BREAKING NEWS
Search

បរិយាយ ៖ ​លទ្ធផល​បោះឆ្នោត​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ជាស​ញ្ញាវិជ្ជមាន​សម្រាប់​គណបក្ស​ប្រជាជន​ក្នុង​ឆ្នាំ​២០១៨

ភ្នំពេញ ​៖​ លទ្ធផល​ក្រៅផ្លូវការ​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧ បាន​បង្ហាញ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​កាន់កាប់​តំណែង​មេឃុំ​ចៅសង្កាត់​ប្រមាណ​ជា ១១៥៨ ឃុំ សង្កាត់​, ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន ៤៨៧ ឃុំ សង្កាត់​, គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួលបាន ​១ឃុំ។​ បើ​គិត​ជា​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​ទទួលបាន​ចំនួន​ ៣.៥២៩.៤០០​សំឡេង ស្មើ ៥១,៣៩ % កើនឡើង​ជាង ៣០ ម៉ឺន​សំឡេង ប្រៀប​នឹង​ការបោះឆ្នោត​ឆ្នាំ ២០១៣ ដែល​នេះ​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រៀមខ្លួន​ឈ្នះ​ដាច់​សម្រាប់​ប្រយុទ្ធ​នៅ​ឆ្នាំ​២០១៨ ទៀត​។​

តាម​តួលេខ​មិនទាន់​ផ្លូវការ​ចំនួន​អ្នកបោះឆ្នោត​មាន ៦.៧៤៣.៣២៩ ក្នុងនោះ សំឡេងគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុ​ជា​ទទួលបាន​ចំនួន​ ៣.៥២៩.៤០០​សំឡេង ស្មើ ៥១,៣៩ % កើនឡើង​ជាង ៣០ ម៉ឺន​សំឡេង​ប្រៀប​នឹង​ការបោះឆ្នោត​ឆ្នាំ ២០១៣។ បើ​ប្រៀបធៀប​ទៅនឹង​អាសនៈ​ក្នុង​សភា​ដែលមាន ១២៥ អាសនៈ អាច​បញ្ជាក់​ច្បាស់​រួចទៅហើយ​ថា គណបក្ស​ប្រជាជន​នឹង​នៅតែ​ជា​គណបក្ស​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា ដែល​ទទួលបាន​រហូត ៧១ អាសនៈ និង គណបក្សប្រឆាំង​ទទួលបាន ៥៤ អាសនៈ ។​ ​ ​ ​ ​



ប្រទេស​កម្ពុជា​ទាំងមូល​មាន​ឃុំ​សង្កាត់​ចំនួន ១៦៤៦ និង មាន​ចំនួន​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជាង​១១.៥០០។ កាលពី​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១២​ គណបក្ស​ប្រជាជន​កម្ពុជា​ដណ្តើម​បាន​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ស្ទើរតែ​ទាំងអស់។ តែ​លទ្ធផល​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១៧​នេះ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្តកាន់កាប់​តំណែង​មេឃុំ​ជាង ១.១៥៨ តំណែង​ច្រើនជាង​២ ដង លើ​បក្សប្រឆាំង។
​ ​
ទោះជា​យ៉ាងណាក៏ដោយ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​នៅតែ​បន្ត​ប្រឹងប្រែង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​គណបក្ស​បន្ត​ស្ថានភាព​មាន​សំឡេងឆ្នោត​គាំទ្រ​បន្ថែម​ទៀត​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខនេះ។

កំណែទម្រង់​ស៊ីជម្រៅ​សម្រាប់​ផលប្រយោជន៍​មហាជន និង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ គឺ​ជា​រឿង​ស្លាប់​រស់​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ដឹកនាំ​ប្រទេស​ដោយ​ផ្អែកលើ​មនោសញ្ចេតនា​បានទេ។ ការលើកលែង ការ​អនុគ្រោះ ការយោគយល់​ដែល​រាជរដ្ឋាភិបាល​បានធ្វើ​ដើម្បី​ជួយ​សម្រួល​ការលំបាក​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក ហាក់ដូចជា​ពុំបាន​ឆ្លើយតប​ជា​វិជ្ជមាន​សម្រាប់​បក្ស​កាន់អំណាច​នោះ​ទេ។ គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​មើល​រំលង​ចំណុច​អសកម្ម​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ខ្លួន​នោះ​ទេ ព្រោះ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នេះហើយ គឺជា​គ្រឹះ​ក្រោម​ដ៏​រឹងមាំ​សម្រាប់​សំឡេងឆ្នោត ឆ្នាំ​២០១៨ ខាងមុខនេះ។ ទង្វើ​ល្អ​របស់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ គឺជា​ទំនុកចិត្ត​ និង​ភាពកក់ក្តៅ សម្រាប់​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹងថា តួលេខ​ប្រជាពលរដ្ឋ​ដែល​មិន​បានមក​បោះឆ្នោត មាន​ចំនួន​ប្រមាណ​ជា ១ លាន​សំឡេង​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​កាលពី​ថ្ងៃអាទិត្យ​ ទី​៤ ​ខែមិថុនា កន្លងមក។ សំឡេង​អវត្តមាន​នេះ​គឺជា​សំឡេង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដណ្តើមយក​ឲ្យ​បាន​សម្រាប់​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ព្រោះថា មេឃុំ​ចៅ​សង្កា​ត់របស់​គណ​បក្សប្រឆាំង​ទាំងអស់ មិន​ប្រាកដថា​អាចបំពេញ​កាតព្វកិច្ច​តាម​ការសន្យា​បាន​ដូច​មុន​ការបោះឆ្នោត​នោះទេ​។ ដូចនេះ ប្រជាប្រិយភាព​នៃ​គណបក្សប្រឆាំង​អាច​ប្រឈម​នឹង​ការធ្លាក់ចុះ ព្រោះថា​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​នាពេល​បច្ចុប្បន្ន​មានការ​ពិចារណា វិនិច្ឆ័យ មាន​ភាព​វ័យឆ្លាត​ខ្លាំងណាស់​។​ ពួកគេ​អាច​បោះឆ្នោត​ដំឡើង តែ​ពួកគេ​ក៏​អាច​បោះឆ្នោត​ទម្លាក់​វិញ​បានដែរ​។

បើ​ពិនិត្យ​ពី​អតីតកាល នៅក្នុង​អំឡុង​ឆ្នាំ ១៩៩៣ ការបោះឆ្នោតជាតិ​លើកដំបូង​ដែល​រៀបចំឡើង​ដោយ​អ៊ុនតាក់ ដែល​ពេលនោះ​ប្រជាពលរដ្ឋ​ខ្មែរ​សុទ្ធតែ​មានគំនិត​ចង់​ដូរ ហើយ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ឈ្នះ​។ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ប្រទេសជាតិ​បែរជា​មាន​ចលាចល​កើតមាន​សង្គ្រាម​កល​យុគ​ និង​អំពើពុករលួយ​ដ៏​ខ្លាំង​នៅក្នុង​រាជរដ្ឋាភិបាល​ និង​ក្នុង​បក្ស ទើប​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ្លឺភ្នែក។ ​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​២ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​បាត់បង់​ប្រជាប្រិយភាព​យ៉ាងខ្លាំង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ខិតខំ​ធ្វើ​កិច្ច​ការ​បម្រើ​ជាតិ និង បម្រើ​ប្រជាជន​យ៉ាងច្រើន​នោះ ក៏បាន​ទទួល​ការគាំទ្រ​រហូតមក។ ដូចនេះ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវតែ​ខិតខំ​បន្តទៀត​ ដើម្បី​ដណ្តើម​ឈ្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ ២០១៨ ខាងមុខ។​ ​

មន្ត្រី​គណបក្ស​ប្រជាជន​ត្រូវតែ​ជា​សកម្មជន​របស់​បក្ស​ហើយ​ត្រូវ​ហ៊ាន​លះបង់ ​និង​ធ្វើ​ពលី​កម្ម​ដើម្បី​បក្ស មិនត្រូវ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជ្រុល​ពេក​នោះទេ​។ ​ត្រូវ​បម្រើ​បក្ស​ដោយ​សេចក្តីស្រឡាញ់ បម្រើ​បក្ស​លះបង់​ដើម្បី​បក្ស​អស់ពី​បេះដូង​។ លះបង់​ដើម្បី​បក្ស​មានន័យ​ស្មើនឹង​លះបង់​ដើម្បី​ខ្លួនឯង និង ក្រុមគ្រួសារ​ខ្លួនឯង​ផងដែរ។ អ្វីដែល​សំខាន់​ត្រូវ​ធ្វើ​បន្ត​នោះ​គឺ​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ និង គ្មាន​ការរើសអើង បើទោះបី​យើង​ដឹងថា​ប្រជាពលរដ្ឋ​បាន​បោក​យើង ភូត​យើង​ក៏ដោយ តែ​អំពើ​ល្អ​វា​នឹងធ្វើ​ឲ្យ​មនុស្ស​ទាំងនោះ​ងាក​មក​គាំទ្រ​យើង​វិញ​ជាក់​ជាមិនខាន។ ​ដូចនេះ​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​នេះ គឺជា​ជួយ​ដាស់​ស្មារតី​សមាជិក​បក្ស​ប្រជាជន ពិសេស​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ឲ្យ​ភ្ញាក់រលឹក​តស៊ូ​ដើម្បី​យកជ័យ​ជំនះ​សម្រាប់​បោះឆ្នោតជាតិ​ឆ្នាំ ២០១៨ ខាងមុខ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684