BREAKING NEWS
Search

បេសកកម្ម​រយៈពេល​មួយថ្ងៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រំដោះ​ប្រទេស​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត

ភ្នំពេញ ​៖ ថ្ងៃ​ទី២១ ខែមិថុនា ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ដំណើរ​ឆ្ពោះទៅ​ការរំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​នេះ​បាន​កើតមានឡើង​តាំងពី ៤០ ឆ្នាំមុន នៅពេលដែល​យុទ្ធជន ហ៊ុន សែន អាយុ​ទើបតែ ២៤​ឆ្នាំ បាន​ដឹកនាំ​កម្លាំង​រត់​ភៀសខ្លួន​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ទៅកាន់​ប្រទេស​វៀតណាម ដោយ​សេចក្តី​អង់អាច​ក្លាហាន​និង​មិន​ខ្លាច​សេចក្តីស្លាប់ បើទោះបី​ដឹងថា​វា​អាច​ស្លាប់​ច្រើនជាង​រស់​ក៏ដោយ តែ​ដើម្បី​បុ​ព្ធ​ហេតុ​ជាតិ និង ប្រជាជន សុខចិត្ត​ឃ្លាត​ពី​ភរិយា​ជាទី​ស្រឡាញ់ ឃ្លាត​ពី​ទឹកដី​កំណើត។

កាលពី​ព្រឹក​ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ​២០១៧ តាំងពី​ព្រលឹម​ស្រាង​កម្លាំងប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេ​ម៉ត់ ខេត្ត​ត្បូងឃ្មុំ បាន​ជួបជុំគ្នា​ស្លៀក​ស្រស់ស្អាត បាន​ជួបជុំគ្នា​នៅក្នុង​ទីធ្លា​សាលារៀន រងចាំ​វត្តមាន​មកដល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​តួអង្គ​ដ៏​សំខាន់​នៅក្នុង​ទិវា​ចងចាំ​ដំណើ​ឆ្ពោះទៅ​ការរំដោះ​ជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ។

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមជាមួយ​មន្ត្រី​ព្រឹទ្ធសភា រដ្ឋសភា​និង​ភ្ញៀវ​អន្តរជាតិ​ជា​អង្គទូត ជា​សេនានុព័ន្ធ​យោធា​ប្រចាំ​កម្ពុជា​សរុប​ប្រមាណ ២០០ នាក់ បានបង្ហាញ​វត្តមាន​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើជា​សាក្សី​និង ដើម្បី​ស្គាល់​នូវ​ប្រវត្តិ​ដើម​នៃ​ការចាប់ផ្តើម​នៃ​តួអង្គ​មួយ​ក្នុងចំណោម​តួអង្គ​ផ្សេងទៀត​ដែល​បាន​បង្កើត​នូវ​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា ការសង្គ្រោះ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ។ ពេលនេះ​ក៏​កំពុង​នាំ​ពួកឧក្រិដ្ឋជន​សង្គ្រាម ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍ យកទៅ​កាត់ទោស។ បើ​គេ​ទទួលស្គាល់ថា ការកាត់ទោស​នេះ​ត្រឹមត្រូវ​មានន័យថា ការតស៊ូ​ផ្តួលរំលំ​របប ប៉ុល ពត ជាមួយនឹង​កម្លាំង​ដទៃ​ទៀត​ដែល​រួមគ្នា​នៅក្រោម​ដំបូល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ និង ការជួយ​របស់​វៀតណាម​គ្មានអ្វី​ខុស​នោះទេ​។

​ម៉ោងជាង ៧ ឧ​ត្ត​ម្ភា​ចក្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ដល់​គោលដៅ​នៃ​កន្លែង​ប្រារព្ធ​ពិធី ក្នុង​ឯកសណ្ឋាន​ជានា​យ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ទៅកាន់​ខ្ព​ម​អ្នកតា​កោះ​ថ្ម ដើម្បី​អុជ​ធូប​ជា​ការ​គោរព​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី រួចមក​សម្តេច​ក៏បាន​ជួប​ជាមួយ អ្នកភូមិ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​ជួយ​សម្តេច​ក្នុង​ពេល​តស៊ូ​នៅ​តំបន់​នោះ។

ត​មក​សម្តេច​ក៏បាន​អញ្ជើញ​ពិនិត្យ​ផ្ទាំងសិលា ​ដែល​បាន​តម្កល់​និង​បាន​ចារ​នូវ​ពាក្យ​ពេជ្រ​បញ្ជាក់​ពី​គោលដៅ​ នៃ​ការ​ចេញដំណើរ​របស់​សម្តេច​ពី​ភូមិ​កោះ​ថ្ម ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​បុព្ធ​រំដោះ​ជាតិ​ និង​ ប្រជាជន​។

នៅ​ទីនោះ សម្តេច​តេ​ជោ ហ៊ុន សែន ថតរូប​ជាមួយនឹង​យុទ្ធ​មិត្ត​២​រូប​ក្នុងចំណោម ៤ រូប​ដែល​បានរួម​ដំណើរ​ជាមួយ​សម្តេច​ទៅកាន់ ប្រទេស​វៀតណាម ក្នុង​នោះ​មាន​ឧ​ត្ត​ម​សេនីយ៍ នុ​ច ថន និង ឧ​ត្ត​ម​សេនិយ៍ វ៉ា ប៉ោ​អ៊ា​ន ចំណែក​យុទ្ធ​មិត្ត ពីរ​រូប​ទៀត​បាន​ទទួល​មរណភាព​ដែល​រួមមាន លោក ញឹក ហួន​, លោក ស៊ូ គឹម​ស្រ៊ាង ហៅ សាញ់។

បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចំណាយ​ពេលវេលា​ជិត ២ ម៉ោង​សំណេះសំណាល​ជា មួយ​អ្នកភូមិ​កោះ​ថ្ម សម្តេច​តេ​ជោ​បាន​អរគុណ​ចំពោះ​ពុក​ម៉ែ បងប្អូន ក្មួយៗ អ្នកភូមិ​កោះ​ថ្ម ដែល​បាន​ផ្ដល់​នូវ​ក្ដី​អាណិត​ស្រឡាញ់​ចំពោះ​សម្តេច​តាំង​ពី​ដើម​មក​។ មិនមែន​គ្រាន់តែ​នៅ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៧ ទេ អ្នក​កោះ​ថ្ម​បាន​ជួយ​ចំពោះ​សម្តេច​តាំងពី​ឆ្នាំ ១៩៧០។ កន្លែង​នេះ​ក៏​ជា​កន្លែង​ចាប់ផ្ដើម​ដែល​សម្តេច​ត្រូវ​ប្រមូល​គ្នីគ្នា​ចូលទៅ​ព្រៃម៉ាគី ហើយក៏​ជា​តំបន់​ដែល​សម្តេច​ត្រូវ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​ដែរ។

នៅ​ក្នុង​ពិធី​នោះ ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​លើក​ជា​សំណួរ​ឡើង​ថា ហេតុអ្វី​បានជា​ត្រូវ​តស៊ូ​ប្រដាប់អាវុធ​ដើម្បី​សង្គ្រោះ​ជាតិ​ពីរ​បប ប៉ុល ពត​? នៅ​ក្នុង​ថ្ងៃទី ២០ ខែ មិថុនា ១៩៧៧ ពេលវេលា​ម៉ោង​នេះ គឺជា​ពេលវេលា​ដ៏​លំបាក​បំផុត​ដែល​ជា​ការសម្រេចចិត្ត​ចុងក្រោយ​ត្រូវធ្វើ​យ៉ាងម៉េច ? សម្តេច​តេ​ជោ​បាន​រៀបរាប់​អំពី​រឿង​ទាំងឡាយ​ដែល​ជា​ការចាប់ផ្ដើម​ថា​ហេតុអ្វី​បានជា​មានការ​លំបាក​បែ​ប​នេះ ?​ហើយ​ហេតុអ្វី​បានជា​យើង​ត្រូវ​តស៊ូ​ប្រដាប់អាវុធ​ដើម្បី​សង្គ្រោះ​ជាតិ ? សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ ខ្ញុំ​មិនមែន​តស៊ូ​ដោយ​កញ្ឆក់​កណ្ដៀត​ទេ តែ​ជាការ​រៀបចំ​នៅក្នុង​គោល​គំនិត​ដ៏​ជាក់លាក់​មួយ។ សំណួរ​សួរ​ថា ហេតុអ្វី​បានជា​ត្រូវ​តស៊ូ​ប្រដាប់អាវុធ​ដើម្បី​សង្គ្រោះ​ជាតិ​? ចម្លើយ​បើ​វា​ស្រួល​ដូច​សព្វថ្ងៃ​ចាំបាច់​ទៅ​សង្គ្រោះ​ជាតិ​ធ្វើ​អី ។ ពាក្យ «​សង្គ្រោះ​ជាតិ​» បច្ចុប្បន្ន​គឺ​មិនត្រូវ​ន័យ​នៃ​សភាពការណ៍​របស់​ប្រទេស​នេះ​ទេ ។ «​សង្គ្រោះ​ជាតិ​» ជា​របស់​ផ្ដាច់មុខ​របស់​ប្រជាជន​កម្ពុជា​។ សម័យ​នោះ​មិនមែនជា​សម័យ​ដែល​អាច​ដើរ​ឃោសនាបោះឆ្នោត​ហើយ​សុំ​សេរីភាព សុំ​ប្រជាធិបតេយ្យ​នោះទេ​។ បើសិនជា​សុំ​បាន បើសិនជា​បង្កើត​បក្សនយោបាយ​បាន ខ្ញុំ​មិនចាំបាច់​ទៅធ្វើ​ការតស៊ូ​ប្រដាប់អាវុធ​ដើម្បី សង្គ្រោះ​ជាតិ​នោះទេ។ បើ​វា​ស្រួល​ដូច​សព្វថ្ងៃ មាន​បក្សនយោបាយ​ជាច្រើន​អាចធ្វើ​ដំណើរ​បាន​គ្រប់ទិសទី មិនចាំបាច់​ទៅ​តស៊ូ​ប្រដាប់អាវុធ​នោះទេ។ តែ មិនអាច​សុំ​សេរីភាព​ពី ប៉ុល ពត បានទេ កុំថាឡើយ​សេរីភាព​នៃ​ការនិយាយស្ដី ការធ្វើដំណើរ ការធ្វើ​នយោបាយ សូម្បីតែ​សេរីភាព​នៃ​ការរស់រានមានជីវិត​ក៏​គ្មាន​ផង។ តើ​យើង​នៅ​រង់ចាំ​ការ​ស្លាប់​ទេ ? … ឥឡូវ​យើង​នាំគ្នា​គិត​មើល បើ​កុំ​ផ្តួល​ពួក ប៉ុល ពត ដោយ​ប្រដាប់អាវុធ តើ​មកដល់​ថ្ងៃនេះ​អ្នក​កោះ​ថ្ម​អាច​រស់​បានទេ​? ហើយ​ក្មួយៗ បច្ចុប្បន្ននេះ​អាច​រស់​បានទេ​? បើ​ឪពុកម្តាយ​របស់ខ្លួន​ជីដូន​ជីតា​របស់ខ្លួន មិន​ទាំង​រស់​ផង​នោះ …?”។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ធ្វើការ​ពន្យល់​អំពី​មូលហេតុ​អ្វី​បានជា​ត្រូវ ជ្រើសរើស​ប្រទេស​វៀតណាម​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ទីនោះ ? សម្តេច​បាន​បញ្ជាក់​ទៀត​ថា ​មុន​ធ្វើការ​សម្រេច​ចាកចេញ​ទៅកាន់​ប្រទេស​វៀតណាម​នោះ សម្តេច​មាន​ជម្រើស​ចំនួន​៤ ៖ ជម្រើស​ទី​មួយ ជា​ជម្រើស​បញ្ជា​កម្លាំង វ៉ៃ​កាន់កាប់​តំបន់​នេះ ទាំង​ស្រុក​ទ្រមូង ស្រុក​មេមត់ ស្រុក​ស្នួល ដោយ​កងវរសេនាធំរ​បស់​សម្តេច។ តើ​សម្រេចចិត្ត​វ៉ៃ​ឬ​មិន​វ៉ៃ ? ប៉ុន្តែ​សម្តេច​បាន​គិត​ថាបើ​ធ្វើ​យ៉ាង​ដូច្នេះ​យ៉ាងយូរ​មួយ​អាទិត្យ​ក្រោយ​កម្លាំង​នឹង​ត្រូវ​ខ្ទេច​តែម្តង។ អញ្ចឹង​ជម្រើស​យោធា​នៅ​ពេល​នោះ​មិនមែន​ជា​ជម្រើស​សម​ហេតុ​សម​ផល​នោះឡើយ។

ជម្រើស​ទី ២ គឺជា​ជម្រើស​ដក​ខ្លួន​ចេញ​ហើយ​រៀបចំ​ការតស៊ូ​ជាថ្មី។ ជម្រើស​ទី​៣ គឺ​ទុក​ឲ្យគេ​ចាប់​យក​ទៅ​សម្លាប់​ដូច​អ្នក​ដទៃទៀត ជម្រើស​ទី ៤ គឺ​ការ​ធ្វើអត្តឃាត​ដោយ​កាំភ្លើងខ្លី​របស់​សម្តេច។

ចុងក្រោយ​សម្តេច​តេ​ជោ បានសម្រេច​ចិត្ត​យក​ជម្រើស​ទី ២ គឺ​ការ​ចាកចេញ​ទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​រៀបចំ​កម្លាំង​តស៊ូ​ប្រដាប់​អាវុធ​រំដោះប្រទេស។

សម្តេច​ក៏បាន​ធ្វើការ​បកស្រាយ​ទៀត​ថា ហេតុអ្វី​បានជា​ត្រូវ​ជ្រើសរើស​ប្រទេស​វៀតណាម​ជា​ទិសដៅ​ដែល​ត្រូវ​ទៅ​? ជនរួមជាតិ​បងប្អូន​គិត​មើល​ទៅ​ចុះ តើ​យើង​ទៅ​ពឹង​ឡាវ​ដែល​ឃ្លាត​ពី​នេះ​ប្រមាណ​ជា​ជិត ២០០ គីឡូម៉ែត្រ​ទេ ? ហើយ​តើ​ឡាវ​មានលទ្ធភាព​ទេ​? យើង​ទៅ​ថៃ​មិន​ដឹង​ថា ទៅតាម​ផ្លូវ​ណា​ផង​ទេ​។ ប៉ុន្តែ​សួរ​ថា​ថៃ​មានលទ្ធភាព​ទេ​? សម្រាប់​វៀតណាម​គឺ​នៅ​កៀក​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ចេញពី​ទីនេះ គឺ​ទៅដល់ ហើយ​វៀតណាម​ក៏​មិនមែនជា​រឿង​ថ្មី​ដែរ។ សម្តេចព្រះ​នរោត្តម សីហនុ គាត់​ធ្លាប់​បាន​ពឹង​វៀតណាម​ឲ្យ​ជួយ​រំដោះ​ប្រទេស។ លន់ នល់ ក៏​ធ្លាប់បាន​ពឹង​វៀតណាម​ខាងត្បូង​និង​អាមេរិក​ចូល​មក​ច្បាំង​ក្នុង​ទឹកដី​កម្ពុជា​ដែរ។ ម្យ៉ាងទៀត​រឿងរ៉ាវ​ដែល​យើង​ត្រូវ​ដឹង​ដើម្បី​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្គាល់​បញ្ហា​មេដឹកនាំ​ប្រទេស​ជាច្រើន​បាន​តស៊ូ​ពី​ក្រៅ​ប្រទេស​ទេ។ មិនមែន​តស៊ូ​នៅក្នុង​ប្រទេស​នោះឡើយ។ សម្តេច​បន្តថា សម្តេចព្រះ​នរោត្តម សីហនុ ក៏​ធ្លាប់​ពឹង​វៀតណាម ,​វៀតណាម​ក៏​ធ្លាប់​ពឹង​កម្ពុជា​ដែរ មិនមែន​គ្រាន់តែ​កម្ពុជា​ធ្លាប់​ពឹង​វៀតណាម​ទេ វៀតណាម​បាន​ពឹង​កម្ពុជា​មុន ដូច្នេះ​មេដឹកនាំ​វៀតណាម​មិនដែល​ភ្លេច​នឹង​ថ្លែងអំណរគុណ​កម្ពុជា​នោះ​ទេ នៅ​ពេល​ដែល​វៀតណាម​នៅសល់​សង្គ្រាម​នៅ​ភាគ​ខាងត្បូង អ្នក​កោះ​ថ្ម​មួយចំនួន សុទ្ធតែ​ធ្លាប់​នាំ​អង្ករ ថ្នាំពេទ្យ ទៅ​លក់​ឲ្យ​យៀកកុង​នៅតាម​ព្រំដែន​នេះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បាន​អរគុណ​អ្នក​ទាំងឡាយ​ដែល​បាន​អញ្ជើញ​មក​ទីនេះ ដើម្បី​ស្គាល់​នូវ​ប្រវត្តិ​ដើម​ នៃ​ការ​ចាប់ផ្តើម​នៃ​តួអង្គ​មួយ​ក្នុងចំណោម​តួអង្គ​ផ្សេងទៀត ដែល​បាន​បង្កើត​នូវ​ការ​រស់រាន​មាន​ជីវិត​របស់​ប្រជាជន​កម្ពុជា​ការសង្គ្រោះ​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍។

ពេលនេះ​ក៏​កំពុង​នាំ​ពួក​ឧក្រិដ្ឋជន​សង្គ្រាម ឧក្រិដ្ឋជន​ប្រល័យពូជសាសន៍​យក​ទៅ​កាត់ទោស។ បើ​គេ​ទទួល​ស្គាល់​ថា ​ការ​កាត់ទោស​នេះ​ត្រឹមត្រូវ​មានន័យថា​ សម្តេច​តស៊ូ​ផ្តួលរំលំ​របប ប៉ុល ពត ជា​មួយ​នឹង​កម្លាំង​ដទៃ​ទៀត​ ដែល​រួមគ្នា​នៅ​ក្រោម​ដំបូល​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​និង​ការជួយ​របស់​វៀតណាម គ្មានអ្វី​ខុស​ទេ។

សម្តេច​តេ​ជោ​បាន​បន្តថា ចេញពី​ចំណុច​នេះ​ហើយ​ដែល​អង្គការ​ចាត់តាំង​ខាង​យោធា​ត្រូវ​បាន​បង្កើត​ឡើង។ ខុសពី​ឆ្នាំ ១៩៧០ ។ ឆ្នាំ ១៩៧០ អង្គការ​ចាត់តាំង​ខាង​នយោបាយ​បាន​កើត​មុន តាមរយៈ​ការ​បង្កើត​រណសិរ្ស​រួបរួម​ជាតិ​ដឹកនាំ​ដោយ​សម្តេចព្រះ​នរោត្តម សីហនុ និង​រាជរដ្ឋាភិបាល​នៅ​ពេល​នោះ ដឹកនាំ​ដោយ​សម្តេច ប៉ែន នុត​។ ប៉ុន្តែ​កម្លាំងប្រដាប់អាវុធ អង្គការ​ចាត់តាំង​ខាង​យោធា​មិនទាន់មាន​ទេ។ ឯការ សង្គ្រោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បាន​កាប់សម្លាប់​ប្រជាជន​រាប់លាន​នាក់ គឺ​កងកម្លាំងប្រដាប់អាវុធ​បាន​កើត​មុន​អង្គការ​ចាត់តាំង​ខាង​នយោបាយ​ហើយ​ដែល​អង្គការ​ចាត់តាំង​ខាង​យោធា​នោះ គឺ​មាន​រូប​សម្តេច​នេះឯង ដែល​ដឹកនាំ​កងទ័ព​រៀបរយ​នេះ។

​នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ពាំនាំ​សម្រាប់​សិស្សានុសិស្ស ចំនួន ២៣៧ នាក់ ក្នុង​ម្នាក់ៗ​សៀវភៅ ២ ក្បាល ប៊ិច ១ ដើម និង​ថវិកា ១ ម៉ឺន​រៀល។ សម្រាប់​លោកគ្រូ អ្នកគ្រូ ចំនួន ៥ នាក់ ក្នុង​ម្នាក់ៗ ថវិកា​ចំនួន ៥ ម៉ឺន​រៀល ប៉ុន្តែ​សម្រាប់​លោកគ្រូ អ្នកគ្រូ សម្តេច​សុំ​ឧបត្ថម្ភ​ដោយឡែក​មួយទៀត ក្នុង​ម្នាក់ៗ ជូន ៥០ ម៉ឺន​រៀល បន្ថែម​ទៀត ដើម្បី​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ប្រឹងប្រែង​។ គ្រប់​ក្រុម​គ្រួសារ​ទាំងអស់​ដែល​នៅ​ទី​នេះ គឺ​បាន​ដាក់​ជូន​នៅ​ខាង​មុខ​ហើយ អង្ករ ៥០ គីឡូ​, មី ៤ កេស​, ត្រីខ ១ កេស ហើយ​១ កេស​ហ្នឹង​មាន ១០០ កំប៉ុង​ឯណោះ មី ៤ កេស ក្នុង ១ កេស ៣០ កញ្ចប់​។ ប៊ីចេង​មួយ​គីឡូក្រាម ស្ករស ១០ គីឡូក្រាម ទឹកស៊ីអ៊ីវ ៦ ដប ទឹកត្រី ៦ ដប ឃី​ត​មួយ ដែល​ក្នុង​ឃី​ត​នោះ​មាន​សារុង ក្រមា មុង និង​ភួយ ហើយ​ថវិកា​សូម​ជូន ៥០ ម៉ឺន​រៀល​/​គ្រួសារ​។

ត​មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​គោលដៅ​ទី​២ ដែល​ជា​ចំណុច​ត្រូវ​ឆ្លង​ព្រំដែន​ទៅកាន់​ប្រទេស​វៀតណាម​ដែល​មាន​ចម្ងាយ​ប្រមាណ​១៤ គីឡូម៉ែត្រ​ពី​ភូមិ​កោះ​ថ្ម តែ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​គឺមាន​ចម្ងាយ​ប្រមាណ​ជិត ១០ គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ ចំណុច​ប្រវត្តិសាស្ត្រ​ទី ២ នេះ នៅត្រង់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ក្រោម​ដើម​ត្រ​យឹ​ង​មួយ​ដើម និង មាន​រាន​ទេវតា​ថ្មី​មួយ​ទើប​រៀបចំ និង មាន​ខ្ចុះ​ធ្វើ​ពី​ថ្ម​ប្រក់​ក្បឿង​នៅក្បែរនោះ។

បន្ទាប់ពី​បាន​អញ្ជើញ​អុច​ធូប​សុំ​សេចក្តី​សុខ​នៅ​ទី​នេះ​រួចហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​រៀប​រាល់​ដោយ​ទឹកភ្នែក​ពី​រឿងរ៉ាវ​ដ៏​ឈឺចាប់​នៅ​ទី​នេះ។ សម្តេច​តេ​ជោ​បាន​ថ្លែងថា ចំណុច​នេះ​ហើយ​ជា​កន្លែង​ឈឺចាប់​បំផុត​នៃ​ការ​ចាកចេញ​ពី​ស្រុកកំណើត ជាទី​កន្លែង​ដែល​សម្តេច​ងាក​បែរ​ក្រោយ ដោយ​ក្នុង​ចិត្ត​គិត​ថា អាយុ ១៣ ឆ្នាំ បែក​ពី​គ្រួសារ​ដោយ​អត់​សាលារៀន , អាយុ​២៥ ឆ្នាំ បាន​បែក​ពី​ប្រទេសជាតិ ពី​ស្រុកកំណើត នេះ​ជា​ការ​ងាក​ថយក្រោយ​ដ៏​ឈឺចាប់​បំផុត។

នៅត្រង់​ចំណុច​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវ​ស្លាប់​នៅ​ពេល​ឆ្លង​ព្រំដែន កម្ពុជា​-​វៀតណាម ដោយ​គេ​បាញ់សម្លាប់ ឬ ស្លាប់​ដោយ​ការ​ជាន់​មីន​? តើ​អាច​ត្រូវ​ជាប់គុក​ដោយសារ​ការ​ឆ្លងដែន​ខុសច្បាប់​ឬទេ​? តើ​វៀតណាម​ជឿ​ហើយ​សុខចិត្ត​ជួយ​ក្នុងការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ឬទេ ក្នុងពេលដែល​វៀតណាម​កំពុង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ? សំណួរ​ចុងក្រោយ​តើ​វៀតណាម​អាច​ចាប់​បញ្ជូន​មក​ឲ្យ​ប៉ុល ពត​វិញ​ឬទេ​?

សម្តេច​បាន​បន្ត​ថា សម្តេច​បាន​ត្រៀម​ម្ជុល​ចំនួន ១២ ដើម​ដើម្បី​ទុក​ធ្វើ​អត្តឃាត នៅ​ពេល​ដែល​កងទ័ព​វៀតណាម​មិន​ជឿ​ហើយ បញ្ជូន​សម្តេច​ត្រឡប់មក​ឲ្យ​ប៉ុល​ពត​វិញ គឺ​សម្តេច​សុខចិត្ត​ធ្វើអត្តឃាត ដោយ​មិន​ឲ្យ​ប៉ុលពត​សម្លាប់​សម្តេច បានឡើយ។

ការ​ចាក​ចេញ​នេះ ជា​ការ​ចាកចេញ​ដោយ​ការឈឺចាប់ តែ​មោះមុត​ចោល​ទឹកដី​កំណើត ចោល​ភរិយា ដែលមាន​ផ្ទៃពោះ​៥​ខែ។ សម្តេច​តេ​ជោ​ពិតជា​មានការ​លំបាក​ខាង​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​ដោយ​គិតដល់​ផលវិបាក​អាច​កើតមាន​ចំពោះ​ភរិយា​ដែល​កំពុង​ស្ថិតនៅក្នុង​ក្រញាំ​ឃោរឃៅ​របស់​របប​ប្រល័យពូជសាសន៍​ប៉ុល ពត នៅឡើយ។

បន្ទាប់ពី​បាន​ថ្លែង​អស់​រយៈពេល​ជាង ១ ម៉ោង​រួចមក សម្តេច​តេ​ជោ ហ៊ុន សែន ដែល​អមដំណើរ​ដោយ​នាយទាហាន និង ក្រុម​ប្រតិភូ​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ពី​ព្រំប្រទល់​កម្ពុជា​ត្រង់​ចំណុចដើម​ត្រ​យឹ​ង ឆ្លង​ចូល​ព្រំប្រទល់​ប្រទេស​វៀតណាម​ដល់​ភូមិ ថា​ញ់ តី ឃុំ​ឡុ​ក​តឹ​ន ស្រុក​ឡុ​ក​និ​ញ ខេត្ត​ប៊ិ​ញ​ហ្វឿ​ក រួច​បន្តដំណើរ​ដោយ​រថយន្ត​មក​ចំណុច​ប្រវត្តិសាស្ត្រ​ទី​៣ ជា​បន្តទៀត​។

បន្ទាប់ពី​ធ្វើដំណើរ​ចាកចេញ​ព្រំដែន​កម្ពុជា​-​វៀតណាម​ទៅកាន់​ចំណុច​ប្រវត្តិសាស្ត្រ​ទី​៣​ដោយ​រថយន្ត​ក្នុង​ចម្ងាយ ១៦ គីឡូម៉ែត្រ តែ​ក្នុង​សម័យ​នោះ​សម្តេច​តេ​ជោ​ធ្វើដំណើរ​តាម​ផ្លូវ​កាត់​ក្នុង​ចម្ងាយ ៦ គីឡូ ម៉ែត្រ គឺ​បាន​មកដល់​ស្រុក​ឡុ​ក​និ​ញ ខេត្ត ប៊ិ​ញ​ហ្វឿ​ក ប្រទេស​វៀតណាម។ ចំណុច​នេះ​ជាទី​តាំង​ដែល​សម្ដេច​តេ​ជោ​បាន​លាក់​អាវុធ។ សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រុម​ប្រតិភូ​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារ​ប្រទេស ក្រសួង​នគរបាល ក្រសួងការបរទេស ខុទ្ទកាល័យ​រដ្ឋាភិបាល គណបក្ស​ខេត្ត និង គណៈកម្មាធិការ​ប្រជាជន​ខេត្ត​ប៊ិ​ញ ហ្វឿ​ក ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ​បាន​រៀបរាប់​ពី​ស្ថានភាព​នា​គ្រានោះ​ថា ក្រោយពី​ធ្វើដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម​បាន​ប្រមាណ​ជិត ៦ គីឡូម៉ែត្រ វេលា​ម៉ោង ១១និង០០នាទី ជិត​ថ្ងៃត្រង់​ក្រុម​របស់​សម្តេច​បាន​ទៅ​ជួប​ផ្លូវលំ​មួយ​ក្រាល​គ្រួស​ក្រហម​ក៏បាន​សម្រេច​លាក់​អាវុធ រួច​រៀបចំ​ដាំ​បបរ​ដោយ​អង្ករ ដែល​នៅសល់​ក្នុង​ទៃ​បន្តិចបន្តួច រួច​បន្ត​ដំណើរ​តាម​ផ្លូវ​ថ្នល់​ទៅ​រក​ជួប​កងទ័ព​វៀតណាម​និង​ប្រជាជន​វៀតណាម។ ការ​លាក់​អាវុធ​នៅទី​នេះ​គឺជា​ការគិតគូរ​ដ៏​ឈ្លាសវៃ​មួយ​ពីព្រោះ​កងទ័ព​វៀតណាម​ឲ្យ​តែ​ឃើញ​មាន​មនុស្ស​កាន់​អាវុ​ធ​ឆ្លងដែន​គឺ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ឬ​កងឈ្លប​អាច​នឹង​ផ្ទុះ​អាវុធ​ភ្លាម ជីវិត​របស់​សម្តេច​តេ​ជោ​និង ក្រុម​យុទ្ធ​មិត្ត​មិនអាច​ធានា​បានឡើយ។

បន្ទាប់ពី​បាន​ពិនិត្យមើល​ទីតាំង​លាក់​អាវុធ​រួចរាល់​ហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង ប្រតិភូ​អមដំណើរ​បាន​បន្ត​ទៅកាន់​គោលដៅ​ប្រវត្តិសាស្ត្រ​ទី​៤ ដែល​មាន​ចម្ងាយ​ប្រមាណ ៧៥០ ម៉ែត្រ ដើម្បី​មក​ជួប​សំណេះសំណាល​ជាមួយ​សាក្សី​ដឹងឮ​ចំនួន​ពីរ​រូប​ដែល​កាលនោះ​ជា​កម្មករ​ចំការ​កៅស៊ូ​នៅ​ភូមិ​ហ័​រលី សាក្សី ២​នាក់​នោះ មានឈ្មោះ ង្វៀន វ៉ាន់​ហ៊ុ​ង និង យឿ​ង វ៉ាន់​ថឺ​ក។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​ស្ថានភាព​នា​គ្រានោះ​ថា នៅ​វេលា​ម៉ោង ១៤និង០០​នាទី​ ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​និង​ក្រុម​យុទ្ធ​មិត្ត​បាន​ដើរ​ទៅ​ដល់​ភូមិ​វៀតណាម​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​ពេលនោះ​ប្រទះ​នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម​ដែល​កំពុង​ធ្វើ​ដំណើរ​សម្តេច​តេ​ជោ​ក៏បាន​ដើរ​សំដៅ​កម្មករ​នោះ ហើយ​ក្រុម​កម្មករ​ក៏បាន​ឲ្យ​ក្រុម​សម្តេច​រង់ចាំ​នៅ​ទីនោះ​សិន។ បន្ទាប់មក​កម្ម​ករបា​ន​នាំ​កម្លាំង​ស្វ័យ​ការពារ​វៀតណាម​មកដល់​ដោយមាន​អាវុធ​មក​ជា​មួយ​ផង។ ដំបូង​វៀតណាម​សង្ស័យ​ទៅលើ​ក្រុម​សម្តេច​ទាំង​ប្រាំ​នាក់​នេះ ថា​ជា​ក្រុម​វាយឆ្មក់ ឬ ក្រុម​ចារកម្ម​របស់ ប៉ុល ពត ហើយ​បាន​ធ្វើ​ការសាកសួរ។

ថ្ងៃនេះ​សម្តេច​ក៏បាន​ជួប​ពួកគាត់​ទាំងពីរ​នាក់ និង រំលឹក​ពី​អនុស្សាវរីយ៍​ទាំងអស់​នោះ​ផងដែរ។ដោយ​ធ្វើដំណើរ​ចម្ងាយ ៣,៤ គីឡូម៉ែត្រ ពី​ចំណុច​ប្រវត្តិសាស្ត្រ​ទី ៤ និង ទី​៥ សម្តេច​តេ​ជោ ហ៊ុន សែន និង ក្រុម​ប្រតិភូ​បាន​មក​ដល់​ដល់​សារមន្ទីរ​អនុស្សាវរីយ៍​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ក្នុង​ទឹកដី​នៃ​ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ផ្ទាំង​សិលា​ចារិក និង​ដាំ​ដើមឈើ​ទុកជា​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​វៀ​ត​ណា​ម​ក្នុង​បរិយាកាស​មិត្តភាព និង សាមគ្គីភាព។

ក្នុង​ឱកាស​នេះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ ប្រជាជន ខេត្ត​ប៊ិ​ញ​ភៀ​ង និង សាក្សី​ដឹងឮ​ប្រវត្តិសាស្ត្រ និង អតីត​យុទ្ធជន​ប្រចាំការ​នៅ​សារមន្ទីរ​អនុស្សាវរីយ៍​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​អរគុណ​ចំពោះ​កងទ័ព​វៀតណាម​និង ប្រជាជន​វៀតណាម​នៅ​ទីនោះ​ដែល​បាន​ទទួល​បាយ​ជា​លើកដំបូង​សម្រាប់​សម្តេច​និង​យុទ្ធ​មិត្ត​៤ រូប​ទៀត​គឺ​ពិត​ជា​មាន​អត្ថន័យ​ខ្លាំងណាស់​បន្ទាប់ពី​ការ​រត់​គេចខ្លួន​។ នៅ​ទីនោះ​ជា​លើកដំបូង​ដែល​សម្តេច​បាន​ជួប​អ្នកមុខអ្នកការ​របស់​វៀតណាម។

ពេលនោះ ​ទោះបី​អត្តសញ្ញាណ​របស់​សម្តេច​មិនទាន់​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ក៏ដោយ តែ​កងទ័ព​វៀតណាម ប្រជាជន​វៀតណាម​ពុំបាន​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ណាមួយ​មក​លើ​សម្តេច​និង យុទ្ធ​មិត្ត​ទាំង​៤​រូប​ឡើយ។

សម្តេច​បន្ត​ថា វា​ជា​ការ​គិត​ខុស​របស់​សម្តេច​មុន​ពេល​ចូល​ភូមិ ហើយ​បាន​ប្រាប់​ថា ​ពេល​ភាគី​វៀតណាម​ចាប់ចង​ឬ​ដាក់​ខ្នោះ​សូម​ឲ្យ​គេ​ចាប់​តាម​សម្រួល​ទៅ។ សម្រាប់​សម្តេច​នាឡិកា​ម៉ាក​ទី​តូ​នី មួយ​គ្រឿង​នៅ​នឹង​ដៃ​សម្តេច​គិត​ថា ​វៀតណាម​និង​ដោះ​យក​ហើយ តែ​នាឡិកា​នេះ​បាន​ពាក់​វា រហូតដល់​រំដោះ​ប្រទេស ​និង​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​ទៀត។ នៅ​ទី​នេះ​ហើយ​ជាទី​តាំង​ដែល​កងទ័ព​វៀតណាម​ចាប់ផ្តើម​សួរចម្លើយ​សម្តេច និង ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត GMC ទៅ​ស្រុក​ឡុ​ក​និ​ញ ដើម្បី​សួរនាំ​បន្តទៀត នៅ​ម៉ោង ៥និង១៥ នាទី។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ចំពោះ​បក្ស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​ដែល​បាន​ទទួល​ស្គាល់​នូវ​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ​មួយ​នេះ​ពាក់ព័ន្ធ​ទៅ​ការ​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យ ពូជសាសន៍ ប៉ុល ពត។ សម្តេច​ក៏បាន​អរគុណ​ចំពោះ​ក្រុមហ៊ុន​វៀត​តែ​ល​ដែល​បាន​ជួយ​ចេញ​ការចំណាយ សាងសង់​សារៈមន្ទីរ​មួយ​នេះ។

សម្តេច​បាន​បន្ត​ថា ​អ្នកណា ចង់​ថា​អ្វី​ក៏​ថា​ទៅ តែ​នេះ​ជាការ​ពិត បើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​បក្ស រដ្ឋាភិបាល​និង​កងទ័ព​វៀតណាម តើ​ខ្ញុំ​អាច​កសាង​កងទ័ព​នៅលើ​ទឹកដី​វៀតណាម​បានទេ។ សូមកុំ​បន្ទោស ហ៊ុន សែន ព្រោះ ហ៊ុន សែន ធ្វើ​ក្រោម​ហេតុផល​ស្នេហា​ជាតិ ដូចនេះ ហ៊ុន សែន កាន់តែ​លែង​ខុស​ហើយ ខណៈ​ពេលដែល​បច្ចុប្បន្ន​មាន​ខ្មែរ​ខ្លះ​ទៅ​ពឹង​បរទេស​កុំ​ឲ្យ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ក្នុងពេលដែល កម្ពុជា​កំពុង​កសាង​ប្រទេស គេ​បាន​បំភ្លេច​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ឈឺចាប់។

បន្ទាប់ពី​សំណេះសំណាល​រួចហើយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ពិសា​បាយ​សាមគ្គី ជាមួយ​បងប្អូន​វៀតណាម និង បាន​បន្ត​ដំណើរ​តាម​រថយន្ត GMC ឆ្ពោះទៅ​កាន់​ស្រុក​ឡុ​ក​និ​ញ​និង​បាន​ស្នាក់ ខេត្ត​ប៊ិ​ញ​ធឿ​ង រយៈពេល​មួយ​យប់​ផង​ដែរ នៅ​ទីនោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ផងដែរ។

នេះ​ជា​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដែល​កប់​បាត់​អស់​រយៈពេល ៤០ ឆ្នាំ ប្រសិនជា​មិន​មាន​ការសិក្សា​ស្រាវជ្រាវ​ចងក្រង​ទេ ប្រជាពលរដ្ឋ​ខ្មែរ​ពិសេស​យុវជន យុវតី ជំនាន់​ក្រោយ​ប្រាកដជា​មិនបាន​ដឹង​ថា តើ​ចលនា​រំដោះ​ជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កើតចេញពី​ចំណុច​ណា ហើយ​អ្នកណា​ជា​អ្នក​ចាប់​ផ្តើម កសាង​កម្លាំង​ទ័ព​រៀបរយ​ដើម្បី​រំដោះ​ប្រទេសជាតិ​នោះ៕

            



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114