BREAKING NEWS
Search

រូប​បដិមា​សម័យ​បុរាណ​ ត្រូវបាន​ស្ត្រី​ម្នាក់​រកឃើញ​តាម​ការ​សុបិន​

​តាកែវ ៖ រូប​បដិមា​សម័យបុរាណ​មួយ​អង្គ ត្រូវបាន​ស្ត្រី​ម្នាក់​រកឃើញ​នៅ​ខាងក្រោយ​ផ្ទះ​ តាម​ការ​សុបិន​ឃើញ​របស់ខ្លួន​បន្តបន្ទាប់​គ្នា​។​ ហេតុការណ៍​នេះបានកើត​ឡើង​នៅភូមិ​អ្នកតា​ត្បាល់ ឃុំ​គោក​ពោធិ៍ ស្រុក​បូរី​ជលសារ ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧។

​តាម​ការរៀប​រាប់រប​ស់​ស្ត្រី​ឈ្មោះ ជា ភឿន អាយុ​៣៨​ឆ្នាំ​ ដែល​ប្រទះឃើញ​រូប​បដិមានេះ ​បាន​ប្រាប់​ឲ្យ​ដឹងថា មុន​នឹង​គាត់​ប្រទះឃើញ គឺ​គាត់​បាន​យល់សប្ដិ​ឃើញ​២​យប់​មក​ហើយ ដោយ​នៅក្នុង​យល់សប្តិ​នោះ​ គឺ​គាត់​បានឃើញស្ត្រី​ម្នាក់​តែងតែ​មក​ហៅ​គាត់ឲ្យ​ទៅ​ជួយ​យក​គាត់​ចេញពី​ក្នុង​ភក់ផង​ គាត់​ពី​បាក​ទ្រាំ​ណាស់។

គាត់​បាន​បន្តទៀតថា លុះដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៩ និង​៣០នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧ គាត់​បាន​ដើរទៅ​ខាងក្រោយ​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​ដៃ​ម្ខាង​ និង​ខ្លួន​កប់នៅលើ​គំនរ​ដី​ដែល​ចាក់​នៅក្រោយផ្ទះ​ រួច​គាត់​ក៏បាន​លើក​យកមក​ផ្ទះ​លាង​សម្អាត ​និង​អុជ​ធូប​សុំ​សេចក្តីសុខ​សប្បាយ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើងដល់​អ្នកស្រុក​នាំគ្នា​មក​អុជ​ធូប រហូត​មាន​អាជ្ញាធរ​ស្រុក​ និង​ជំនាញចុះមក​ធ្វើការ​ពិនិត្យ​។

ករណីនេះ​បើតាម​ការ​សន្និដ្ឋាន​បឋម​ របស់​មន្ត្រី​ជំនាញ​ស្រុក​បូរី​ជល​សារ បាន​ឲ្យ​ដឹងថា រូបសំណាក​មួយ​នេះ​បើ​មើល​តាម​ទម្រង់ ​ជា​រូប​មេទ័ព​ដែលមាន​ប្រវត្តិ​មុន​សម័យអង្គរ និងមាន​កម្ពស់​០៧​តឹក​ ទម្ងន់​២៧​គីឡូក្រាម​។​ បច្ចុប្បន្ន​រូប​បដិមាដែល​ស្ត្រី​ខាងលើ​ប្រទះឃើញ​នោះ ​កំពុង​តម្កល់ទុក​នៅផ្ទះ​របស់គាត់​ ដោយមាន​កម្លាំង​សមត្ថកិច្ច​ការពារ​ផងដែរ រង់ចាំ​ខាង​មន្ទីរ​ពាក់ព័ន្ធ​ចុះមក​ធ្វើការ​ពិនិត្យ​ម្តងទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114