Connect with us

ព័ត៌មានជាតិ

កសិករនៅភូមិព្រៃចាស់នៅតែបន្តអភិរក្សស្នាដៃជាកេរ្តិ៍តំណែលដូនតា

បានផុស

នៅ

ដោយសារប្រទេសជាតិមានការអភិវឌ្ឍជឿនលឿនការតម្បាញស្បូវ (ហៅថាក្រងស្បូវ) ជាស្នាដៃដូនតាបង្កើតឡើងពីជំនាន់ដើម សម្រាប់ប្រក់ផ្ទះសម្បែងរស់នៅ ហើយស្នាដៃនេះ ប្រជាពលរដ្ឋស្ទើរតែបោះបង់ចោលទៅហើយ តែប្រជាពលរដ្ឋមួយចំនួននៅតែយកមកធ្វើជាមុខរបរប្រចាំគ្រួសារ ដើម្បីរកប្រាក់ចំណូលដោះស្រាយជីវភាព និងរក្សាបានការអភិរក្សកេរ្តិ៍តំណែលបន្សល់ទុកពីដូនតាផងដែរ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មាស ចាន់ថេន រស់នៅភូមិព្រៃចាស់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖ បច្ចុប្បន្ននេះដោយសារប្រទេស​ជាតិយើងមានភាពអភិវឌ្ឍជឿនលឿន ប្រជាជនរស់នៅតាមទីក្រុង មិនយកស្បូវប្រក់ផ្ទះទៀតទេ ហើយប្រជាជននៅតាមភូមិទីជនបទមួយចំនួនក៏បានបោះបង់ចោលឈប់យកស្បូវទៅប្រក់ផ្ទះដែរ តែនៅមានប្រជាកសិករ និងអតិថិជនតិចតួចតែប៉ុណ្ណោះ ទិញយកទៅប្រើប្រាស់តាមតម្រូវការផ្សេងៗដូចជាប្រកកញ្ចុះ និងអ្នកមានជីវភាពខ្សត់ខ្សោយឬក៏អ្នកចង់ប្រកបរបៀបធម្មជាតិតែប៉ុណ្ណោះ។

លោកស្រីបន្តថា៖ ដោយសារគ្មានដើមទុនក្នុងការប្រកបរបររកស៊ីធំដុំនោះ លោកស្រីបានចាប់យកមុខរបរក្រងស្បូវលក់  ទោះបីថា ការទៅរកស្បូវពីព្រៃមក មានភាពលំបាកនិងនៅឆ្ងាយពីផ្ទះក៏ដោយ ស្បូវនេះទៅរកពីព្រៃមកពិបាកណាស់  ហើយ​​ទំរាំបានមួយបាច់ៗ ពេលខ្លះអត់មានលុយជួលគោយន្តគេដឹកជញ្ជូន យើងទូលមកពីព្រៃអញ្ចឹងទៅ ក្នុងមួយថ្ងៃរកបានតែពីៗបីបាច់ យកមកក្រងលក់ឱ្យគេខ្លះគេទិញខ្លះគេមិនទិញ អញ្ចឹងទៅគ្រាន់បានលុយខ្លះៗសម្រាប់ដោះស្រាយជីវភាព។

លោក ប៉ៃ ចាន់ណា បានទទួលស្គាល់ថា៖ ទោះបីជួបបញ្ហាប្រឈមបែបនេះក៏ដោយ តែសប្បាយចិត្ត ព្រោះយើងចេះកែច្នៃធនធានធម្មជាតិមាននៅក្នុងភូមិសាស្ត្រដែលយើងរស់នៅ ដែលជាមុខរបរសុច្ចរិតនៅក្នុងសង្គម និងចៀសវាងបានពីការទៅប្រកបមុខរបរជួញដូរផ្តេសផ្តាស់។

លោកបន្តថា៖ ការងារក្រងស្បូវនេះ ទោះបីធនធានធម្មជាតិរកបានដោយលំបាកមែន ក៏ប៉ុន្តែយើងលក់បានមួយកណ្តប ២.០០០ រៀល ធ្វើឱ្យយើងមានប្រាក់ចំណូលប្រចាំថ្ងៃ ដែលយើងខំធ្វើការងារដោយខ្លួនឯង ស្រួលជាងទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ខ្ញុំគិតថាចំណាកប្រទេសបើគេធ្វើការចំការងារល្អទៅក៏វាល្អដែរ  បើថានៅផ្ទះយើងអញ្ចេះក៍វាម្យ៉ាងដែរ បាននៅជុំប្រពន្ធកូន ហើយអ្នកទៅធ្វើការក៍គេមិនប្រាកដថាគេអន់ដែរ តែសម្រាប់យើងនៅភូមិនេះ គឺមានការងារធ្វើអញ្ចឹងសឹងតែគ្រប់គ្នា។

លោក ជា ម៉ាលី ចៅសង្កាត់សាមគ្គីបានបញ្ជាក់ថា៖ នេះជាកិច្ចការដែលអាជ្ញាធរមូលដ្ឋាន បានគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ព្រោះយើងចំណាយតែកម្លាំងទទួលបានផលប្រយោជន៍សម្រាប់កែប្រែជីវភាពរស់នៅ និងបានអភិរក្សកេរ្តិ៍តំណែលស្នាដៃដូនតាបានបង្កើតឡើង ពីជំនាន់ដើមមកកុំឱ្យបាត់បង់។

សូមបញ្ជាក់ថា៖  ស្បូវកណ្តប កំពុងពេញនិយមរបស់បងប្អូនអាជីកម្ម ដែលបង្កើតរមណីយ៍ដ្ឋានអេកូទេសចរណ៍ ទិញយកទៅប្រក់រោងអង្គុយកម្សាន្ត និងប្រជាពលរដ្ឋខ្លះទិញយកទៅប្រក់ខ្ទម ស្រែចំការ ចំណែកផ្ទះសម្បែងឈប់ប្រើប្រាស់ហើយ ព្រោះបងប្អូនយើងនិយមទិញដែកសង្កសី ឬហ្វីប្រូស៊ីម៉ង់ ក្បឿង យកទៅប្រក់ជំនួនវិញវាមានគុណភាពប្រើប្រាស់បានយូរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម