Connect with us

អត្ថាធិប្បាយ

បទវិភាគ! ក្មេងទំនើង៖ មូលហេតុ សកម្មភាព ផលប៉ះពាល់ និងដំណោះស្រាយ

បានផុស

នៅ

ក្នុងរយ:ពេលថ្មីៗនេះ គេសង្កេតឃើញថា សកម្មភាពរបស់ក្មេងទំនើង​បានកើនឡើង​គួរឳ្យ​ព្រួយបារម្ភ។ សកម្មភាពនេះបានកើនឡើងទាំងនៅរាជធានីភ្នំពេញ ទាំងនៅបណ្ដាខេត្តនានា​។ ពេលបាន​ឃើញសកម្ម​ភាព​នេះ​កើតឡើង​ មហាជន​ ក៏ដូចជា អ្នកតាមដានស្ថានការណ៍សង្គមនានា បានបង្ហាញការយល់ឃើញខុសៗគ្នា​អំពីមូលហេតុដែលនាំឳ្យសកម្មភាពនេះកើតឡើង ហើយពួកគេក៏បានសាកល្បងលើកឡើងនូវ​ដំណោះស្រាយផ្សេងៗផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលពួកគេបានលើកឡើង​នោះ​គ្រាន់តែជាការសង្កេត និងការយល់ឃើញដាច់ដោយឡែកៗពីគ្នាប៉ុណ្ណោះ វាមិនទាន់មាន​ភាព​សព្វជ្រុងជ្រោយនៅឡើយទេ។ ចុះធ្វើដូចម្ដេចទើបទទួលបានចម្លើយពិតប្រាកដចំពោះ​បញ្ហា​នេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមពិតទៅ ដើម្បីឆ្លើយសំណួរនេះបានល្អ ទាល់តែធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រមួយ ដែលប្រមូលទិន្នន័យពីខេត្ត ឬតំបន់ដែលមានសកម្មភាពក្មេងទំនើងកើតឡើងជារឿយៗ ឬយ៉ាងហោចណាស់ ក៏ប្រមូលករណីទាំងអស់ដែលអាជ្ញាធរបានកត់ត្រាទុកនាពេលកន្លងមក ហើយយកមកវិភាគទៅតាមកំណត់​ហេតុទាំងនោះ។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ តាមព័ត៌ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញ​សង្គម អាជ្ញាធរពាក់ព័ន្ធ និងតថភាពសង្គមជាក់ស្ដែង ខ្ញុំក៏អាចសន្និដ្ឋានជាជំហានដំបូងបានដែរ ដើម្បីបានជាសម្មតិកម្មសម្រាប់អាជ្ញាធរ និងអ្នកសិក្សា​យកធ្វើ​ជាប្រធានបទសម្រាប់​ស្រាវជ្រាវលម្អិតនៅពេល​ខាងមុខ។

បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គម

មុននឹងសាកល្បងឆ្លើយសំណួរខាងលើ យើងគួរយល់ថា «ក្មេងទំនើង» គឺជាក្រុមក្មេងជំទង់​ដែលមានអាយុចាប់ពី១៣ ទៅ១៩ឆ្នាំ ឬក៏តិច ឬច្រើនជាងនេះបន្តិចបន្តួច។ លើសពីនេះ ពួកគេ គឺជាក្រុមក្មេងដែលមិនសូវស្ដាប់ដំបូន្មានឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរជាដើម។ ក្រៅពីនេះ យើងក៏អាច​ហៅបានថា ជាក្រុមក្មេងដែលធ្វើអ្វីៗតាមចិត្តចង់ ឬទំនើងចិត្ត ដែលជាទូទៅ មិនអនុលោមទៅតាមដំបូន្មាន សីលធម៌ គុណធម៌ វិន័យ និងច្បាប់ទម្លាប់ឡើយ។ ប៉ុន្តែ ពួកគេធ្វើតាមការអូសទាញរបស់ក្រុមសង្គម​ងងឹត ក្រុមក្មេងខិលខូច ឬក្រុមបងតូចបងធំ ជាដើម។

បើយោងតាមព័ត៌ដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម អាជ្ញាធរពាក់ព័ន្ធ និងថតភាព​សង្គមជាក់ស្ដែងតាំងពីមុន និងនាពេលថ្មីៗនេះ ខ្ញុំអាចសន្និដ្ឋានជាជំហានដំបូងអំពីមូលហេតុ សកម្ម​ភាព ផលប៉ះពាល់ និងដំណោះស្រាយ ដូចខាងក្រោម៖

១. មូលហេតុដែលនាំឳ្យមានក្មេងទំនើង អាចបណ្ដាលមកពីកត្តារួមផ្សំជាច្រើនដូចជា៖

  • ទំនោរពីកំណើត ទោះបីជាមានភាគរយតិចតួចក៏ដោយ ក៏មិនអាចបដិសេធលទ្ធភាពនេះដែរ ពីព្រោះបើយោងតាមការសិក្សាបែបទស្សនវិជ្ជា ធម្មជាតិ​របស់​ក្មេងម្នាក់ៗ អាចល្អ ឬអាក្រក់ពីកំណើត។ ប្រសិនបើវាអាក្រក់​ ហើយ​ពេលកើតមក និងរស់នៅក្នុងគ្រួសារ និងសង្គម វាទទួលឥទ្ធិពលអាក្រក់ទៀត នោះនាំឳ្យក្មេងនោះ អាចនឹងក្លាយទៅជាក្មេងមិនល្អ។
  • ធម្មជាតិរបស់យុវវ័យ គឺជាវ័យឈាមរាវ ឆេវឆាវ ចចេស ខ្វះការពិចារណា ចង់សាកល្បង ខ្វះបទពិសោធន៍ ងាយអូសទាញ និងងាយទទួលឥទ្ធិពលពីសង្គម ​ជាពិសេស ឥទ្ធិពលមិនល្អ។ ម្យ៉ាងទៀត គេក៏អាចប្រដូចយុវវ័យ ឬវ័យជំទង់ ទៅនឹងទំពាំង ដែកក្ដៅ ចាហួយ ឬនំកូរមិនទាន់កក ដែលមិនទាន់មានស្វ័យគ្រប់គ្រង មិនទាន់មានគោលជំហរ​ និងគោលដៅរបស់ខ្លួនច្បាស់លាស់ ដែលពួកគេ​អាចទទួលរងការពត់ពេន ការបត់បែន ឬការទាញទៅជាទម្រង់ ឬសណ្ឋានបែបណាមួយបានដោយងាយ ហើយជាទូទៅ ច្រើនតែទទួលរងឥទ្ធិពលមិនល្អ ប្រសិន​បើ​គ្មានការតម្រង់ទិសពីឪពុកម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងអាជ្ញាធរ។​​
  • ចន្លោះប្រហោងរបស់ឪពុកម្ដាយ អាណាព្យាបាល គ្រួសារ
    • ឪពុកម្ដាយ អាណាព្យាបាលខ្លះ មិនសូវយល់ដឹងអំពីសីលធម៌ ហើយក៏ចូលចិត្តប្រើហិង្សាជាដំណោះស្រាយ ផ្ដល់គំរូមិនល្អ បរិស្ថានមិនល្អ ឬអាចនិយាយថា សមាជិកគ្រួសារនោះចូលចិត្តប្រើ​ហិង្សាជាដំណោះស្រាយ ឬក៏មានចរិតទំនើងដែរ។
    • ឪពុកម្ដាយ អាណាព្យាបាលខ្លះ គ្រប់គ្រងកូនរបស់ខ្លួនមិនបានល្អ មិនបានអប់រំសីលធម៌ គុណធម៌ ដល់កូនរបស់ខ្លួនឳ្យបានទៀតទាត់។
    • ឪពុកម្ដាយ អាណាព្យាបាលខ្លះ មិនខ្វល់អំពីកូនរបស់ខ្លួន ពួកគេរវល់តែជាប់ដៃជាមួយគ្រឿងស្រវឹង ស្មាតហ្វូន បណ្ដាញសង្គម ឬល្បែងស៊ីសង​ ឬការឈ្លោះគ្នា​ប្ដីប្រពន្ធ ជាដើម។
    • ឪពុកម្ដាយ អាណាព្យាបាលខ្លះ រវល់មមាញឹកនឹងការងារពេក មិនបានតាមដាន និងស្វែងយល់អំពីការវិវឌ្ឍរបស់កូនទាំងរាងកាយ គំនិត ទាំង​សកម្មភាពប្រចាំថ្ងៃ​របស់កូន និងផ្ដល់សេរីភាពច្រើនពេកទៅឳ្យកូន។​
    • ឪពុកម្ដាយ អាណាព្យាបាលខ្លះ ទំរើសកូនតាំងពីតូចរហូតដល់ជំទង់
  • ការសេពគប់មិត្តភក្ដិមិនល្អ ឬការអូសទាញពីមិត្តភក្ដិមិនល្អ
  • ទទួលឥទ្ធិពលនៃគំរូអាក្រក់ពីសហគមន៍ និងសង្គម (មនុស្សពេញវ័យ មនុស្សចាស់ ឬបុគ្គល​ជាអាជ្ញាធរមួយចំនួនតូច បានប្រើហិង្សាជាដំណោះស្រាយ និងបានបង្ហាញចរិតមិនល្អចំពោះយុវវ័យដែរ)
  • ឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ឥទ្ធិពលអវិជ្ជមាននៃប្រព័ន្ធផ្សព្វផ្សាយ ឬបណ្ដាញសង្គម (រូបភាពហិង្សា ឬរូបភាពទំនើង)
  • ឥទ្ធិពលអវិជ្ជមាននៃកម្មវិធី ឬមាតិកាហ្គេម (បាញ់បោះ វាយតប់ និងការប្រើសកម្មភាពមិនល្អដទៃទៀត)
  • ចន្លោះប្រហោងរបស់អាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរពាក់ព័ន្ធការគោរព និងការអនុវត្តច្បាប់នៅមានកម្រិត និងនិទ្ទណ្ឌភាពការអប់រំសីលធម៌មានការធ្លាក់ចុះ (គ្រួសារ សាលារៀន និងសង្គម)
  • ក្មេងកំព្រា ក្មេងអនាថា គ្មាន​ការងារធ្វើ មានវិបត្តិ មាន​បញ្ហា​ផ្លូវចិត្ត អស់សង្ឃឹម​ក្នុងជីវិត ជាដើម។

២. សកម្មភាពដែលក្មេងទំនើងមានដូចជា៖

  • ប្រើអំពើហិង្សា វាយតប់គ្នា កាប់ចាក់គ្នា (ក្នុងសាលា ទីសាធារណ: តាមដងផ្លូវ ជាដើម)
  • បង្ហោះម៉ូតូ ដែលផ្ដល់ការភ័យខ្លាច និងការំខានដល់អ្នកធ្វើដំណើរតាមដងផ្លូវ
  • បំផ្លាញទ្រព្យរបស់អ្នកដទៃ និងទ្រព្យសម្បត្តិរដ្ឋ (គប់កញ្ចក់រថយន្ត វាយបំផ្លាញម៉ូតូ ប្លន់ម៉ូតូ ឆក់ទ្រព្យសម្បត្តិរបស់អ្នកដំណើរ)
  • ប្រមូលផ្ដុំគ្នាផឹកស៊ី ជក់បារី សេពគ្រឿង
  • ណាត់គ្នាមកវាយតប់គ្នា ឬកាប់ចាក់គ្នា  

៣. ផលប៉ះពាល់

  • បង្កការការគំរាមកំហែង និងអសន្តិសុខដល់សហគមន៍ និងសង្គម
  • បង្កការភ័យខ្លាចដល់សិស្សសាលា អ្នកដំណើរពេលយប់ និងអ្នករស់នៅក្នុងសហគមន៍
  • បង្ករបួសស្នាម ធ្វើឳ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តអ្នកទៃ និងទ្រព្យ​សម្បត្តិរដ្ឋជាដើម
  • ធ្វើឳ្យខ្លួនឯងបាត់បង់ឳកាសសិក្សា រៀនសូត្រ និងមានទោសទណ្ឌ
  • បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ
  • អាចកាត់បន្ថយទេសចរ

៤. ដំណោះស្រាយ

  • ពង្រឹងតួនាទីរបស់ឪពុកម្ដាយ អាណាព្យាបាល
  • កាត់បន្ថយ ឬលុបបំបាត់គ្រឿងស្រវឹង និងគ្រឿងញៀន
  •  កាត់បន្ថយ​ការបញ្ចាំង​ខ្សែភាពយន្ត​សាហាវៗនៅ​លើ​កញ្ចក់​ទូរទស្សន៍​ និងបណ្ដាញសង្គម
  • កាត់បន្ថយ ឬលុបបំបាត់មាតិកា ឬកម្មវិធីហ្គេមសាហាវៗ
  • បង្កើត​កន្លែង​សម្រាប់កុមារ និងយុវជនកម្សាន្ត លេងកីឡា និង​ហាត់ប្រាណ ដើម្បីសុខភាពផង ដើម្បីកាត់បន្ថស្ត្រេសផង និងដើម្បីកាត់បន្ថយពេលសម្រាប់ទៅធ្វើសកម្មភាពមិនល្អផ្សេងទៀត
  • ប្រមូល​យុវជនក្រីក្រ​ដែលគ្មាន​ការងារធ្វើ មានវិបត្តិ មាន​បញ្ហា​ផ្លូវចិត្ត អស់សង្ឃឹម​ក្នុងជីវិតជាដើម ឳ្យចូលរួមទទួលការពិគ្រោះយោបល់ ឬការព្យាបាលជំងឺផ្លូវចិត្ត ការអប់រំសីលធម៌ សិក្សាជំនាញវគ្គខ្លីៗ ឬចូលរួមសកម្មភាពស្ម័គ្រចិត្តជួយសង្គមផ្សេងៗ​។
  • បង្កើនការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និងផ្ដល់ការងារដល់​យុវជន ដើម្បីបង្វែរពួកគេមករកផ្លូវត្រូវ និងកាត់បន្ថយឳកាសទៅប្រព្រឹត្តអំពើមិនល្អផ្សេងៗ។
  • ពង្រឹងការអប់រំសីលធម៌នៅក្នុងគ្រួសារ សាលារៀន វត្តអារាម និងអង្គភាព
  • ពង្រឹងតួនាទី និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋាន
  • ពង្រឹង​ការអនុវត្តច្បាប់ លុបបំបាត់និទណ្ឌភាព កុំឳ្យអ្នកមានទោស​រួចផុត​ពី​សំណាញ់ច្បាប់ លើសពីនេះទៀត មណ្ឌលអប់រំកែប្រែ ត្រូវតែអប់រំទណ្ឌិតឳ្យមានការកែប្រែពិតប្រាកដ​ កុំឳ្យពេលពួកគេចេញពីពន្ធនាការមកកាន់តែសាហាវជាងមុន៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ២៨ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤១ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៤ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម