំនួប​លើកដំបូង​នេះ ឡុង សុ​ភី មិនដឹងថា​អាច​យកឈ្នះ Dan Sayam នេះ បាន​ឬ​អត់​នោះទេ​? ។

Dan Sayam គេ​ជា​ម្ចាស់​ខ្សែក្រវាត់ ដែលមាន​ប្រវត្តិ​ប្រកួត​៧៦​លើក ឈ្នះ​៦២​លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​កម្ពស់​ប្រហាក់ប្រហែល​ ឡុង ​សុ​ភី​ ដែរ ដោយមាន​កម្ពស់​១,៧០​ម៉ែត្រ ខ​ណៈ​ដែល​សុ​ភី​គេ​មាន​កម្ពស់​១,៧២​ម៉ែត្រ ហើយ​ថែមទាំង​វាយ​មាន​ផ្លែ​ល្អ​ថែមទៀត។​នេះ​បើតាម​អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ ​SEATV ឲ្យ​ដឹង​នោះ​។​

ទោះជា​យ៉ាងណា ឡុង សុ​ភី បាន​អះអាងថា គេ​មិន​ខ្លាចញញើត​ឡើយ។ សុ​ភី ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​បី​បួន​ស្ថាប័ន​ដែរ។ ​ឡុង សុ​ភី ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្តូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ញញើត​នោះឡើយ ដើម្បី​ប្តូរ​យកជ័យ​ជំនះ​នៅពេលដែល​ស្ថានភាព​ប្រកួត​របស់គេ​មាន​សភាព​ចាញ់​ប្រៀប​គូប្រកួត គឺ​គេ​ប្តូ​រហើយ។ យ៉ាងណា សម្រាប់​ការជួបគ្នា​នេះ ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​នៅតែ​រំពឹងថា ឡុង សុ​ភី អាចនឹងទទួល​បាន​ជ័យជំនះ ព្រោះ​ ឡុង សុ​ភី ពេលនេះ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ​ដូច​ពីមុន​ដែរ ។​

ឡុង សុ​ភី គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣២​លើក ឈ្នះ​៩៩​លើក ចាញ់​២៥​លើក និង​ស្មើ​០៨​លើក ។ ដូច្នេះ ចាំមើល ឡុង សុ​ភី និង Dan Sayam តើ​អ្នកណា​ជា​អ្នកឈ្នះ​នៅក្នុង ការជួបគ្នា​លើកដំបូង​នេះ ? ។ សុ​ភី ប្រកួត​ជាមួយ​ថៃ​ចុង​ក្រោយនេះ គេ​វាយ​ឈ្នះ Atha Phon ក្នុង​ទឹក​ទី​៣។​

ចំណែក យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ គេ​នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ឈ្មោះ​ Yorth Phlay Ngam ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​។ យក្ស​ផ្លែ ត្រូវបាន​គេ​ផ្តល់​ឱ​កាស​១៨​លើក​ទាំង​លើក​នេះ ដើម្បីឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ។ ក្នុង​ការជួប​ថៃ​១៧​លើក​កន្លងមក​នោះ យក្ស​ផ្លែ វាយ​ឈ្នះ ៧ ស្មើ​០៤​លើក និង​ចាញ់ ៦​លើក ដែល​ការប្រកួត​លើកចុងក្រោយ​នេះ គេ​វាយ​ស្មើ​អ្នក​ប្រដាល់​ថៃ​ Phach Seila កាលពី​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ។



​អ្នក​ប្រដាល់​ថៃ ​Yorth Phlay Ngam នេះ មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៥៨​លើក ចាញ់​១៤​លើក និង​ស្មើ​០១​លើក។ អ្នក​ប្រដាល់​ថៃ ដែលមាន​ប្រវត្តិ​ប្រកួត​ប៉ុណ្ណឹង មើលទៅ​បែប​ពិបាក​ទប់​ជាមួយ​យក្ស​ផ្លែ​ហើយ ព្រោះ​បើ​ប្រៀបធៀប​ជាមួយ​យុគ យក្ស​ផ្លែ ដែល​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៤៧​លើក ឈ្នះ ១២៧ លើក ចាញ់ ១៤ លើក និង​ស្មើ​៦ លើក​នោះ។

ទោះជា​យ៉ាងណាក្តី គេ​មិនទាន់​ប្រាកដថា យុគ យក្ស​ផ្លែ ឈ្នះ Yorth Phlay Ngam នោះទេ ដោយសារ​អ្នក​ប្រដាល់​កម្ពុជា​យើង​រូបនេះ មាន​កម្ពស់​ទាប​ជាង​អ្នក​ប្រដាល់​ថា ដោយ​យក្ស​ផ្លែ​មាន​កម្ពស់​តែ​១,៦២​ម៉ែត្រ ខ​ណៈ Yorth Phlay Ngam មាន​កម្ពស់​១,៦៤ ម៉ែត្រ នោះ។ ចាំមើល លើក​នេះ​យុគ យក្ស​ផ្លែ អាច​យកឈ្នះ​ថៃ​បានដែរ​ឬ​អត់​នោះ​? ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិខ្មែរ​គ្នា​វិញ កុយ ចាន់តូ អ្នក​ប្រដាល់​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ធឿន ធី ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី ឯ​ចាន់តូ ជា​អ្នក​ប្រដាល់​ជើងចាស់ ។ ចាំមើល កុយ ចាន់តូ គេ​អាច​យកឈ្នះ​ធឿន ធី បាន​ឬ​អត់​នោះ ? ។

កុយ ចាន់​តូច ប្រកួត​ចុងក្រោយ វាយ​ចាញ់​ឡាញ់ ផល្លា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។​ចំណែក​ការប្រកួត​ចុងក្រោយ​របស់​ធឿន ធី​វិញ គេ​វាយ​ឈ្នះ​ជើងចាស់​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ទឹក​ទី​៣។

អ្នក​ប្រដា​ល់លឹម តក់ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប នឹង​ជួប​ប្រកួត​ជាមួយ​គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សុភា​នូ​មានជ័យ ។ លឹម តក់​នេះ មិន​ធ្លាប់​ប៉ះ​ជាមួយ​គង់ វិ​រៈ នោះទេ​កន្លងមក ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម ប៉ុន្តែ​ពុំ​ដឹងថា​នរណា​ជា​អ្នកឈ្នះ​នោះទេ​? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684