BREAKING NEWS
Search

ក្លិប​បាល់ទាត់ Celtic FC របស់​ប្រទេស​ស្កុ​តឡែ​ន បញ្ជូន​ក្រុម​គ្រូបង្វឹក​មក​ចែករំលែក​បច្ចេកទេស​បាល់ទាត់​នៅ​កម្ពុជា

ក្លិប​បាល់ទាត់ Celtic FC របស់​ប្រទេស​ស្កុ​តឡែ​ន ត្រៀម​បញ្ជូន​គ្រូបង្វឹក​យុវជន​ថ្នាល​របស់ខ្លួន​ចំនួន​២​រូប​មក​ប្រទេស​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាត់​បច្ចេកទេស​ដល់​កុមារ​កម្ពុជា នៅ​ចុងខែ​មិថុនា នេះ ខណៈ​គម្រោង​នឹង​ចែករំលែក​ដល់​ក្លិប​ធំៗ​ក្នុងស្រុក​ចំនួន​៣​ផ្សេងគ្នា​។

លោក Christopher Grant អតីត​គ្រូបង្វឹក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​របស់​ភ្នំពេញ​ក្រោ​ន និង​ជា​នាយក​សាលា​បាល់ទាត់ Elite Soccer Coaching ដែលជា​ផ្នែក​មួយ​នាំយក​គ្រូបង្វឹក​ពីររូប​មកពី​ក្លិប Celtic FC មក​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​បាល់ទាត់​នៅ​កម្ពុជា បានឲ្យដឹងថា​គ្រូបង្វឹក​ទាំង​២​រូបនោះ​មាន​លោក Graham Diamond កាន់​អាជ្ញាប័ណ្ណ UEFA Pro Licence ជា​ជំនួយការ​គ្រូបង្វឹក​នៅ​ក្លិប Celtic FC និង​លោក Paul J. Corr កាន់​អាជ្ញាប័ណ្ណ UEFA A Licence ធ្វើការ​នៅ​ក្រុមយុវជន​របស់​ក្លិប​។

តាម​គម្រោង​លោក​ទាំង​២​នាក់​នឹង​ចាក​ចេញពី​ប្រទេស​ស្កុ​តឡែ​ន នៅ​ថ្ងៃទី ២៥ ខែ មិថុនា មក​កម្ពុជា ដើម្បី​ចែករំលែក​បាល់ទាត់​ជាមួយ​ក្លិប​អាជីព​ចំនួន​៣ ដោយមាន ភ្នំពេញ​ក្រោ​ន​, ព្រះខ័ន​រាជ​ស្វាយរៀង​និង​ខេ​ម​បូ​ធាន​ថា​យ​ហ្គឺ​រ​។ ជាមួយគ្នានេះ​ក៏​នឹងមាន​ការរៀបចំ​កម្មវិធី​ជាមួយ​សាលា​បាល់ទាត់​ខ្លះ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​គ្រោង​នឹងធ្វើ​ឡើង​អំឡុង​ថ្ងៃទី ២៧ ខែ មិថុនា ដល់ ២ ខែ កក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ ដោយ​ចែកចេញជា​២​លើក​ខណៈ​នឹង​អនុញ្ញាតិ​អោយចូល​រួម​ដោយ​សេរី​។

​សូម​រំលឹកថា ​ក្លិប​បាល់ទាត់ Celtic FC មាន​មូលដ្ឋាន​នៅ​ទីក្រុង​Glasgow មាន​អាយុកាល​១២៩​ឆ្នាំ ហើយ​ជា​ក្រុម​ជោគជ័យ​ជាងគេ​នៅ​ប្រទេស​ស្កុ​តឡែ​ន​។ ក្រុម​ដែលមាន​រហស្សនាម​ថា​The Bhoys ធ្លាប់​ឈ្នះ​ពានរង្វាន់​លីក​កំពូល​ក្នុងស្រុក (Scottish League Championship) ចំនួន​៤៨​លើក ធ្លាប់​ឈ្នះ​ពានរង្វាន់​Scottish Cup ចំនួន​៣៧​លើក និង​ឈ្នះ​ពានរង្វាន់​Scottish League Cup ចំនួន​១៦​លើក​។ អ្វីដែល​គួរឲ្យ​ចាប់អារម្មណ៍​ក្រុម​នេះ​ធ្លាប់​ឈ្នះ​ពានរង្វាន់​ជើងឯក​ទ្វីបអឺរ៉ុប UEFA Champions League ចំនួន​១​លើក​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114