BREAKING NEWS
Search

អាជ្ញាធរ​ខេត្ត​កែប​ ចុះ​ពិនិត្យ​ទីតាំង​ព្រៃ​លិច​ទឹក​ ដែល​កំពុង​រង​ការ​កាប់​ទន្ទ្រាន​

កែប​ ៖ អាជ្ញាធរខេត្ត​កែប​ កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែមេសា ឆ្នាំ​២០១៧​ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះ​ត្រួត​ពិនិត្យមើល​ទីតាំង​ព្រៃ​លិច​ទឹក​មួយកន្លែង ​ដែល​កំពុង​រង​ការកាប់​ទន្ទ្រាន ស្ថិតក្នុង​ភូមិ​តា​ពីង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។

ក្នុង​ប្រតិបត្តិការ​នេះ លោក​ កែន ស​ត្ថា គណៈបញ្ជាការ​ឯកភាព​ខេ​ត្ត បាន​លើកឡើងថា នេះ​ជា​ដីព្រៃ​លិច​ទឹក​ដែល​គ្រប់គ្រង​ដោយ​ជំនាញ​ជលផល​តាំងពី​យូរយារ​ណាស់​មកហើយ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​ជនខិលខូច​លួច​កាប់​ទន្ទ្រាន ​ដោយ​ជីក​ជា​ជ្រលង​ក្នុង​គោលបំណង​យក​ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ ហើយ​ករណីនេះ​ត្រូវបាន​ក្រុម​អ្នក​សារព័ត៌មាន​រាយការណ៍​ ទើប​លោក​ដឹកនាំ​កម្លាំង​មក​ត្រួតពិនិត្យ​តែម្តង​។

ទាក់ទិន​នឹង​ការ​កាប់​វាត​យក​ដីព្រៃ​លិច​ទឹក​ខាងលើ​នេះដែរ ក៏មាន​ប្រភព​រាយការណ៍​ថា ដី​នេះ​ត្រូវបាន​កាប់​ទន្ទ្រាន​កាលពី​២​សប្តាហ៍​មុន ហើយ​ការ​កាប់​វាត​យក​ទីតាំង​ខាងលើ​ គឺ​បន្ទាប់ពី​មានការ​ទិញ​លក់​បន្តបន្ទាប់​គ្នា​ ពី​សំណាក់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​តែម្តង​។​

ប្រភព​ដដែល​បានបញ្ជាក់​ផង​ដែរ​ថា ចំណុច​ដីព្រៃ​លិច​ទឹក​ដែល​គ្រប់គ្រង​ដោយ​ជំនាញ​ជលផល​នេះ​ គឺមាន​ការ​ពាក់ព័ន្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​ផង​ដែរ ប៉ុន្តែ​គេ​មិន​ដឹង​ថា មាន​បញ្ជាក់​លិខិតស្នាម​ ឬ​ ស ជ ណ នោះ​ទេ​។ ​ម្យ៉ាងទៀត​ក៏មាន​លេច​ឮ​ថា ដី​ខាងលើ​មិន​ដឹង​ជា​លក់​បន្ត​ប៉ុន្មាន​ម្ចាស់​មក​ហើយ​ដែរ ហើយ​មិន​ដឹង​ម្ចាស់​ដី​មុនៗ​ជា​អ្នកណា​នោះទេ​។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ដី​ព្រៃ​លិច​ទឹក​ ដែល​កំពុង​រង​ការ​រំលោភបំពាន​ ពី​សំណាក់​ក្រុម​ខិលខូច​នេះ​ គ្រប់គ្រង​ដោយ​អាជ្ញាធរ​ក្នុង​តំបន់ ​និង​ស្ថិត​ក្រោម​កិច្ច​ថែរក្សា​ពី​សំណាក់​ក្រុម​ជំនាញ ក្នុង​គោលបំណង​អភិរក្ស​ និង​ថែរក្សា​សម្រាប់​ធ្វើជា​ជម្រក​ពពួក​មច្ឆជាតិ​គ្រប់​ប្រភេទ ប៉ុន្តែ​រយៈកាល​ចុងក្រោយ​នេះ ស្រាប់តែ​លេច​ឮ​ថា មាន​ក្រុម​ជនខិលខូច​លួច​ឆ្មក់​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ បំណង​យក​ធ្វើជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​អ្នកខ្លះ​បាន​អះអាង​ថា អ្នក​នៅ​ពីក្រោយ​នៃ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​ខាងលើ​ គឺជា​លោក​ផ្កាយ​២​ម្នាក់​ ដែល​គ្មាន​តួនាទី​ច្បាស់លាស់ ហើយ​ឧ​ត្ត​ម​សេនីយ៍​រូបនោះ​ក៏​តែង​លេចឮ​ខាងរ​កស៊ីទិញ​ដី​ដែល​ជាប់​ពាក់ព័ន្ធ ព្រោះតែ​ទិញ​ថោក​លក់បាន​ថ្លៃ​។

ទាក់ទង​នឹង​ករណី​ខាងលើនេះ អាជ្ញាធរខេត្ត​កែប​បាននិងកំពុង​ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ រក​ជន​ខិលខូច​ទាំងនោះ​ធ្វើការ​សាកសួរ​ ដើម្បី​ធ្វើ​បែបបទ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114