Connect with us

ព័ត៌មានជាតិ

CDC បានអនុម័ត ១៤២គម្រោង បង្កើតការងារជិត ២០ម៉ឺនកន្លែង ៩ខែឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា(CDC )បានអនុម័តគម្រោងវិនិយោគ ចំនួន១៤២គម្រោងមានទុន ១៧៦៤,១៩លានដុល្លារ និងបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន១៩៥៥១៦កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំនួននេះបើធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០២២ឃើញថា មានការកើនឡើង៩គម្រោងខណៈ៩ ខែ ឆ្នាំ ២០២២ CDCបានអនុម័តគម្រោងវិនិយោគចំនួន ១៣៣ គម្រោង មានទុនជាង ៣១៧៣ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ​១១០១៧៧៣ ​កន្លែងបណ្ណោះ​។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគ១៤២ ក្នុងនោះ ខែមករាឆ្នាំ២០២៣មានគម្រោងវិនិយោគចំនួន១០មានទុនចំនួន៩៩,៤លានដុល្លារ បង្កើតការការជូន ពលរដ្ឋចំនួន១៧១២៩កន្លែង។

ខែកម្ភៈមានគម្រោងវិនិយោគចំនួន១៧ ក្រុមហ៊ុនមានទុនចំនួន៩៨,៨លានដុល្លារដោយផ្តល់ឱកាសការងារជូនដល់ ប្រជាពលរដ្ឋចំនួន២២៧៨៤កន្លែង។ខែមីនាមានគម្រោងវិនិយោគចំនួន៧ដែលមានទុនចំនួន ៣៣,៧ លានដុល្លារ ដោយផ្តល់ការងារជូនពលរដ្ឋចំនួន៦៦៦៩កន្លែង។ខែមេសាមានគម្រោងវិនិយោគចំនួន២០ក្រុមហ៊ុនមានទុនចំនួន ២៤៧,៧លានដុល្លារផ្តល់ការងារជូនដល់ពលរដ្ឋចំនួន១៧៧២៣កន្លែង។ខែឧសភាមានគម្រោងវិនិយោគចំនួន១០ក្រុមហ៊ុនមានទុនចំនួន៦០,១៤លានដុល្លារដោយផ្តល់ការងារជូនពលរដ្ឋចំនួន១៣៩៨៧កន្លែងខែមិថុនាមានគម្រោងវិនិយោគចំនួន៣០មានទុនចំនួន៤០៧,៦លានដុល្លារដោយផ្តល់ការងារជូន ពលរដ្ឋ៣៧៧៨១នាក់ ខែកក្កដាមានគម្រោងវិនិយោគចំនួន៩មានទុនចំនួន៧៧លានដុល្លារ ដោយផ្តល់ការងារ ជូនពលរដ្ឋ១៧០២៩នាក់ ខែសីហាអនុម័តចំនួន២៣គម្រោងមានទុនចំនួន៤៨៤,៨ លានដុល្លារបង្កើតការងារបានចំនួន ៣៥០៥០កន្លែងនិងខែកញ្ញាអនុម័ត ចំនួន២៦ក្រុមហ៊ុនមានទុនចំនួន២៥៦,៤៥លានដុល្លារ និងបង្កើតការងារជូន​ប្រជាពលរដ្ឋបានចំនួន២៧៣៦៥កន្លែង ។

ក្នុងចំណោមគម្រោងចំនួន១៤២ក្នុងនោះគម្រោងធំជាងគេគឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍នៅខេត្តកំពង់ស្ពឺមានទុនវិនិយោគ២៥៨លានដុល្លារ ។បន្ទាប់គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល,ខេត្តក្រចេះដែលមានទុនប្រមាណ១៣៨លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្នុងទុនវិនិយោគប្រមាណ ៩៥លានដុល្លារ។គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្ត​ក្រចេះ ក្នុងទុនវិនិយោគប្រមាណ៩២,២លានដុល្លារនិងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន

៤៦៤កន្លែង។គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន២៣៧បន្ទប់នៅរាជធានីភ្នំពេញ​មានទុន​វិនិយោគ​៨៤,៥ លានដុល្លារ។ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជនិងគោសាច់ខ្នាតធំនៅស្រុកស្នួលខេត្តក្រចេះ​ក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារ។គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍​លើកោះទទឹង និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត នៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងក្នុងទុន​វិនិយោគ​ប្រមាណ៣០លានដុល្លារ។គម្រោង​បង្កើតរោងចក្រកែ​ច្នៃផ្លែស្វាយនៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ​២៦លានដុល្លារ។គម្រោងបង្កើតរោង​ចក្រផលិតស្បែកជើងនៅខេត្តកំពង់ចាមមានទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ។

គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡានៅស្រុកអង្គស្នួលខេត្តកណ្តាល ក្នុងទុនវិនិយោគ​ប្រមាណ​១៥,៦លានដុល្លារ។គម្រោងសាងសង់ផ្សារទំនើបនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារនិងគម្រោង​បង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីកនៅខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម