BREAKING NEWS
Search

ឃីម ​បូរ៉ា ​អាច​យកឈ្នះ ​Phat Num Noeng បាន​ឬ​អត់ ?

•​ ​សារឿន ច័ន្ទ ជួប ថា សារុន​ ​
​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ​ឃីម បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន ​Alexand របស់​ SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​២៥​ ខែមិថុនា ឆ្នាំ​២០១៧ នេះ ។​

ឃីម បូរ៉ា គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ ​Phat Num Noeng ដោយ​ប្រកួត​ក្នុង​ទម្ងន់​ ៦០ គីឡូ ក្រាម​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន ​STV​នេះ​ទេ​កន្លងមក។
Phat Num Noeng នេះ មានកំនត់​ត្រា​ប្រកួត​ ៦៥​លើក ដោយ​វាយ​ឈ្នះ​៥៣​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ។ អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ចេញ​រហ័ស ហើយ​រឹងមាំ​ថែមទៀត មិន​ងាយ​នឹង​ផ្តួល​នោះឡើយ ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត។​



ឃីម បូរ៉ា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​បាន​ប្រមាណ​ជាង ​១០​លើក​ហើយ ដោយ​វាយ​ឈ្នះ​ពិន្ទុ​ ៥​លើក ចាញ់​៥​លើក​ និង​ស្មើ​០៣​លើក។​ បូរ៉ា ក្នុង​ប្រវត្តិ​ប្រកួត​ចំនួន​ ៩៥​លើក គេ​វាយ​ឈ្នះ ​៧៥​លើក ចាញ់​ ១៧​លើក និង​ស្មើ​០៣​លើក។ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ឈ្នះ​ថៃ​ FaMechhai ដោយ​ពិន្ទុ (១៩​-ឧសភា​-២០១៧)​។​

ទោះជា​យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ Phat Num Noeng លើក​នេះ មិនដឹងថា ឃីម បូរ៉ា អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ?​។​

សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​សម្រែក​រាជសីហ៍ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថា សារុន ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​រូបនេះ ធ្លាប់​ជួបគ្នា​ម្តងគត់​កាលពី​ក្នុង​ឆ្នាំ​២០១៤​កន្លងមក។​ កាលណោះ សារុន វាយ​ចាញ់​ សារឿន ច័ន្ទ ក្នុង​ទឹក​ទី​២ ។

​ថា សារុន ឬ​ផាន សារុន ក្លិប​សម្រែក​រាជសីហ៍​នេះ ពី​មុនគេ​មានឈ្មោះ​ល្បី​គួរសម​ដែរ ប៉ុន្តែ​កាល​មុន​នោះ​អ្នក​ប្រដាល់​ទាំងពីរ គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា ទើប​ពុំដែល​ប៉ះគ្នា​នោះ។ សារុន បាន​បាត់​មុខ​ពីស​ង្វៀន​រាប់​កាលពី​ចុងឆ្នាំ​២០១៥ ហើយ​បាន​វិល​មក​សង្វៀន​វិញ​នៅ​ដើមឆ្នាំ​២០១៦​នេះ​ទេ។ ការ​ត្រឡប់មកវិញ​នេះ សារុន​ប្រកួត​ចាញ់​សឹងតែ​គ្រប់ការ​ប្រកួត។​

សារុន មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​សារឿន ច័ន្ទ​ដែរ តែ​ប្រវត្តិ​ប្រកួត​របស់គេ គឺ​តិចជាង​សារឿន ច័ន្ទ ប្រមាណ​ ២០​លើក​។ ថា សារុន ប្រកួត​បាន​ចំនួន ​៦១​លើក ដោយ​ឈ្នះ​ ៥០​លើក ចាញ់​០៩​លើក និង​ស្មើ ០២​លើក ខ​ណៈ​ដែល​សារឿន ច័ន្ទ​អ្នក​ប្រដាល់​កម្ពុជា​យើង​ប្រកួត​បាន​ចំនួន​ ៨៦​លើក ឈ្នះ​ ៧១​ដង ចាញ់​ ១៣​លើក និង​ស្មើ​០២​លើក។​
​ ​
សារឿន ច័ន្ទ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ ២៧​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​ដោយ​ពិន្ទុ​៧​លើក និង​វាយ​សន្លប់​៧​លើក ហើយ​ចាញ់​ថៃ​១៣​លើក។​ ការប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ សារឿន ច័ន្ទ​វាយ​ចាញ់ Thong Morn ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​៣១​ខែកក្កដា ឆ្នាំ២០១៤ ។

ជា​អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សារឿន ច័ន្ទ វាយ​មិន​ញញើត​អ្នក​ប្រដាល់​ថៃ​នោះឡើយ​។ ចាំមើល តើ​សារឿន ច័ន្ទ អាច​យកឈ្នះ​ថា សារុន បាន​ឬ​អត់ ? ។​

សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។ ពួកគេ​មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក​។​

​ជាការ​ពិបាក​សម្រាប់​ម៉ឺន ដា ក្នុងការ​យកឈ្នះ​លើ​សៀវ ង៉ុ​យ ដោយសារតែ​សៀវ ង៉ុ​យ គេ​មាន​ថ្វី​កែង ជង្គង់ និង​កែង​ល្អ និង​ស៊ូ​ចំពោះ​ការប្រកួត​ថែមទៀត​។​

ម៉ឺន ដា មាន​កណ្តាប់ដៃ និង​ជើង​ទាត់​ខ្លាំង ជង្គង់​ក៏​ល្អ​ដែរ។ ជាមួយ​នឹងមាន​ស្នៀត​ប្រដាល់​ល្អ ម៉ឺន ដា គេ​ហ៊ាន​ថែមទៀត នៅពេលដែល​គេ​ដឹងខ្លួន​ចាញ់​ប្រៀប​គូប្រកួត​នោះ ម៉ឺន​ដា រឹតតែ​ហ៊ាន​ប្តូរ​មិន​ខ្លាចញញើត​នោះឡើយ។

សៀវ ង៉ុ​យ គេ​ខ្លាំង​ និង​ល្អ​កែង ​និង​ជង្គង់។ ក្នុង​ខ​ណៈ​ដែល​គេ​ខ្ពស់​ស្រាប់​នោះ ង៉ុ​យ គេ​ពូកែ​ធាក់​ និង​ពូកែ​ជង្គង់ ប៉ុន្តែ​គេ​អាច​ចាញ់​កម្លាំង​របស់​ម៉ឺន ដា និង​ចាញ់កល​ល្បិច​ប្រកួត​។​

ប៉ុន្តែ​យ៉ាងណា ម៉ឺន ដា ក៏​ពិបាកធ្វើ​សៀវ ង៉ុ​យ​ដែរ ប្រសិនបើ​ង៉ុ​យ​គេ​រឹងមាំ​បន្តិច និង វាយ​ប្រយោល​មិន​ចូល​កៀក​នោះ គឺ​ម៉ឺន​ដា យ៉ាប់​ជាមួយ​ស្នៀត​ជើង​ទាត់ និង​ជង្គង់​របស់​ង៉ុ​យ​ហើយ។ ដូច្នេះ ចាំមើល​រវាង​ពីរ​នាក់​នេះ​ជួបគ្នា តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។​

ការប្រកួត​ចុងក្រោយ​របស់​សៀវ ង៉ុ​យ គឺ​វាយ​ឈ្នះ​រ៉ែ​ម រាជ​អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប ដោយ​ពិន្ទុ ឯ​ការប្រកួត​ចុងក្រោយ​របស់​ម៉ឺន​ដា វិញ គឺ​វាយ​ចាញ់​សូត្រ​ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684