BREAKING NEWS
Search

ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ ស្នើ​ក្រសួង​ស្ថាប័ន​ និង​វិស័យ​ឯកជន​ យក​ជនពិការ​ចូល​បម្រើ​ការងារ

​ភ្នំពេញ​ ៖ អគ្គលេខាធិការ​ក្រុមប្រឹក្សា ​សកម្មភាព​ជនពិការ បាន​ថ្លែង​នូវ​ការអំពាវនាវ ដល់​ក្រសួង​​ ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យឯកជន ជ្រើស​រើសយក​ជនពិកា​រ​ចូល​បម្រើ​ការងារ​ប​ន្ថែ​ម​ទៀត ដើម្បី​ឲ្យ​ជនពិការ​ទទួល​បានកា​រងារ​មួយ​សមរម្យ និង​មានលទ្ធភាព​រស់នៅក្នុង​សង្គម​ដូច​មនុស្ស​ទូទៅ។ នេះ​ជាការ​លើកឡើង​របស់លោក ឯម ចន្ទ​មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​ នៅក្នុង​សិក្ខាសាលាពិគ្រោះ​យោបល់​អំពី​ការឆ្លុះបញ្ចាំង ក្នុងការ​អនុវត្តន៍​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ពិការភាព២០១៤-២០១៨ នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៧។

លោក​បាន​ថ្លែងថា ​សម្រាប់​បងប្អូន​ជនពិការ​ក្នុងពេល​បច្ចុប្បន្ន ពួកគេ​អាច​ចេះ​ជំនាញ​ជាច្រើន​មុខ ដូចជា ជំនាញ​បកប្រែ ជំនាញ​សរសេរ ជំនាញ​កុំព្យូទ័រ និង​ជំនាញ​រដ្ឋបាល​ដូច​មនុស្ស​មិន​ពិការ ​លើកលែងតែ​ជនពិការផ្នែក​អូទីស្សឹម​តែប៉ុណ្ណោះ ដែល​ពួកគាត់​មិនមាន​លទ្ធភាព​អាច​ចូល​បម្រើ​ការងារ​បាន។​

ពាក់ព័ន្ធ​នឹង​ជនពិការ​ចូល​បម្រើការ​ងារ​នេះ លោក​អគ្គលេខាធិការបាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធទាំងអស់ ជាពិសេស​វិស័យ​ឯកជន ជួយ​ជ្រើស​រើសយក​ជនពិការ​ចូល​បម្រើ​ការងារ​បន្ថែមទៀត ទៅតាម​ផ្នែក ​ឬ​ជំនាញដែល​បងប្អូន​ជនពិការ​មានលទ្ធភាព​អាចធ្វើ​ការ​បាន ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​ប្រកួតប្រជែង​ក្នុង​វិស័យ​ការងារ ដែល​ចាត់ ទុកជា​ការចូលរួមចំណែក​ដើម្បី​លើកស្ទួយ​ជនពិការ​គ្រប់​ប្រភេទ ក៏ដូចជា​ការជួយ​ឲ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ រស់នៅក្នុងសង្គម​មួយ​ដូច​មនុស្ស​ទូទៅ​។​

លោក​ សែម សុខា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​និង​អតីតយុទ្ធជន និង​យុវ​នីតិសម្បទា និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការបាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦​កន្លងមកនេះ ក្រសួង​ស្ថាប័នរដ្ឋ​ចំនួន​ទាំង​៤៣ បានជ្រើសរើស​ជនពិកា​រ​ចូល​បម្រើ​ការងារ​ចំនួន២.៥៧៦​នាក់ ក្នុងនោះ​ជនពិការ​កម្រិតធ្ងន់​មាន​ចំនួន៩៥៣​នាក់ បើ​គិត​ភាគរយ​សរុប​ទាំងអស់​មាន​ចំនួន​៣.៥២៩​នាក់ ស្មើនឹង​១.៧២% ។ ក្នុងនោះ​សម្រាប់​វិស័យ​ឯកជន បានជ្រើសរើស​ជនពិការ​ចូល​បម្រើ​ការងារ​មាន​ចំនួន​២.១២៤​នាក់ ដែល​មានតែ​១៩​ក្រុមហ៊ុន​ប៉ុណ្ណោះ ដែល​បាន​ទទួលយកជនពិការ​ចូល​បម្រើកា​រងារ។ ដូច្នោះ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​សម្រាប់​ជនពិការ​នេះ​បាន​បង្ហាញថា ចំនួន​នៃ​ការ​ជ្រើសរើស​ជនពិការ​យកមក​ចូល​បម្រើ​ការងារ នៅ​មិនទាន់​គ្រប់​តាម​ផែនការ​កំណត់​របស់​រា​ជ​រដ្ឋាភិបាល​នៅឡើយ​នោះទេ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114