Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពី​​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ការងារ​នៅ​ក្រសួង​ការបរទេស

បានផុស

នៅ

ក្រសួងការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ បំពេញ​មុខងារ​ជាសេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល​លើការ​ដឹកនាំ​និង​គ្រប់គ្រង​វិស័យ​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចដូចតទៅ៖

-ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាពរបស់​ព្រះរាជាណាចក កម្ពុជា
-រៀបចំ អនុវត្ត តាមដាន​ការអនុវត្ត និងការពារ​គោលនយោបាយ​និងផែនការយុទ្ធសាស្ត្រ​ការបរទេស របស់​រាជរដ្ឋាភិបាលកម្ពុជា
-រៀបចំ អនុវត្ត និងតាមដានការអនុវត្តលិខិតបទដ្ឋាន​គតិយុត្ត ឬ​លិខិតូបករណ៍​អន្តរជាតិក្នុងន័យ ធានា​និងការពារ​ផលប្រយោជន៍​របស់​រាជរដ្ឋាភិបាល​ក្នុងកិច្ចការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ
-ជាច្រកចេញចូលការទូតតែមួយ​ក្នុងទំនាក់ទំនង​ជាមួយប្រទេស​និងអង្គការតំបន់ អន្តរជាតិ​នានា​លើ​រាល់​សកម្មភាព​របស់​ក្រសួង​ស្ថាប័ន​នានា​ដែល​មាន​ទំនាក់ទំនង​ជាមួយបរទស
-តំណាងរាជរដ្ឋាភិបាលកម្ពុជា​ក្នុងការចរចា និងធ្វើកិច្ចសហប្រតិបត្តិការ​ទ្វេភាគីនិង​ពហុភាគីជាមួយ បណ្តា​ប្រទេស អង្គការ​តំបន់ និងស្ថាប័នអន្តរជាតិនានា
-ពង្រឹងនិងពង្រីក​ទំនាក់ទំនង រវាង​ព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេស អង្គការ​តំបន់ និងអង្គការ អន្តរជាតិ​នានា តាមរយៈកិច្ចការ​ការទូត កុងស៊ុល និង​សហប្រតិបត្តិការអន្តរជាតិ
-ពង្រឹងវិស័យ​ការទូតសេដ្ឋកិច្ច​តាមរយៈការចូលរួម​ជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ទេសចរណ៍ ការងារ អប់រំ និង​បច្ចេកវិទ្យា
-ផ្សព្វផ្សាយ​និងលើក​តម្កើងភាសា វប្បធម៌ ប្រពៃណី និង​ទំនៀម​ទម្លាប់ខ្មែរនៅក្រៅប្រទេស
-ចូលរួម​ការពារ​និងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ នៅថ្នាក់​អនុតំបន់ តំបន់ និងពិភពលោក
-ចូលរួម និងទទួលរៀបចំ​កិច្ចប្រជុំថ្នាក់​អនុតំបន់ តំបន់ និង​ពិភពលោក​ពាក់ព័ន្ធ​កិច្ចការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឬតាមការ​ចាត់តាំង​របស់​រាជរដ្ឋាភិបាល
-តំណាង​និងការពារ​ផលប្រយោជន៍​ជាតិ​និងប្រជាពលរដ្ឋខ្មែរទាំង​រូបវន្តបុគ្គល និងនីតិបុគ្គល ព្រមទាំង លើកកម្ពស់ និង​ការពារកិត្តិយសជាតិ ស្រប​តាមច្បាប់ជាតិ និងអន្តរជាតិ
-ដឹកនាំ​គ្រប់គ្រងស្ថាន​តំណាង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តាំង​នៅ​បរទេស
-សហការ​ជាមួយអាជ្ញាធរ​មានសមត្ថកិច្ចក្នុងការ​ចុះបញ្ជី និង​សហការ​សម្របសម្រួល​ការធ្វើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បរទេស ដោយ​យោងតាមច្បាប់ជាតិនិងអន្តរជាតិ
-សម្របសម្រួល​និងរៀបចំទស្សនកិច្ច​របស់គណៈ​ប្រតិភូរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជាទៅ​បរទេស និង​ទទួល​គណៈប្រតិភូ​បរទេស​ដែល​មក​បំពេញ​បេសកកម្មឬ​ទស្សនកិច្ច​ជា​ផ្លូវការនៅ ព្រះរាជាណាចក្រ​កម្ពុជា
-បណ្តុះបណ្តាល​និងធ្វើវិក្រឹតការជាប្រចាំនូវ​មុខជំនាញកិច្ចការបរទេស និងការទូត
-តាមដាន ស្វែងយល់ និង​ធ្វើ​របាយការណ៍ជូនរាជរដ្ឋាភិបាល​អំពីការវិវត្តនៃព្រឹត្តិការណ៍តំបន់ និង អន្តរជាតិ​សំខាន់ៗ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមានរចនាសម្ព័ន្ធ៖

ក- អង្គភាពរដ្ឋបាលកណ្ដាល

-ខុទ្ទកាល័យរដ្ឋមន្ត្រី
-អគ្គលេខាធិការដ្ឋាន
-អគ្គនាយកដ្ឋានអាស៊ាន
-អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន
-អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក
-អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា
-អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
-អគ្គាធិការដ្ឋាន
-វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ
-នាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
-នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច​និងផែនការយុទ្ធសាស្ត្រ
-នាយកដ្ឋានសវនកម្មផ្ទៃក្នុង។

ខ-ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស

-ស្ថានឯកអគ្គរាជទូតនិងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការអន្តរជាតិ
-ស្ថានអគ្គកុងស៊ុលនិងស្ថានកុងស៊ុល ស្ថានកុងស៊ុលកិត្តិយស។

អគ្គលេខាធិការដ្ឋានដឹកនាំដោយអគ្គលេខាធិការមួយរូប និងអម​ដោយអគ្គលេខាធិការរងមួយចំនួន​តាម​ការចាំបាច់។

អគ្គនាយកដ្ឋានដឹកនាំដោយអគ្គនាយកមួយរូប និងអមដោយ​អគ្គនាយករងមួយចំនួន​តាម​ការ​ចាំបាច់​។ អគ្គាធិការដ្ឋាន ដឹកនាំ​ដោយអគ្គាធិការមួយរូប និង​អម​ដោយ​អគ្គាធិការរង​មួយ​ចំនួន​តាម​ការ​ចាំបាច់។

វិទ្យាស្ថាន ដឹកនាំដោយប្រធានមួយរូប មានឋានៈស្មើអគ្គនាយក និងអមដោយអនុប្រធានមួយចំនួនមានឋានៈស្មើអគ្គនាយករង តាមការចាំបាច់។

នាយកដ្ឋាន ដឹកនាំដោយប្រធានមួយរូប និងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់។

ខុទ្ទកាល័យរដ្ឋមន្តី

ខុទ្ទកាល័យ​រដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មទាំងឡាយ ដែល​កំណត់តាម​បទប្បញ្ញត្តិនៃអនុក្រឹត្យ លេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ​របស់​ក្រសួង​និង រដ្ឋលេខាធិការដ្ឋាន។

អគ្គលេខាធិការដ្ឋាន

អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការ​ឱ្យក្រសួងការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ លើ​បេសកកម្មគ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិរដ្ឋ​របស់​ក្រសួង និងសម្របសម្រួលការងារពាក់ព័ន្ធពិធីការរដ្ឋ។

អគ្គលេខាធិការដ្ឋានមាននាយកដ្ឋានចំណុះចំនួន ០៤(បួន) ជាសេនាធិការ៖

-នាយកដ្ឋានរដ្ឋបាល : មានមុខងារសម្របសម្រួលការងារ​ទូទៅរបស់ក្រសួងនៅថ្នាក់កណ្ដាល និងរវាង​ថ្នាក់កណ្តាល​ជាមួយស្ថានតំណាងនៃ​ព្រះរាជាណាចក្រកម្ពុជានៅបរទេស
-នាយកដ្ឋានហិរញ្ញវត្ថុ-គណនេយ្យ : មានមុខងារសម្របសម្រួលការងារ​ហិរញ្ញវត្ថុ និងគណនេយ្យ
-នាយកដ្ឋានបុគ្គលិក : មានមុខងារសម្របសម្រួល​ការងារគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ និងការងារបណ្តុះបណ្តាល
-នាយកដ្ឋានពិធីការ : មានមុខងារសម្របសម្រួល​ការងារពិធីការ។

អគ្គនាយកដា្ឋនអាស៊ាន

អគ្គនាយកដ្ឋានអាស៊ាន បំពេញមុខងារជាសេនាធិការឲ្យក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និងជាសេនាធិការឲ្យលេខាធិការដ្ឋានជាតិអាស៊ាន-កម្ពុជា ដោយ​ធ្វើការងារ​សម្របសម្រួល​ថ្នាក់ជាតិ និងថ្នាក់ តំបន់ លើបេសកកម្មពាក់ព័ន្ធនឹងកិច្ចការអាស៊ាន ។

អគ្គនាយកដ្ឋានអាស៊ាន មាននាយកដ្ឋានចំណុះចំនួន ០៥ (ប្រាំ) ជាសេនាធិការ៖

-នាយកដ្ឋានកិច្ចការទូទៅ និងសហគមន៍ មានមុខងារសម្របសម្រួលការងាររដ្ឋបាលទូទៅ ថវិកា និងកិច្ចការសហគមន៍។
-នាយកដ្ឋានកិច្ចការសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មានមុខងារសម្របសម្រួលការងារសហគមន៍នយោបាយ-សន្តិសុខអាស៊ាន។
-នាយកដ្ឋានកិច្ចការសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសង្គម-វប្បធម៌អាស៊ាន មានមុខងារសម្រប សម្រួលការងារសហគមន៍សេដ្ឋកិច្ច អាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន -នាយកដ្ឋានទំនាក់ទំនងដៃគូសន្ទនាអាស៊ាន មានមុខងារសម្របសម្រួលការងារទំនាក់ទំនងរវាង អាស៊ាន និងប្រទេសជាដៃគូសន្ទនារបស់អាស៊ាន។
-នាយកដ្ឋានទំនាក់ទំនងអាស៊ានបូកបី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា: មានមុខងារសម្របសម្រួល ទំនាក់ទំនងរវាងអាស៊ានជាមួយប្រទេសបូកបី (ចិន-ជប៉ុន-សាធារណរដ្ឋកូរ៉េ និងការងារកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា។

អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន

អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន បំពេញមុខងារជា​សេនាធិការឲ្យក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ​ក្នុងបេសកកម្មពាក់ព័ន្ធនឹងកិច្ចការច្បាប់ កិច្ចការកុងស៊ុល និងកិច្ចការព្រំដែន។

អគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន មាននាយកដ្ឋានចំណុះចំនួន៣ (បី) ជាសេនាធិការ ៖

-នាយកដ្ឋានកិច្ចការច្បាប់និងសន្ធិសញ្ញា : មានមុខងារសម្របសម្រួលកិច្ចការច្បាប់ និងសន្ធិសញ្ញ
-នាយកដ្ឋានកិច្ចការកុងស៊ុល : មានមុខងារសម្របសម្រួលកិច្ចការកុងស៊ុល
-នាយកដ្ឋានកិច្ចការព្រំដែន : មានមុខងារសម្របសម្រួលកិច្ចការព្រំដែន។

អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក

អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក បំពេញមុខងារជាសេនាធិការឱ្យក្រសួង​ការបរទេស​និងសហប្រតិបត្តិការ​អន្តរជាតិ​លើការងារ​នយោបាយ និង​ការងារសហប្រតិបត្តិការ​ទ្វេភាគីជាមួយ​បណ្តាប្រទេស​ក្នុងតំបន់អាស៊ី និង​ប៉ាស៊ីហ្វិក។

អគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក មាននាយកដ្ឋានចំណុះចំនួន០៣(បី)ជាសេនាធិការ៖ -នាយកដ្ឋានអាស៊ីអាគ្នេយ៍ : មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយបណ្ត ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

-នាយកដ្ឋានអាស៊ីកណ្តាល អាស៊ីខាងត្បូង និងអូសេអានី : មានមុខងារសម្របសម្រួលកិច្ចការ ទំនាក់ទំនងទ្វេភាគីជាមួយប្រទេស ក្នុងតំបន់អាស៊ីកណ្ដាល អាស៊ីខាងត្បូងនិងអូសេអានី -នាយកដ្ឋានអាស៊ីបូព៌ា : មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសក្នុង តំបន់អាស៊ីបូព៌ា។

អគ្គនាយកដា្ឋនអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា

អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា បំពេញមុខងារ​ជាសេនាធិការឱ្យក្រសួងការ បរទេស​និងសហប្រតិបត្តិការអន្តរជាតិ​លើការងារ​នយោបាយ​និងការងារសហប្រតិបត្តិការ​ទ្វេភាគីជាមួយ​បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា។

អគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា មាននាយកដ្ឋានចំណុះចំនួន០៣(បី)ជាសេនាធិការ៖

-នាយកដ្ឋានអឺរ៉ុប: មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអ៊ឺរ៉ុប
-នាយកដ្ឋានអាមេរិក មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនៅអាមេរិក
-នាយកដ្ឋានអាហ្វ្រិក-មជ្ឈិមបូព៌ា មានមុខងារសម្របសម្រួលកិច្ចការទំនាក់ទំនងទ្វេភាគីជាមួយ ប្រទេសនៅអាហ្វ្រិក-មជ្ឈិមបូព៌ា។

អគ្គនាយកដា្ឋនសហប្រតិបត្តិការអន្តរជាតិ

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​បំពេញមុខងារជាសេនាធិការ​ឱ្យក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ ក្នុងបេសកកម្មលើកកម្ពស់ ពង្រឹង​ពង្រីកកិច្ចសហប្រតិបត្តិការ​និងសម្របសម្រួល ការងារពាក់ព័ន្ធ​នឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​ទាំងក្នុងកម្រិតអនុតំបន់ តំបន់ អន្តរតំបន់ និងពិភពលោក ព្រមទាំង ការងារពាក់ព័ន្ធនឹងអង្គការអន្តរជាតិ និងអង្គការ​មិនមែនរដ្ឋាភិបាល​បរទេស​ដែលធ្វើសកម្មភាពនៅ ព្រះរាជាណាចក្រកម្ពុជា។

អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ មាននាយកដ្ឋានចំណុះចំនួន០៥(ប្រាំ) ជាសេនាធិការ៖

-នាយកដ្ឋាន​សហប្រតិបត្តិការអន្តរជាតិ មានមុខងារ​សម្របសម្រួល​កិច្ចការ​ពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ​អន្តររដ្ឋាភិបាល អនុ​តំបន់ តំបន់ អន្តរ​តំបន់ និងអង្គការពិភពលោក​ដែលពាក់ព័ន្ធ
-នាយកដ្ឋាន​សហប្រតិបត្តិការមេគង្គ មានមុខងារ​សម្របសម្រួលកិច្ច​ការពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការ​មេគង្គ
-នាយកដ្ឋានអង្គការសហប្រជាជាតិ : មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអង្គការ សហប្រជាជាតិ
-នាយកដ្ឋានអង្គការអន្តរជាតិ មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធ​នឹងអង្គការអន្តរជាតិ និងអង្គការ​មិនមែនរដ្ឋាភិបាលបរទេស ដែលមានទីស្នាក់ការនិងធ្វើសកម្មភាពនៅព្រះរាជាណាចក្រកម្ពុជា
-នាយកដ្ឋានអង្គការហ្វ្រង់កូហ្វូនី: មានមុខងារសម្របសម្រួលកិច្ចការពាក់ព័ន្ធនឹងអង្គការហ្វ្រង់កូហ្វូនី

អគ្គាធិការដ្ឋាន

អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យ​ក្រសួងការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិក្នុង បេសកកម្ម​ធ្វើអធិការកិច្ចជាប្រចាំ​លើការងាររដ្ឋបាល ហិរញ្ញវត្ថុ និងការគ្រប់គ្រងបុគ្គលិក និង​មន្ត្រីរាជការក្នុង​និងក្រៅប្រទេស។

អគ្គាធិការដ្ឋាន មានភារកិច្ច​រៀបចំផែនការយុទ្ធសាស្ត្រ និងថវិកាសម្រាប់ការងារអធិការកិច្ចធ្វើអធិការកិច្ចទូទៅ​លើកិច្ចដំណើរការ​រដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រង​បុគ្គលិក មន្ត្រីរាជការរបស់ ក្រសួង អង្គភាពក្រោមឱវាទ និងស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។ ចុះត្រួតពិនិត្យ​ពាក្យបណ្ដឹងតវ៉ា​និងបណ្ដឹងបរិហាររបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលទាក់ទងនឹងវិស័យការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

អគ្គាធិការដ្ឋានមាននាយកដ្ឋានចំណុះចំនួន ០២(ពីរ) ជាសេនាធិការ៖

-នាយកដ្ឋានអធិការកិច្ចរដ្ឋបាលកណ្ដាល: មានមុខងារសម្របសម្រួលកិច្ចការ​ពាក់ព័ន្ធនឹងអធិការកិច្ចរដ្ឋបាល​កណ្ដាល
-នាយកដ្ឋានអធិការកិច្ចស្ថាន​តំណាងក្រៅប្រទេស: មានមុខងារសម្របសម្រួលកិច្ចការ​ពាក់ព័ន្ធនឹង អធិការកិច្ចស្ថាន​តំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស។

វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ

វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិ បំពេញមុខងារជា​សេនាធិការឱ្យក្រសួង ការបរទេស​និងសហប្រតិបត្តិការអន្តរជាតិលើការងារអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ​លើវិស័យ​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

វិទ្យាស្ថានជាតិទំនាក់ទំនងការទូត និងសិក្សាអន្តរជាតិមាននាយកដ្ឋានចំណុះចំនួន ០២(ពីរ) ជាសេនាធិការ ៖

-នាយកដ្ឋានទំនាក់ទំនងការទូត : មានមុខងារ​សម្របសម្រួលការ​សិក្សាស្រាវជ្រាវ​កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សំដៅបណ្តុះបណ្តាលជំនាញការទូត
-នាយកដ្ឋាន​សិក្សាអន្តរជាតិ មានមុខងារសម្របសម្រួលការ​សិក្សាស្រាវជ្រាវ​កិច្ចការបរទេសនិង​សហប្រតិបត្តិការអន្តរជាតិ សំដៅបណ្តុះបណ្តាល​ជំនាញការសិក្សាអន្តរជាតិ។

នាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន

នាយកដ្ឋានបច្ចេកវិទ្យា​គមនាគមន៍​និងព័ត៌មាន​ជាសេនាធិការ​ឱ្យក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លើការងារ​គ្រប់គ្រង និង​ការប្រើប្រាស់​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ព្រមទាំង​ការគ្រប់គ្រង និងផ្សព្វផ្សាយព័ត៌មាន និងឯកសារ ។

នាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច ​និងផែនការយុទ្ធសាស្ត្រ

នាយកដ្ឋានគោលនយោបាយ​និងផែនការយុទ្ធសាស្ត្រ ជាសេនាធិការឱ្យក្រសួងការបរទេស និងសហ​ប្រតិបត្តិការអន្តរជាតិ លើការងារសម្របសម្រួលរៀបចំគោលនយោបាយ ការងារ​ការទូតសេដ្ឋកិច្ច​និងផែនការ​យុទ្ធសាស្តការ​បរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

នាយកដា្ឋនសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការ​ឱ្យក្រសួង​ការបរទេស​និង​សហប្រតិបត្តិការអន្តរជាតិ លើការងារ​ពង្រឹងប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុងរបស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្ដរជាតិ តាម​ស្មារតីខ្លឹមសារនៃអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៥ ស្តីពីការ​រៀបចំនិងការប្រព្រឹត្ត ទៅនៃសវនកម្មផ្ទៃក្នុងនៅតាម​បណ្តាក្រសួងស្ថាប័ន និង​សហគ្រាស​សាធារណៈ។

ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស

ស្ថានឯកអគ្គរាជទូត ស្ថាន​តំណាង ឬ ស្ថាន​បេសកកម្មអចិន្ត្រៃយ៍នានាប្រចាំអង្គការតំបន់ និង​អង្គការ អន្តរជាតិ ត្រូវដឹកនាំដោយ​ឯកអគ្គរាជទូតជាប្រធានបេសកកម្ម។

ការតែងតាំង ផ្លាស់ប្តូរ ឬបញ្ចប់បេសកកម្មឯកអគ្គរាជទូត ត្រូវស្នើឡើង​ដោយរដ្ឋមន្ត្រីក្រសួងការ​បរទេស និង​សហប្រតិបត្តិការអន្តរជាតិ ជូន​ប្រមុខរាជរដ្ឋាភិបាល​ដើម្បីទូលថ្វាយព្រះមហាក្សត្រ​សូមឡាយព្រះហស្តលេខា។ ឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាព គឺ​តំណាង​ឱ្យ​រាជរដ្ឋាភិបាល​លើ​គ្រប់វិស័យ។

-ស្ថានអគ្គកុងស៊ុល ត្រូវដឹកនាំដោយ​អគ្គកុងស៊ុលជា​ប្រធានបេសកកម្ម។
-ស្ថានកុងស៊ុល ត្រូវដឹកនាំដោយកុងស៊ុលជាប្រធានបេសកកម្ម។
-អគ្គកុងស៊ុល ត្រូវជ្រើសរើស​និងស្នើឡើង​ដោយរដ្ឋមន្ត្រីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ជូន​ប្រមុខរាជរដ្ឋាភិបាល។
-កុងស៊ុល និងកុងស៊ុលកិត្តិយស ត្រូវ​តែងតាំង​ដោយប្រកាស​របស់រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។

អង្គភាពត្រូវពិនិត្យហិរញ្ញវត្ថុ

អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើង​ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​តាមលក្ខខណ្ឌ​នៃបទបញ្ហា កំណត់ក្នុងអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការ​បង្កើតស្ថាប័ន​ត្រួតពិនិត្យ ហិរញ្ញវត្ថុលើការចំណាយថវិកាក្នុងបណ្តាក្រសួង។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម